អន្តរជាតិ
អង្គការ ILO ថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវ​ជ្រើសរើស​រវាង​ការ​ដាច់ពោះ​ស្លាប់ ឬ​ការ​ប្រឈម​ឆ្លង​ជំងឺ​កូ​វីដ​១៩
22, May 2020 , 1:39 pm        
រូបភាព
រូបឯកសារ៖ កម្មករចំណាកស្រុកនិងសមាជិកគ្រួសារ រងចាំធ្វើដំណើរតាមរថភ្លើងដើម្បីទៅផ្ទះរបស់ពួកគេវិញ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបិទដំណើរការក្នុងប្រទេស ខេត្ត Ahmedabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ កម្មករចំណាកស្រុកនិងសមាជិកគ្រួសារ រងចាំធ្វើដំណើរតាមរថភ្លើងដើម្បីទៅផ្ទះរបស់ពួកគេវិញ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបិទដំណើរការក្នុងប្រទេស ខេត្ត Ahmedabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។
ដោយ: VOA
​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ៖ អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ព្រមាន​ថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រាប់លាន​នាក់ នឹងត្រូវ​ជ្រើសរើស​ថា តើ​គួរ​ទៅធ្វើ​ការដែល​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ឬក៏​មិន​ទៅធ្វើ​ការ ហើយ​ប្រឈម​នឹង​ការ​គ្មាន​ម្ហូបអាហារ​បរិភោគ​។​

 
​សេដ្ឋវិទូ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​ហៅ​កាត់​ថា ILO បាន​ព្រមាន​ថា វិធាន​ការបិទ​ប្រទេស​ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ នឹង​បង្កើន​ភាពក្រីក្រ​ក្នុងចំណោម​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ២ ពាន់​លាន​នាក់ នៅលើ​ពិភពលោក​។ ការងារ​បែប​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាននៅ​គ្រប់កន្លែង​ទាំងអស់​នៅលើ​ពិភពលោក ក៏ប៉ុន្តែ​មាន​ទូទៅ​ច្រើន​នៅក្នុង​បណ្ដា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​។​
 
​អង្គការ ILO បញ្ជាក់ថា អ្នក​ទាំងនោះ​អាច​ងាយ​រងគ្រោះ​ដោយសារ​ការ​បញ្ហា​រង្គោះរ​ង្គើ​ណាមួយ​ផ្នែក​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ដល់​ការងារ និង​ជីវភាព​រស់នៅ​របស់​ពួកគេ​។ អង្គការ​នេះ​និយាយថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ភាគច្រើន​រស់នៅក្នុង​ស្ថានភាព​អសន្តិសុខ​ខ្ពស់​។ ពួកគេ​គ្មាន​ការការពារ​ខាង​សង្គម​ណាមួយ​ទេ ហើយ​មិនមាន​ប្រាក់កាស​បម្រុង​ទុក​សម្រាប់​គ្រា​លំបាក​នោះឡើយ ប្រសិនបើ​ពួកគេ​គ្មាន​ការងារ​ធ្វើ​។​
 
​លោក Philippe Marcadent គឺជា​ប្រធាន​ផ្នែក​ទីផ្សារពលកម្ម ទំនាក់ទំនង​ពលកម្ម និង​លក្ខខណ្ឌ​ការងារ​ដែល​ហៅ​កាត់​ថា INWORK របស់​អង្គកា រ​ILO​។ លោក​និយាយថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ក្រីក្រ និង​ងាយ​រងគ្រោះ​រួចទៅហើយ​នៅក្នុង​ស្ថានការណ៍​ធម្មតា​នោះ នៅពេលនេះ ប្រឈម​នឹង​ហានិភ័យ​ថ្មីៗ ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូ​រ៉ូ​ណា​។​
 
​លោក Marcadent បាន​និយាយថា​៖ «​កាលពី​ចុងខែ​មេសា​កន្លងទៅនេះ យើង​បាន​ប៉ាន់ប្រមាណ​ថា វិធាន​ការបិទ​ប្រទេស​មាន​ផលប៉ះពាល់​ច្រើន​ក្រាស់ក្រែល​លើក​ម្មករ ១ ពាន់ ៦ រយ​លាន​នាក់ ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​...​សម្រាប់​មនុស្ស​ជាច្រើន ការគ្មានការងារធ្វើ​មានន័យថា​គ្មាន​ប្រាក់ចំណូល​»​។​
 
​របាយការណ៍​មួយ​របស់​អង្គការ ILO បាន​រកឃើញថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ទ្វីបអាមេរិក​ឡាទីន និង​នៅ​បណ្ដា​ប្រទេស​អារ៉ាប់ បាន​រងគ្រោះ​ខ្លាំង​បំផុត​ពី​ការបិទ​ប្រទេស ហើយ​បន្ទាប់មក គឺ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ទ្វីបអាហ្វ្រិក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទ្វីបអឺរ៉ុប និង​តំបន់​អាស៊ី​កណ្ដាល​។ ការជូនដំណឹង​មួយ​អំពី​របាយការណ៍​នេះ បង្ហាញថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ភាគច្រើន ដែល​គ្មាន​មធ្យោបាយ​ផ្សេងទៀត​ដើម្បី​ចិញ្ចឹមជីវិត ប្រឈម​នឹង​ស្ថានការណ៍​ពិបាក​សម្រេចចិត្តថា​តើ​អាច​ស្លាប់​ដោយសារ​ការអត់ឃ្លាន ឬក៏​ដោយសារ​វីរុស​កូ​រ៉ូ​ណា​។​
 
​លោក Marcadent និយាយថា មនុស្ស​ភាគច្រើន​ដែល​ធ្វើការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែលមាន​ជំងឺ​គ្មាន​ការជួយ​ធានារ៉ាប់រង​ណាមួយ​ដោយ​ប្រព័ន្ធ​សន្តិសុខ​សង្គម ឬក៏​គម្រោង​សុខភាព​ណាមួយ​នោះទេ​។​
 
​លោក Marcadent ថ្លែង​ទៀតថា​៖ «​ការណ៍​នេះ​មានន័យថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាច្រើន​នឹងត្រូវ​បង្ខំចិត្ត​ខ្ចីបុល​គេ ឬក៏​លក់​របស់របរ​ដែល​ពួកគេ​មាន ដើម្បី​បង់ថ្លៃ​ថែទាំ​សុខភាព ដែល​ធ្វើឱ្យ​ពួកគេ​ធ្លាក់​ជ្រៅ​ថែមទៀត​ទៅក្នុង​ភាព​ទីទាល់ក្រ​។ ពលករ​ជាច្រើន​គ្មាន​លទ្ធភាព​ទទួលបាន​កា​រ​ថែទាំ​សុខភាព​។ បន្ថែម​ពីលើ​ផលវិបាក​ធ្ងន់ធ្ងរ ដែល​អាច​កើតមាន​លើ​ពួកគេ​ផ្ទាល់ ករណីនេះ​ក៏​រួមចំណែក​ផងដែរ​ដល់​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​»​។​
 
​របាយការណ៍​នេះ​គូសបញ្ជាក់​អំពី​សេចក្តីត្រូវការ​នៅក្នុង​ការការពារ​កម្ម​ករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​បង្កើត​គោលនយោបាយ​ដែល​កាត់បន្ថយ​ការ​ប្រឈម​របស់​ពួកគេ​ចំពោះ​វីរុស​នេះ​។ របាយការណ៍​នេះ​បាន​បន្ថែមថា កម្មករ​ណា​ដែល​ធ្លាក់ខ្លួន​ឈឺ​ត្រូវតែ​ទទួលបាន​ការព្យាបាល និង​ការថែទាំ​សុខភាព ហើយ​រដ្ឋាភិបាល​គួរផ្តល់​ប្រាក់ចំណូល និង​ស្បៀងអាហារ​ដល់​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com