COVID-19
អន្តរជាតិ
លោក ត្រាំ ថា នឹងមិនបិទប្រទេសទេ បើសិនជាមានរលកឆ្លងជំងឺ COVID-19 លើកទី២ លោកដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ចរោងចក្រFord។រូបភាពAP
× លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកនៅថ្ងៃទី២១ ខែឧសភានេះ បាននិយាយថា អាមេរិក នឹងមិនបិទប្រទេសឡើយ បើសិនជាអាមេរិករងរលកឆ្លងជំងឺ COVID-19 ជាលើកទី២។ លោក ត្រាំ ថ្លែងបែបនេះ ក្នុងដំណើរទស្សនកិច្ចរោងចក្រ Ford ដែលផលិតឧបករណ៍ជំនួយដង្ហើមសម្រាប់ព្យាបាលCOVID-19 នៅក្នុងរដ្ឋ Michigan ។
យោងតាមតួលេខពីសាកលវិទ្យាល័យ John Hopkins នៅក្នុងរលកឆ្លងលើកទី១ដែលបន្តមានដល់សព្វថ្ងៃទី២១ ខែឧសភានេះ អាមេរិកមានករណីឆ្លងចំនួន១,៥លានករណី និងស្លាប់ចំនួន៩៣,៤៣៩នាក់ហើយ។ ខណៈស្ថានការណ៍ធូរបន្តិច ហើយសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន អាមេរិក ក៏ចាប់ផ្ដើមបើកដំណើរការសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសខ្លះ។ បើសិនរលកទីពីរកើតមានពេលបើកសេដ្ឋកិច្ចនេះ លោក ដូណាល់ ត្រាំ បញ្ជាក់ថា អាមេរិកមិនបិទទ្វារទៀតឡើយ។
យោងតាមសារព័ត៌មាន CNBC នៅពេលអ្នកសារព័ត៌មានសួរពីការឆ្លងរលកទី២ អំឡុងទស្សនកិច្ចរោងចក្រ Ford លោក ត្រាំ និយាយថា៖ «អ្នកណាក៏និយាយដែរថាវាអាចទៅរួច វាជាស្តង់ដារទៅហើយ។ យើងនឹងពន្លត់ភ្លើង តែយើងនឹងមិនបិទប្រទេសរបស់យើងឡើយ»។ លោកត្រាំ បន្តដោយប្រៀបធៀបទៀតថា អាមេរិកអាចនឹងពន្លត់ភ្លើងបាន មិនថាវាជាអណ្តាតភ្លើង ឫរងើកភ្លើងឡើយ តែនឹងមិនបិទប្រទេសទេ។
កន្លងមក លោក ត្រាំ ធ្លាប់បាននិយាយថា ជំងឺ COVID-19 នេះនឹងបន្តរហូតដល់ខែសីហា ហើយនឹងចប់តែម្ដង។ ប៉ុន្តែអ្នកជំនាញសុខភាព រួមបញ្ចូលទាំងមនុស្សនៅក្នុងរដ្ឋបាលលោកត្រាំផងដែរ បានព្រមានថាជំងឺ COVID-19 អាច នឹងបន្តរហូតដល់ខែកញ្ញា រហូតដល់ខែចុងខែកុម្ភៈឆ្នាំ២០២១ ហើយនឹងកាន់តែពិបាកគ្រប់គ្រងទៅទៀតនៅពេលរដូវផ្តាសាយចាប់ផ្តើម។
ចំណែកឯលោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញជំងឺឆ្លង និងសមាជិកក្រុមការងារ COVID-19របស់សេតវិមាន ប្រាប់កាសែត Washington Post កាលពីសប្តាហ៍នេះថា វាមិនមែនជារឿងសង្ស័យទេ ដែលនឹងមានរលកឆ្លងថ្មី។ លោកបន្ថែមថា វីរុសសនេះនឹងមិនទៅណាឡើយ ហើយវាងាយឆ្លងទោះជានៅពេលណាឫ កន្លែងណាក៏ដោយ ហើយដរាបណានៅមានករណីឆ្លង វានឹងមានហានិភ័យនៃការងើបឡើងវិញ។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំតាមរដ្ឋនីមួយៗ បានដាក់ចេញវិធានការតឹងតែងរៀងៗខ្លួនលើប្រជាពលរដ្ឋ និងអាជីវកម្ម។ ប៉ុន្តែក្រោយពេលដែលឃើញមានផលប៉ះពាល់ខ្លាំងលើសេដ្ឋកិច្ច លោកប្រធានាធិបតី ត្រាំ បានទទូចក្តែងៗ ឲ្យចាប់ផ្តើមបើកសេដ្ឋកិច្ចឡើងវិញ។ មកទល់ពេលនេះរដ្ឋចំនួន៥០ រួមទាំងរដ្ឋញូវយ៉កដែលជាកន្លែងផ្ទុះជំងឺនៅអាមេរិក បានចាប់ផ្តើមបើកសេដ្ឋកិច្ចខ្លះហើយ។ ការបិទប្រទេសក្នុងរយៈពេលជាង៩សប្តាហ៍នេះ បានធ្វើឲ្យអ្នកគ្មានការងារធ្វើ បានកើនឡើងដល់៣៨លាន់នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com