COVID-19
ជាតិ
សង្គមជាតិ
សាលារៀន អាច​នឹង​បើក​វិញ នៅ​ខែវិច្ឆិកា បើ​ជំងឺ​កូ​វីដ​-១៩ មិន​រាលដាល​
22, May 2020 , 9:39 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន ឆ្លៀតបង្រៀនសិស្សតូចៗ ពេលលោក ចុះទៅពិនិត្យការសិក្សាពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិច ក្នុងខេត្តកំពង់ឆ្នាំ (រូបពី AKP)
លោក ហង់ជួន ណារ៉ុន ឆ្លៀតបង្រៀនសិស្សតូចៗ ពេលលោក ចុះទៅពិនិត្យការសិក្សាពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិច ក្នុងខេត្តកំពង់ឆ្នាំ (រូបពី AKP)
​ក្រសួង​អប់រំ យុវជន និង កីឡា នឹង​ពិចារណា បើក​សាលារៀន​ឡើងវិញ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ បើ​មិន​មានការ​រី​រាលដាល​ជំងឺ​កូ​វីដ​១៩​។ នេះ​ជាការ​អះអាង​របស់លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ក្នុងឱកាស​ដែល​លោក ចុះទៅ​ពិនិត្យមើល​សកម្ម​ភាព​សិក្សា​ពី​ចម្ងាយ​និង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​របស់​សិស្សានុសិស្ស​នៅ​ខេត្ត​កំពង់​ឆ្នាំ កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ ហើយ​ត្រូវបាន​ទី​ភ្នា​ក់​សារព័ត៌មាន​កម្ពុជា (AKP) ស្រង់​យកទៅ​ចុះផ្សាយ​។


​បើតាម​ការដកស្រង់រ​បស់ AKP លោក ហង់​ជួន ណា​រ៉ុ​ន លើកឡើងថា ក្រសួង​អប់រំ អាច​នឹង​បើក​ថ្នាក់​ទី​៩​និង​ថ្នាក់​ទី​១២ ឲ្យ​ចូលរៀន​មុនគេ (​មុន​ខែឧសភា​) ព្រោះ​ត្រូវ​ត្រៀមប្រឡង​។ លោក ជំរុញ​ឲ្យ​លោកគ្រូ​-​អ្នកគ្រូ បន្ត​ជួយ​បង្រៀន​សិស្ស តាម​លទ្ធភាព ជាពិសេស​ត្រូវ​ជួយ​បង្រៀន​សិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដែល​ត្រូវ​ប្រឡង​។ 
 
​ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី ប្រាប់​លោកគ្រូ​-​អ្នកគ្រូ ឲ្យ​បន្ដ​បង្រៀន​សិស្សានុសិស្ស​ជា​លក្ខណៈ​ទ្រុងទ្រាយ​តូច ដោយ​មិនត្រូវ​ឲ្យ​លើសពី​១០​នាក់​ឡើយ​។ លោក បន្ថែមថា គ្រប់​សាលារៀន​ទាំងអស់ មិនអាច​បង្រៀន​ដូច​មុន​ឡើយ ដោយ​ក្នុង​១​ថ្នាក់ ត្រូវ​ចែកចេញ​ទៅជា​២​ថ្នាក់ ហើយ​សិស្ស​នុ​សិស្ស ត្រូវ​រក្សា​គម្លាត​ពីគ្នា និង​លាងដៃ​ជាប្រចាំ​។​
 
​កាលពីពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​អប់រំ បាន​សរសេរ​លិខិត​ជូនទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ដោយ​ពន្យល់​ពី​ហេតុផល​នៃ​ការបន្ត​ពន្យារពេល​បើក​សាលារៀន​ឡើងវិញ​។ ហេតុផល​ធំ​បំផុត​របស់លោក​រដ្ឋមន្ត្រី ដែល​ប្រាប់​ទៅ​នាយករដ្ឋមន្ត្រី គឺ​ខ្លាច​ជំងឺ​កូ​វីដ​១៩ រាលដាល​ចូលទៅក្នុង​សាលារៀន ដូច​នៅ​សិង្ហ​បុរី​។ ប៉ុន្តែ លោក បាន​ជម្រាប​នាយក​ដ្ឋ​មន្ត្រី​ថា លោក នឹង​ពិចារណា បើក​សាលារៀន​ឡើងវិញ ឲ្យ​បាន​មុន​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​។​
 
 
​គិត​មក​ពេលនេះ វា មាន​រយៈពេល​ជាង​ពីរ​ខែ​ហើយ ដែល​កម្ពុជា បិទ​សាលារៀន​នៅ​ទូទាំងប្រទេស​។​
​គេ វាយតម្លៃថា ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា បាន​ធូរស្បើយ​វិញ ក្រោយ​អ្នកជំងឺ​កូ​វីដ​១៩ ទាំង​១២២​នាក់ ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ទាំងអស់គ្នា និង​ខាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​១​ខែ​មកហើយ​។ ទើបតែ​នៅ​យប់ម្សិល​មិញ (២១​ឧសភា​) កម្ពុជា រកឃើញ​បុរស​ជនជាតិខ្មែរ​ម្នាក់ មាន​ជំងឺ​កូ​វីដ​១៩ ហើយក៏​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​។ 
 
​បុរស​ជនជាតិខ្មែរ​រូបនោះ បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ពី​ហ្វីលីពីន ឆ្លងកាត់​កូរ៉េខាងត្បូង ហើយ​វិល​ត្រ​ឡ្រ​ប់​មក​កម្ពុជា នៅ​យប់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០​។ ចំណែក អ្នកដំណើរ​៦២​នាក់​ទៀត ដែល​ស្ថិតក្នុង​យន្តហោះ​ជាមួយ​រូបគេ ត្រូវ​យកទៅដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈ​១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​៕ 
 
 
 

Tag:
 COVID-19
  បើក​សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com