COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន IOC៖ អូឡាំពិក​ក្រុង​តូ​ក្យូ​នឹងត្រូវ​លុបចោល បើ​មិន​អាចធ្វើ​នៅ​ឆ្នាំ​២០២១
21, May 2020 , 10:59 pm        
រូបភាព
​លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) អះអាងថា​ កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ នឹងត្រូវ​លុបចោល​តែម្តង​ ប្រសិនបើ​ព្រឹត្តិការណ៍​នេះ​មិនអាច​ធ្វើ​នៅ​ឆ្នាំក្រោយ​បានទេ​នោះ​។ នេះ​មានន័យថា កីឡា​អូឡាំពិក​នឹង​គ្មាន​ការពន្យារពេល​ជា​លើក​ទី​ពីរ ដោយសារតែ​វិបត្តិ COVID-19 ឡើយ​។​


​កាលពី​ខែមីនា IOC និង​រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​គ្នា​ពន្យារពេល​ការប្រកួត​កីឡា​អូឡាំពិក​នេះ​រយៈពេល​មួយឆ្នាំ ព្រោះ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត COVID-19​។ ដោយសារ​ការពន្យារពេល​នេះ បានធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ជប៉ុន​ខាតបង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ឯណោះ​។​
 
​ទោះយ៉ាងណា នាយករដ្ឋមន្ត្រី​ជប៉ុន​ស៊ីន​ហ្សូ អា​បេ​បាន​និយាយ​ហើយ​ថា​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​នេះ នឹង​មិនអាច​កើតឡើង​នៅ​ឆ្នាំ ២០២១ ឡើយ លុះត្រាតែ COVID-19 រលាយ​ពី​ពិភពលោក​ទៅ​។ ការអះអាង​ខាងលើនេះ លោក Bach ថា​ដោយសា​លោក​អា​បេ​បាន​យល់​ពី​ជំហរ​របស់លោក​រួចហើយ​។​
 
​លោក Bach បាន​ប្រាប់ BBC ថា​៖« និយាយ​ដោយ​ត្រង់​ទៅ​ខ្ញុំ​មានការ​យល់ដឹង​ខ្លះៗ​ពី​បញ្ហា​នេះ​ពីព្រោះ​អ្នក​មិនអាច​ជួល​បុគ្គលិក ៣០០០ ឬ ៥០០០ នាក់​ជា​រៀងរហូត​ក្នុង​គណៈកម្មាធិការ​រៀប​ចំ​កីឡា​នេះឡើយ​។ អ្នក​មិនអាច​ផ្លាស់ប្តូរ​កាលវិភាគ​កីឡា​ទាំងមូល​នៅ​ទូទាំង​ពិភពលោក​រាល់​ឆ្នាំ​ទាំងអស់​បាន​នោះទេ​។ ហើយ​អ្នក​ក៏​មិន​អាចមាន​អត្ត​ព​លិ​ក​ស្ថិតក្នុង​ភាពមិនប្រាកដប្រជា​ដើម្បី​ចូលរួម​ប្រកួត​នោះដែរ​»​។​
 
​លោក Bach បន្ថែមថា បើទោះបី​យ៉ាងណាក៏ដោយ IOC ប្តេជ្ញាចិត្ត​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២០ នៅ​ឆ្នាំ​២០២១​ឲ្យ​បាន ទោះជា​ត្រូវ​រៀបចំ​ក្នុង​កាលៈទេសៈ​លំបាក ឬក៏​តម្រូវ​ឲ្យ​អត្ត​ព​លិ​ក​ត្រូវ​នៅ​ដាច់ដោយឡែក​ពីគ្នា​ក៏ដោយ ប៉ុន្តែ​ដាច់ខាត​មិនអាច​ពន្យារពេល​ទៀត​នោះទេ​។​
 
​ជុំវិញ​លទ្ធភាព​ក្នុងការ​លុប ឬ​បន្ត​កម្មវិធី​កីឡា​លំដាប់​ពិភពលោក ប្រធាន IOC សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​មិន​ហ៊ាន​ធានា​នោះទេ ប្រសិនបើ​វ៉ាក់សាំង​សម្រាប់​ជំងឺ COVID-19 មិនទាន់បាន​រកឃើញ​នៅមុន​ព្រឹត្តិការណ៍​ឆ្នាំក្រោយ​ដែល​គ្រោង​នឹង​ដំណើរការ​ពីថ្ងៃ​ទី​២៣ ខែកក្កដា​ដល់​ថ្ងៃទី​៨ ខែសីហា​នោះ​៕
 

Tag:
 IOC
  COVID-19
  Thomas Bach
© រក្សាសិទ្ធិដោយ thmeythmey.com