COVID-19
កីឡាជាតិ
ជាតិ
កម្មវិធី​ប្រកួត​កីឡា​អាច​ដំណើរការ​ឡើងវិញ ប៉ុន្តែ​មិន​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​
22, May 2020 , 4:09 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, រូបភាពពីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, រូបភាពពីក្រសួងសុខាភិបាល
ដោយ:
ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២២ ឧសភា នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​សម្រេច​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​អាច​រៀបចំ​ការប្រកួត និង​ប្រមូលផ្តុំ​កីឡាករ​ជម្រើសជាតិ​ឡើងវិញ ចាប់ពី​ខែមិថុនា តទៅ​។ ប៉ុន្តែ​រាល់​ការប្រកួត​នីមួយៗ ក្រសួង​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ឡើយ​។ ជាមួយគ្នានេះ ក្រសួង ស្នើ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​។ 

 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​សារ​ជា​សំឡេង​ដែល​បាន​បែកធ្លាយ​នៅ​ព្រឹក​ថ្ងៃទី​២១ ឧសភា បាន​ជំរុញ​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​, លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជួបពិភាក្សា​គ្នា​ពាក់ព័ន្ធ​លទ្ធភាព​ក្នុង​ការបើក​ឲ្យ​ដំណើរ​ការប្រកួត​កីឡា​គ្រប់​ប្រភេទ​ឡើងវិញ​។​
 
​នៅ​ល្ងាច​ថ្ងៃ​ដដែល រដ្ឋមន្ត្រី​ទាំងបី​រូប​បានរៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិភាក្សាគ្នា​ពាក់ព័ន្ធ​បញ្ហា​នេះ​។ ក្រោយ​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​បានអនុញ្ញាត​ឲ្យ​បើក​វិស័យ​កីឡា​ឡើងវិញ​តាម​លក្ខខណ្ឌ​តម្រូវ​ជា​ជំហានៗ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ឧសភា នេះ​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​បាន​បញ្ជាក់ថា ក្រសួង អនុញ្ញាត​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​បើក​ការប្រកួត​របស់ខ្លួន​ឡើងវិញ តែ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកទស្សនា​នោះទេ​។ រាល់​ការប្រកួត​ម្តងៗ ក្រសួង អនុញ្ញាត​ឲ្យ​មានតែ​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស មិន​លើសពី​១០០​នាក់​។ ជាមួយគ្នានេះ ក្រសួង​ក៏​អនុញ្ញាត​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ឡើងវិញ​ផងដែរ​។​
 
​តែ​យ៉ាងណា ក្រសួងសុខាភិបាល ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ បន្ត​រឹតបន្តឹង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ទោះបី​បច្ចុប្បន្ន​ស្ថានភាព​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុ​ជាមាន​សភាព​ធូរស្បើយ​ក៏ដោយ​។ ការជំរុញ​ឲ្យ​យកចិត្តទុកដាក់​របស់​ក្រសួង គឺ​ដោយសារ​ក្រសួង​បារម្ភ​ពីរ​លក​ទី​ពីរ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដ្បិត​ក្រសួង​យល់ថា ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅតែមាន​ហានិភ័យ​ខ្ពស់​នៅ​កម្ពុជា​។​
 
​លើសពីនេះ ក្រសួង​ក្រើនរំលឹក​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ណែនាំ​ឲ្យ​កីឡាករ​កីឡាការិនី​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់ តាមរយៈ​ការរក្សា​គម្លាត​សង្គម និង​បុគ្គល លាងដៃ​ជាប្រចាំ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែ​ល និង​ពាក់​ម៉ាស់​ជាប្រចាំ​នៅពេល​ចាំបាច់​៕ 

Tag:
 បាល់ទាត់​
  ក្រសួង​អប់រំ​យុវជន​និង​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com