ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! គន្លឹះ​ងាយៗ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​
23, May 2020 , 6:59 am        
រូបភាព
​មហារីក​មាត់ស្បូន​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​អាច​ឆាប​យកអាយុ​ជីវិត​មនុស្ស​ស្រី​បាន​ទៅ​យ៉ាង​ងាយ​។ ទោះជា​យ៉ាងណា​អ្នក​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ​បាន​ដោយ​គ្រាន់តែ​អនុវត្តតាម​គន្លឹះ​មួយចំនួន​។ ថា​តើ​គន្លឹះ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​មួយចំនួន​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន ៖

 
១. ឈប់​ជក់បារី​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការផ្ដាច់​បារី​អាចជួយ​ទប់ស្កាត់​ជំងឺ​បេះដូង​និង​ជំងឺ​សួត​។ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹងថា​ការឈប់​ជក់បារី​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​ផងដែរ​។ នេះ​ក៏​ព្រោះតែ​បារី​មាន​ផ្ទុក​សារធាតុ​បង្ក​ជំងឺមហារីក​រាប់ពាន់​ប្រភេទ​។​
 
២. មាន​របប​អាហារ​សុខភាព​ល្អ​
 
​របប​អាហារ​សុខភាព​ល្អ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​បន្លែ​និង​ផ្លែឈើ​ស្រស់ៗ​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​។ នេះហើយ​ជា​មូលហេតុ​ដែល​ការរក្សាបាន​នូវ​របប​អាហារ​សុខភាព​ល្អ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​។ របប​អាហារ​សុខភាព​ល្អ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
៣. រក្សា​ទម្ងន់​ត្រឹមត្រូវ​មួយ​
 
​ភាពធាត់​ជ្រុល​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន​គួរឱ្យ​ព្រួយបារម្ភ​។ ជាតិ​ខ្លាញ់​ច្រើន​លើស​ក្នុង​រាងកាយ​អាច​បង្ក​ការផលិត​អ័រម៉ូន​មួយចំនួន​ដែល​ជះ​ផលប៉ះពាល់​កោសិកា​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​។​
 
៤. ចាក់​វ៉ា​ក់​ស៊ាំ​ង​ការពារ​វីរុស HPV
 
​វិធី​ដ៏​ងាយ​និង​ប្រសើរ​បំផុត​មួយ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់ស្បូន គឺ​ការចាក់​វ៉ា​ក់​ស៊ាំ​ង​ការពារ​វីរុស HPV​។ គួរបញ្ជាក់​ផងដែរ​ថា HPV ជា​ប្រភេទ​នៃ​មេរោគ​ម្យ៉ាង​បង្កឱ្យមាន​ជំងឺមហារីក​មាត់ស្បូន​។​
 
៥. ប្រើប្រាស់​ស្រោមអនាម័យ​ពេល​រួមភេទ​
 
​វី​ធី​ដ៏​ងាយ​ម្យ៉ាងទៀត​ដើម្បី​ទប់ស្កាត់​មេរោគ HPV គឺ​តាមរយៈ​ការប្រើប្រាស់​ស្រោមអនាម័យ​ពេល​រួមភេទ​ជាមួយ​នរណាម្នាក់​ដែល​អាចមាន​ផ្ទុកមេរោគ​ប្រភេទ​នេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com