ចិន​លុប​គោលដៅ​កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២០ តែ​បន្ត​ចាយ​ច្រើន​លើ​ការពារជាតិ​
COVID-19
អន្តរជាតិ
ចិន​លុប​គោលដៅ​កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២០ តែ​បន្ត​ចាយ​ច្រើន​លើ​ការពារជាតិ​
22, May 2020 , 9:19 pm        
រូបភាព
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង សម្រេច​បោះបង់​ចោលការ​អនុវត្ត​ប្រចាំឆ្នាំ​ដែល​កំណត់​គោលដៅ​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២០​នេះ​។ ការសម្រេច​បែបនេះ បង្កឡើង​ដោយ​ភាពវឹកវរ​ជំងឺ​រាតត្បាត​សកល COVID-19​។ នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង ប្រកាស​បែបនេះ​ក្នុង​សុន្ទរកថា​គោលនយោបាយ​ប្រចាំឆ្នាំ​នៅ​ថ្ងៃទី​២២ ខែឧសភា​។ ទោះជា​បែបនេះ ចិន​ប្រកាសថា ការចាយវាយ​លើ​វិស័យ​ការពារ​កើនឡើង​ជាង​៦​ភាគរយ​សម្រាប់​ឆ្នាំនេះ​។

 
«​ខ្ញុំ​ចង់​លើកឡើងថា យើង​ពុំបាន​កំណត់​គោលដៅ​ជាក់លាក់​សម្រាប់​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​នេះឡើយ​»​។ លោកនាយក​រដ្ឋមន្ត្រី លី ខឹ​ឈាំ​ង​បញ្ជាក់​បែបនេះ​នៅ​បើក​កិច្ចប្រជុំសភា​នៅ​វិមាន​ប្រជាជន​ក្នុង​រដ្ឋធានី​ប៉េកាំង​។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ចិន​ពុំ​កំណត់​គោលដៅ​កំណើនសេដ្ឋកិច្ច​បែបនេះ ចាប់តាំងពី​ឆ្នាំ​១៩៩០ នៅពេល​រដ្ឋាភិបាល​ចាប់ផ្ដើម​ធ្វើ​រឿងនេះ​មក​។ 
 
​លោក សង្កត់ធ្ងន់ថា ការសម្រេច​នេះ ធ្វើឡើង​ខណៈ​ប្រទេស​ចិន នឹង​ប្រឈមមុខ​កត្តា​ខ្លះ​ដែល​ពិបាក​នឹង​ព្យាករ​ជុំវិញ​ការវិវត្ត​របស់​វា ដោយហេតុតែ​ភាពមិនច្បាស់លាស់​ធំធេង​ពាក់ព័ន្ធ​ជំងឺ​រាតត្បាត​សកល COVID-19 ព្រមទាំង​បរិយាកាស​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ចពិភពលោក​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Bloomberg លោកនាយក​រដ្ឋមន្ត្រី​ចិន​រូបនេះ បញ្ជាក់ទៀតថា រដ្ឋាភិបាល​កំពុង​កំណត់​គោលដៅ​មួយ​សម្រាប់​បង្កើត​ការងារ​ក្នុង​តំបន់​ប្រជុំជន​ជាង​៩​លាន​កន្លែង ដែល​ទាប​ជាង​គោលដៅ​ឆ្នាំ​២០១៩ ស្មើ ១១​លាន​កន្លែង​។ ចំណែក​អត្រា​អ្នក​អត់​ការងារ​ដែល​ព្យាករ​ទុក អាចមាន​ដល់​៦​ភាគរយ ដែល​ខ្ពស់ជាង​ឆ្នាំ​២០១៩​។​
 
​ឱនភាព​កញ្ចប់​ថវិកា រំពឹងថា ប៉ោង​ឡើង​ជាង​៣,៦​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ដែល​ធំ​ជាង​គោលដៅ​ឆ្នាំ​២០១៩ ស្មើ ២,៨​ភាគរយ​។ ការចំណាយ​ធំធេង​ជាង​មុន​លើ​កិច្ចប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​និង​គ្រប់គ្រង​ការរីក​រាលដាល COVID-19 នឹងត្រូវ​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ការចេញ​កញ្ចប់​ថវិកា​១៤១​ពាន់​លាន​ដុល្លារ​ក្នុង​បំណុល​សាធារណៈ​។ 
 
​ដោយឡែក ចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​ចិន​សម្រាប់​ឆ្នាំនេះ នឹង​កើនឡើង ៦,៦​ភាគរយ​ពី​ឆ្នាំ​២០១៩​។ នេះ​បើតាម​របាយការណ៍​ដែល​បានប្រកាស​ក្នុងពេល​បើក​សមាជ​សភា​ប្រចាំឆ្នាំ​របស់​ចិន​ដដែល​។ តួលេខ​នេះ ឈរ​នៅ ១៧៨,១៦​ពាន់​លាន​ដុល្លារ​។ ក៏ប៉ុន្តែ​ការដំឡើង​កញ្ចប់​ថវិកា​ទាប​ជាង​ឆ្នាំ​២០១៩ ដែល​កើន​៧,៥​ភាគរយ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ទោះបីជា​ការផ្ទុះ​រាលដាល COVID-19 កងកម្លាំង​យោធា​ចិន និង​សហរដ្ឋអាមេរិក នៅ​បន្ត​ប្រឈមមុខ​ដាក់គ្នា​ក្នុង​ជម្លោះ​សន្តិសុខ​ប្រពៃណី​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​កោះ​តៃវ៉ាន់​ដែល​ចិន​ចង់​ក្ដោប​ក្ដាប់​ធ្វើជា​របស់ខ្លួន​។ ម្យ៉ាង​ជំងឺ​រាតត្បាត​សកល COVID-19 ក៏​កាន់តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​មហាអំណាច​ពិភពលោក​ទាំងពីរ​អាក្រក់​ខ្លាំង​ផងដែរ​៕
 
 
 

Tag:
 ចិន​
  សេដ្ឋកិច្ច​
  ការពារជាតិ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com