COVID-19
អន្តរជាតិ
ចិន ដាក់សំណើ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ទៅក្នុង​កិច្ចប្រជុំសភា​
22, May 2020 , 11:15 am        
រូបភាព
កិច្ចប្រជុំពេញអង្គ​លើក​ទី​បី នៃ​កិច្ចប្រជុំសភា​ប្រជាជន​ចិន (NPC) នីតិកាល​ទី​១៣ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។ រូបភាព៖ Xinhua
កិច្ចប្រជុំពេញអង្គ​លើក​ទី​បី នៃ​កិច្ចប្រជុំសភា​ប្រជាជន​ចិន (NPC) នីតិកាល​ទី​១៣ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។ រូបភាព៖ Xinhua
​សភា​ប្រជាជន​ចិន​(NPC) បានចាប់ផ្តើម​បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី​បី នីតិកាល​ទី​១៣​ហើយ នា​ថ្ងៃទី​២២ ខែឧសភា​។ សំណើ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ក៏​ជា​របៀបវារៈ​មួយ​នៃ​កិច្ចប្រជុំសភា​នេះដែរ​។ សំណើ​ច្បាប់​ថ្មី​នេះ ធ្វើឡើង​បន្ទាប់ពី​ដែនដី​ស្វ័យភាព​ហុងកុង មាន​ភាពចលាចល​អស់​ជាច្រើន​ខែ ដោយសារ​ប្រជាជន​ហុងកុង ធ្វើបាតុកម្ម​ប្រឆាំងនឹង​សំណើ​ច្បាប់​បត្យាប័ន​ទៅកាន់​ចិនដីគោក និង​បញ្ហា​ជាច្រើន​ទៀត​។


​ដែនដី​ស្វយ័ត​ហុងកុង បាន​រង​ភាពវឹកវរ​យ៉ាងខ្លាំង ដោយសារតែ​បាតុកម្ម​របស់​ប្រជាជន​ប្រមាណ​ជា ៧​ខែ ប៉ុន្តែ​បញ្ហា​ទាំងនេះ បាន​ស្ងប់​ទៅវិញ​មួយរយៈ​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ក្នុងពេល​ថ្មីៗ​នេះ ក្រុមបាតុករ បាន​ចេញមក​បាតុកម្ម​ជាថ្មី បន្ទាប់ពី​ស្ថានភាព COVID-19 នៅក្នុង​ទីក្រុង មាន​សភាព​ថមថយ​។ 
 
​ក្នុង​កាលៈទេសៈ​បែបនេះ ចិន​ចាំបាច់​ត្រូវមាន​ច្បាប់​មួយ​នៅក្នុង​ដៃ ដើម្បី​ទប់ស្កាត់​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីក្រុង​ហុងកុង​ជាថ្មី​។ បើតាម​ការបញ្ជា​ក់រប​ស់​អ្នកនាំពាក្យ​សភា​ចិន លោក​Zhang Yesui នា​ថ្ងៃទី​២១ ខែឧសភា ចិន នឹងដាក់​សំណើ​ច្បាប់​មួយ​នេះ ទៅក្នុង​កិច្ចប្រជុំសភា​របស់ខ្លួន​។ បើសិន​បើ​សំណើ​ច្បាប់​មួយ​នេះ ត្រូវបាន​អនុម័ត វា​នឹង​ក្លាយជា​ច្បាប់​សម្រាប់​អនុវត្ត ក៏ដូចជា​យន្តការ​ចាប់​បង្ខំ​ឲ្យ​ប្រជាជន​អនុវត្ត​នៅក្នុង​ទីក្រុង​។ 
 
​ដោយ​ផ្អែក​ទៅតាម​រដ្ឋធម្មនុញ្ញ​ហុងកុង មាត្រា​២៣ បាន​ចែងថា ទីក្រុង​ហុងកុង ត្រូវតែ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ ដើម្បី​ហាមឃាត់ អំពើ​ក្បត់ជាតិ ការធ្វើ​អបគមន៍ ការបះបោរ និង​វិទ្ធង្សនា ប្រឆាំងនឹង​រដ្ឋាភិបាល​ចិន​។ យ៉ាងណាក៏ដោយ មកទល់ពេលនេះ ទីក្រុង​ហុងកុង មិនទាន់មាន​ឡើយ​ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​។ 
 
​ច្បាប់​សន្តិសុខ​ជាតិ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ហុងកុង ហើយ​បាតុកម្ម​នៅតែ​បន្ត​ទៅមុខទៀត​។ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក Ming Sing ប្រចាំ​នៅ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ហុងកុង​និយាយថា ប្រសិនបើ​ចិន អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​មែន តើ​ប្រជាជន នឹងធ្វើ​បាតុកម្ម​រយៈពេល​ប៉ុន្មាន​ខែ ហើយ​តើ​វា​នឹងធ្វើ​ប៉ះពាល់​ដល់​សង្គម​ហុងកុង​បែបណា​? ពិតណាស់ ក្នុង​ក្រសែភ្នែក​បាតុករ​ហុងកុង ច្បាប់​សន្តិសុខ​ជាតិ គឺជា​ឧបករណ៍​លុបបំបាត់​សេរីភាព ស្វយ័តភាព​របស់​ទីក្រុង ក៏ដូចជា គោលនយោបាយ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ 
 
​សូមបញ្ជាក់ថា មុនពេល COVID-19 ផ្ទុះឡើង ទីក្រុង​ហុងកុង​បាន​រង​ភាពចលាចល​យ៉ាងខ្លាំង ដោយសារ​បាតុកម្ម​រប​ស់​ប្រជាជន​ហុងកុង​ប្រមាណ​ជា ៧​ខែ​។ បាតុកម្ម​នេះ ក្រុមបាតុករ បានទាមទារ​ចំណុច​មួយចំនួន ក្នុងនោះ​មានដូចជា ការលុបចោល​ទាំងស្រុង​នូវ​សំណើ​ច្បាប់​បត្យាប័ន​, រដ្ឋាភិបាល​ត្រូវ​ដកហូត​ទៅវិញ​លើ​ការប្រើ​ពាក្យ «​កុប្បកម្ម​» ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​, ការដោះលែង​ដោយ​ឥត​លក្ខខណ្ឌ​នូវ​ក្រុមបាតុករ​ដែល​ត្រូវបាន​ចាប់ខ្លួន និង​បទចោទប្រកាន់​ប្រឆាំង​ពួកគេ​,  បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ​លើ​ឥរិយាបថ​របស់​កម្លាំង​ប៉ូលិស អំឡុងពេល​បាតុកម្ម​, អនុវត្ត​សិទ្ធិ​បោះឆ្នោត​ជា​សាកល​, និង​ការទាមទារ​ឲ្យ​លោកស្រី​ការី ឡាំ ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង ចុះ​ចេញពី​តំណែង​ជាដើម​៕  

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com