អន្តរជាតិ
ចិន លើកទឹកចិត្ត​ឲ្យ​ប្រជាជន​តៃវ៉ាន់​ប្រឆាំង​ការប្រកាស​ឯករាជ្យ​
22, May 2020 , 8:19 pm        
រូបភាព
លោកលី ឃឺឈាំង នាយករដ្ឋមន្ត្រីចិន។រូបភាព Reuters
លោកលី ឃឺឈាំង នាយករដ្ឋមន្ត្រីចិន។រូបភាព Reuters
ដោយ:
​ចិន នឹង​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ចិនតៃវ៉ាន់ ឲ្យ​ចូលរួម​ក្នុងការ​ប្រឆាំង​ទៅនឹង​ការប្រកាស់​ឯករាជ្យ​រប​ស់កោះ​តៃវ៉ាន់ និង​ផ្សព្វផ្សាយ​គោលនយោបាយ​បង្រួបបង្រួម​ប្រទេស​ចិន​។ នេះ​គឺជា​ប្រកាស​របស់លោក​លី ខឹ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សភា​ចិន នៅ​ថ្ងៃទី ២២ ខែឧសភា​។​



​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង ដែល​ចង់​ឲ្យ​ពលរដ្ឋ​តៃវ៉ាន់​ប្រឆាំង​ការផ្ដាច់​ខ្លួន ធ្វើឡើង បន្ទាប់ពី​លោកស្រី Tsai Ing-wen បាន​អះអាងថា ចិន​គួរតែ​រួមរស់​ជាមួយ​តៃវ៉ាន់​ដោយ​សន្តិភាព​។ ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ទី​ពីរ លោកស្រី Tsai និយាយថា ភាគី​ទាំងសងខាង​មាន​កាតព្វកិច្ច​ក្នុងការ​ស្វែងរក​វិធី​ក្នុងការ​រួមរស់​ជាមួយគ្នា ក្នុង​រយៈពេល​វែង​ទៅមុខ​ដោយ​បង្ការ​ការកើនឡើង​នូវ​អរិភាព និង​ភាពខុសគ្នា​។​
 
​មេដឹកនាំ​តៃវ៉ាន់​រូបនេះ បន្ថែមថា តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ និង​មិន​ចង់​ក្លាយជា​ផ្នែក​មួយ​ដែល​គ្រប់គ្រង​ដោយ​ចិន​ឡើយ​។ លោកស្រី​និយាយថា​តៃវ៉ាន់ ចង់​សន្ទនា​ជាមួយ​ចិន ប៉ុន្តែ​មិនអាច​ទទួលយក​សំណើ ប្រទេសមួយ ប្រព័ន្ធ​ពីរ​ឡើយ​។ 
 
​ចិន​បាន​ផ្តាច់ការ​សន្ទនា​ជាមួយ​តៃវ៉ាន់​នៃ​ឆ្នាំ​២០១៦ បន្ទាប់ពី​លោកស្រី Tsai ជាប់ឆ្នោត​ជា​ប្រធានាធិបតី​។ ចិន​ធ្លាប់​បានស្នើ​គោលការណ៍​ប្រទេសមួយ ប្រព័ន្ធ​ពីរ​ទៅ​តៃវ៉ាន់ ប៉ុន្តែ​ត្រូវបាន​ច្រានចោល​ដោយ​បក្សនយោបាយ​នៅ​តៃវ៉ាន់​ជាច្រើន​។ លោកស្រី Tsai លើកឡើងថា ប្រទេសមួយ ប្រព័ន្ធ​ពីរ នឹង​បន្ទាប​តៃវ៉ាន់ ក៏ដូចជា​អន្តរាយ​ដល់​ស្ថានការណ៍​បច្ចុប្បន្ន​។  
 
​រឿង​ផ្ដាច់ខ្លួន ត្រូវបាន​ចិន​ចាត់ទុកជា​បន្ទាត់​ក្រហម ដែល​មិនអាច​ទទួលយក​បានឡើយ​ពី​សំណាក់​ប៉េកាំង​។ ប៉ុន្តែ​ការគាំទ្រ​របស់​ប្រទេស​ខ្លះ​ទាំង​ផ្លូវការ និង​មិន​ផ្លូវការ បន្ត​ដង្ហើម​តៃវ៉ាន់​។
ត្រង់នេះ គេ​មិនអាច​បំភ្លេច​អាមេរិក​ដែល​ចិន​រិះគន់ថា ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ដោយ​ទទួល​ចិន តែ​បន្ត​មាន​សម្ព័ន្ធភាព​យោធា​ជាមួយ​តៃវ៉ាន់​។ អាមេរិក ទើបបាន​ឯកភាព​លើ​គម្រោង​លក់​មី​ស៊ី​ល​បំពាក់​លើ​នាវា Torpedo ចំនួន​១៨​ដើម​ឲ្យ​កោះ​តៃវ៉ាន់ ក្នុងតម្លៃ​១៨០​លាន​ដុល្លារ ចំ​ថ្ងៃ​លោកស្រី Tsai  ស្បថ​ចូលកាន់​តំណែង​អាណត្តិ​ទី​ពីរ​។​
 
​លោកស្រី Tsai និង​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​របស់លោក​ស្រី ទទួលបាន​ការគាំទ្រ​យ៉ាង​សម្បើម​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​ក្នុង​ខែមករា ដោយ​សន្យា​ងើប​ប្រឆាំង​តទល់​នឹង​ចិន​។ ចិន​តាំង​តែងតែ​ចាត់ទុក​តៃវ៉ាន​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន ហើយ​និង​ប្រើប្រាស់​កម្លាំង​ក្នុងករណី​ចាំបាច់ ដើម្បី​ដាក់​កោះ​នេះ​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​ចិន​ប៉េកាំង​៕

Tag:
 ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com