មហារីកមាត់ស្បូនជាជំងឺដ៏កាចសាហាវមួយដែលអាចឆាបយកអាយុជីវិតមនុស្សស្រីបានទៅយ៉ាងងាយ។ ទោះជាយ៉ាងណាអ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺនេះបានដោយគ្រាន់តែអនុវត្តតាមគន្លឹះមួយចំនួន។ ថាតើគន្លឹះទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះមួយចំនួនជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ស្បូន ៖
១. ឈប់ជក់បារី
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការផ្ដាច់បារីអាចជួយទប់ស្កាត់ជំងឺបេះដូងនិងជំងឺសួត។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាការឈប់ជក់បារីក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ស្បូនផងដែរ។ នេះក៏ព្រោះតែបារីមានផ្ទុកសារធាតុបង្កជំងឺមហារីករាប់ពាន់ប្រភេទ។
២. មានរបបអាហារសុខភាពល្អ
របបអាហារសុខភាពល្អដែលមានផ្ទុកសម្បូរទៅដោយបន្លែនិងផ្លែឈើស្រស់ៗអាចផ្ដល់ឱ្យរាងកាយនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ នេះហើយជាមូលហេតុដែលការរក្សាបាននូវរបបអាហារសុខភាពល្អជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ស្បូន។ របបអាហារសុខភាពល្អក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរផងដែរ។
៣. រក្សាទម្ងន់ត្រឹមត្រូវមួយ
ភាពធាត់ជ្រុលក៏បង្កើនហានិភ័យនៃជំងឺមហារីកមាត់ស្បូនគួរឱ្យព្រួយបារម្ភ។ ជាតិខ្លាញ់ច្រើនលើសក្នុងរាងកាយអាចបង្កការផលិតអ័រម៉ូនមួយចំនួនដែលជះផលប៉ះពាល់កោសិកាបង្កើនហានិភ័យនៃជំងឺមហារីក។
៤. ចាក់វ៉ាក់ស៊ាំងការពារវីរុស HPV
វិធីដ៏ងាយនិងប្រសើរបំផុតមួយដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់ស្បូន គឺការចាក់វ៉ាក់ស៊ាំងការពារវីរុស HPV។ គួរបញ្ជាក់ផងដែរថា HPV ជាប្រភេទនៃមេរោគម្យ៉ាងបង្កឱ្យមានជំងឺមហារីកមាត់ស្បូន។
៥. ប្រើប្រាស់ស្រោមអនាម័យពេលរួមភេទ
វីធីដ៏ងាយម្យ៉ាងទៀតដើម្បីទប់ស្កាត់មេរោគ HPV គឺតាមរយៈការប្រើប្រាស់ស្រោមអនាម័យពេលរួមភេទជាមួយនរណាម្នាក់ដែលអាចមានផ្ទុកមេរោគប្រភេទនេះ៕
ត្រួតពិនិត្យដោយ www.health.com.kh