COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ចាយ​អស់​៣៤​លាន​ដុល្លារ​ហើយ​ក្នុង​ត្រីមាស​ទី​៣ អំឡុង COVID-19
22, May 2020 , 7:19 pm        
រូបភាព
Manchester United បាន​ចំណាយ​ប្រាក់​អស់ ២៨​លាន​ផោន (៣៤,២០​លាន​ដុល្លារ​អាមេរិក​) រួចហើយ អំឡុងពេល​រាតត្បាត​ជំងឺឆ្លង COVID-19 ។ ក្លិប​រំពឹងថា តួលេខ​ចុងក្រោយ​នឹង​កើន​ការចំណាយ​ខ្ពស់​ជាងនេះទៅទៀត​។​


​ក្លិប​រហស្សនាម​បិសាច​ក្រហម នៅ​ថ្ងៃទី​២១ ខែឧសភា បានបង្ហាញ​ការចំណាយ​នៅ​ត្រីមាស​ទី​៣​របស់​ពួកគេ​គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា សម្រាប់​រដូវ​កាល ២០១៩-២០ នេះ​។​
​លោក Cliff Baty ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្លិប Man Utd និយាយថា ពួកគេ​គ្រោង​ប្រគល់​ប្រាក់​ចំនួន ២០ លាន​ផោន (២៤,៤៣​លាន​ដុល្លារ​អាមេរិក​) ទៅ​ឲ្យ​ក្រុមហ៊ុន​ទូរទស្សន៍​វិញ​សម្រាប់​ថ្លៃ​សិទ្ធិ​ផ្សព្វផ្សាយ បើទោះបី​ក្របខណ្ឌ Premier League រដូវ​កាល​នេះ​ត្រឡប់​ទៅកាន់​ការប្រកួត​វិញ​ក៏ដោយ​។​
 
​ដោយឡែក​ប្រាក់​ជិត ១០ លាន​ដុល្លារ​ទៀត​ដែល Man Utd បាត់បង់​គឺ​ក្នុង​រយៈពេល​៣ សប្តាហ៍​ចុងក្រោយ​ក្នុង​ខែមីនា នៅពេល​ពួកគេ​ត្រូវ​ពន្យារពេល​ប្រកួត​ចំនួន​៣​លើក​នោះ​។ បើ​គិត​មកដល់ពេលនេះ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjær បាន​ពន្យារ​ការប្រកួត​១១​លើក​មកហើយ ដោយសារតែ​វិបត្តិ​ជំងឺ​រាតត្បាត​សកល COVID-19 ។​
​ក្នុង​សន្និសីទ​បន្ទាប់ពី​លទ្ធផល​ហិរញ្ញវត្ថុ​ចុងក្រោយ​ចេញផ្សាយ លោក Baty ពន្យល់ថា ក្រុមហ៊ុន​ទូរទស្សន៍​ផ្សាយ​ការប្រកួត​នៅ Premier League នឹង​ទទួលបាន​ប្រាក់ ២៤,៤៣​លាន​ដុល្លារ​ពី​ក្លិប​ត្រឡប់​ទៅវិញ ដោយសារតែ​ការផ្លាស់ប្តូរ​កាលបរិច្ឆេទ និង​ពេលវេលា​ចាប់ផ្តើម​ការប្រកួត​ដែល​បណ្តាលមកពី COVID-19​។​
 
​ជាមួយនឹង​ការប្រកួត​ដែល​ត្រូវ​លុបចោល រាប់បញ្ចូល​ទាំង​ការប្រកួត​ក្នុង​ពានរង្វាន់ Europa League និង FA Cup ផង​នោះ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្លិប Man Utd រូបនេះ អះអាងថា​ប្រាក់ចំណូល​នៃ​ការឧបត្ថម្ភ​ដែល​បាន​ចុះកិច្ចសន្យា​រួច និង​ការលក់​ផលិតផល​ក្នុង​ហាង​នៅ Old Trafford សុទ្ធតែ​ជះឥទ្ធិពល​យ៉ាងខ្លាំង​។ ចំណែក​ប្រាក់ចំណូល​ពី​ការប្រកួត​ដោយ​បិទទ្វារ​កីឡដ្ឋាន​ក៏​នឹងត្រូវ​ជួប​បញ្ហា​ដូចគ្នា​។​
 
​ប្រាក់ចំណូល​សម្រាប់​ត្រីមាស​របស់ Man Utd បាន​ធ្លាក់ចុះ​១៨,៧​ភាគរយ ស្មើនឹង ១២៣,៧ លាន​ផោន (១៥១​លាន​ដុល្លារ​)​។ បំណុល​របស់​ក្លិប​បាន​កើនឡើង​ពី ១២៤,៤ លាន​ផោន (១៥២​លាន​ដុល្លារ​) ដល់ ៤២៩,១ លាន​ផោន (៥២៤​លាន​ដុល្លារ​)៕
 

Tag:
 Manchester United
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com