ជាតិ
«​ខ្នង​ផ្សា​» តំបន់​ទេសចរណ៍​ព្រៃភ្នំ​ដ៏​ទាក់ទាញ​នៅ​ព្រំប្រទល់​កំពង់ស្ពឺ និង​កោះកុង​
22, May 2020 , 7:39 pm        
រូបភាព
មាន​ព្រំប្រទល់​ជាប់​ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង «​ខ្នង​ផ្សា​» ជា​តំបន់​ព្រៃភ្នំ​ដ៏​ធំ​មួយ ដែលមាន​ទេសភាព​ស្រស់ត្រកាល​លាក់​ខ្លួន​នៅក្នុង​ព្រៃ​។ បើតាម​លោក សៅ សា​រួន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ តំបន់​ខ្នង​ផ្សា​នេះ ទាក់ទាញ​ខ្លាំង ដោយសារ​ទេសភាព​ដ៏​ស្រស់ស្អាត​។ 

 
«​ខ្នង​ផ្សា​» ជា​តំបន់​ទេសចរណ៍​បែប​ផ្សងព្រេង ដែល​ភ្ញៀវទេសចរ​ត្រូវ​ធ្វើដំណើរ​ថ្មើរជើង​។ «​ខ្នង​ផ្សា​» សម្បូរ​ទៅ​ព្រៃឈើ​ក្រាស់ ជ្រលង​ភ្នំ​ខ្ពស់ៗ និង​វាល​ស្រល់​ខៀវស្រងាត់​។ លោក សៅ សា​រួន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥ តាម​ទូរ​សព្ទ​ថា​៖ «​តំបន់​នេះ ទាក់ទាញ​ខ្លាំង គឺ​ពោរពេញ​ដោយ​ធម្មជាតិ មាន​ជួរ​ភ្នំ​ច្រើន មាន​ព្រៃឈើ ពិសេស​អាច​គយគន់​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត​នៅ​ទីនោះ​»​។ 
  

រូបភាពពី​លោក លី សំបូរ

​ការធ្វើដំណើរ​ទៅកាន់ «​ខ្នង​ផ្សា​» មាន​ភាពងាយស្រួល រួមផ្សំ​នឹង​ទេសភាព​ដ៏​ស្រស់ស្អាត បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាច្រើន​ងាក​មក​កម្សាន្ត​នៅ​តំបន់​នេះ ដែលជា​សក្ដានុពល​ទេសចរណ៍ធម្មជាតិ​។ នាទី​តាំង «​ខ្នង​ផ្សា​» ពេលព្រឹក ភ្ញៀវទេសចរ​អាច​ទស្ស​នា​ព្រះអាទិត្យ​រះ អមដោយ​អាកាសធាតុ​ត្រជាក់ និង​ពល​ល្ងាច អាច​ទស្សនា​ថ្ងៃ​លិច​ពីលើ​ខ្នងភ្នំ​។​
 
​តាមរយៈ​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​ភ្ញៀវទេសចរ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន​។ លោក សៅ សា​រួន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ ប្រាប់​ដូច្នេះ​៖ «​គាត់​នាំ​ភ្ញៀវ​ទៅ​ខ្នង​ផ្សា​ហ្នឹង​ទៅ គាត់​បាន​ចំណូល​ពី​ការនាំ​ភ្ញៀវ ហើយ​គាត់​ឈប់​កាប់​ព្រៃឈើ ពិសេស​គាត់​ងាក​មក​ស្រឡាញ់​ព្រៃឈើ​វិញ​»​។ 
 


រូបភាពពី​លោក លី សំបូរ

​លោក ជា យុ​ទ្ធា អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា រយៈពេល​ចុងក្រោយ​នេះ ខ្នង​ផ្សា ទទួលបាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ជាង​៦០០​នាក់ ខណៈ​ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​ប្រមាណ ២០០​នាក់​ប៉ុណ្ណោះ​។ លោក ជា យុ​ទ្ធា ក៏បាន​ពន្យល់​ពី​ទីតាំង​ភូមិសាស្ត្រ​ខ្នង​ផ្សា​យ៉ាង​ដូច្នេះ​៖ «​ខ្នង​ផ្សា ស្ថិតនៅ​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​កោះកុង មិន​ស្ថិតនៅ​ចំណុចប្រសព្វ​មុំ​បី​ឡើយ​។ ពេលយប់ ដែល​ភ្ញៀវទេសចរ​ត្រូវ​សម្រាក គី​ស្ថិតនៅ​ភូមិសាស្ត្រ​ខេត្តកោះកុង ចំណែក​ពេលព្រឹក ដែល​ភ្ញៀវទេសចរ​មើល​ថ្ងៃ​រះ គឺ​ស្ថិតនៅ​ភូមិសាស្ត្រ​កំពង់ស្ពឺ »​។ 
 
​អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​រូបនេះ លើកឡើងថា តំបន់​ខ្នង​ផ្សា ដែល​ល្បី​នៅតាម​បណ្ដាញ​សង្គម​នេះ គឺ​ល្បី​ដោយសារ​ការផ្សព្វផ្សាយរ​បស់​ភ្ញៀវទេសចរ តាមរយៈ​ការ​បង្ហោះ​រូបភាព​ពី​តំបន់​ដ៏​ស្រស់ស្អាត​នេះ​។ បើតាម​លោក ជា យុ​ទ្ធា នៅពេលដែល​ភ្ញៀវទេសចរ​សម្រុក​មកលេង​តំបន់​នេះ បានធ្វើ​ឲ្យ​អ្នកភូមិ មានការ​ងារ​ធ្វើ និង​ថ្ងៃ​ខ្លះ​រក​អ្នកភូមិ​សម្រាប់​ជូន​ភ្ញៀវ​ទៅ​ខ្នង​ផ្សា​ស្ទើរតែ​មិនមាន​។ 
 


រូបភាពពី​លោក លី សំបូរ

​តាមរយៈ​កំណើន​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅកាន់​តំបន់​ខ្នង​ផ្សា​ច្រើន លោក សៅ សា​រួន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ អះអាងថា គោលដៅ​របស់​ក្រសួងទេសចរណ៍ គឺ​ជំរុញ​ឲ្យ​មាន​ជា​ទេសចរណ៍​សហគមន៍ និង​រៀបចំ​ជា​ទេសចរណ៍​ផ្សងព្រេង​បែបនេះ​។ ទន្ទឹមនឹង​ការ​ទៅ​កម្សាន្ត​ច្រើន​របស់​ភ្ញៀវទេសចរ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ ក៏​អំពាវនាវ​ឲ្យ​ភ្ញៀវទេសចរ​ចូលរួម​ការពារ​បរិស្ថាន និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។​
 
​សូមបញ្ជាក់ថា ដើម្បី​ទៅដល់​ខ្នង​ផ្សា ភ្ញៀវទេសចរ ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤ ទៅកាន់​ទី​រួម​ខេត្តកំពង់ស្ពឺ រួច​ឆ្លងស្ពាន​ខេត្តកំពង់ស្ពឺ​ប្រមាណ​ជាង ១​គីឡូ បត់​ស្តាំ ប្រមាណ​១​គីឡូ នឹង​ឃើញ​ផ្លូវបត់​ឆ្វេង មាន​ស្លាក​សញ្ញា​ប្រាប់ផ្លូវ​ទៅ​ឱ​រ៉ា​ល់​។ លោក​-​អ្នក ត្រូវធ្វើ​ដំណើរ​បត់​ចូល​តាម​ច្រក​ឱ​រ៉ា​ល់ ប្រហែល ៥០​គីឡូម៉ែត្រ នឹង​ដល់​រង្វង់​មូល​ឱ​រ៉ា​ល់ រួច​បន្តដំណើរ​ទៅមុខ តាម​ផ្លូវលំ​ប្រមាណ ៣៥​គីឡូម៉ែត្រ ដោយ​ជិះ​កាត់ ទេ​ទឹក​ពុះ នឹង​ទៅដល់​ភូមិ​រលាក់​កងជើង ដែលជា​ភូមិ​នៃ​ភ្នំ​ខ្នង​ផ្សា​៕ 
 
 រូបភាពពី​លោក លី សំបូរ



















រូបភាពពី​លោក លី សំបូរ

Tag:
 ទេសចរណ៍​
  កំពង់ស្ពឺ​
  ខ្នង​ផ្សា​
  កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com