COVID-19
អន្តរជាតិ
ទោះករណីឆ្លង COVID-19 ធ្លាក់ចុះ ថៃនឹងបន្តស្ថិតក្រោមភាពអាសន្នដល់ចុងខែមិថុនា
× មជ្ឈមណ្ឌលសម្រាប់រដ្ឋបាល COVID-19 របស់ថៃ នៅថ្ងៃទី២២ ខែឧសភា បានយល់ព្រមលើសំណើរបស់ក្រុមប្រឹក្សាសន្តិសុខជាតិដែលបន្ថែមរយៈពេលបិទប្រទេសដល់ដំណាច់ខែមិថុនា។ គណៈរដ្ឋមន្ត្រីថៃ នឹងយល់ព្រមលើសំណើដូចគ្នានេះក្នុងកិច្ចប្រជុំសប្ដាហ៍ក្រោយផងដែរ មុននឹងអនុវត្តជាផ្លូវការ។ លើសពីនោះ បម្រាមគោចរពេលយប់ ទំនងជាត្រូវបង្រួមថែមទៀតផងដែរ។
មជ្ឈមណ្ឌលសម្រាប់រដ្ឋបាល COVID-19 របស់ថៃ បើកកិច្ចប្រជុំរបស់ខ្លួនថ្ងៃទី២២ ខែឧសភា ដោយមាននាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ដែលជាប្រធានមជ្ឈមណ្ឌលដឹកនាំកិច្ចប្រជុំ។ សំណើរបស់ក្រុមប្រឹក្សាសន្តិសុខថៃលើការពន្យាររយៈពេលប្រកាសអាសន្នរយៈពេលមួយខែទៀត។
បើតាមកាសែតបាងកកប៉ុស្តិ៍ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលខាងលើ និយាយថា កិច្ចប្រជុំបានឯកភាពតាមសំណើក្រុមប្រឹក្សាសន្តិសុខជាតិ ដោយភាពអាសន្ននឹងបន្តដល់ចុងខែមិថុនា។ បច្ចុប្បន្ន ការប្រកាសអាសន្ននេះ នឹងត្រូវអស់សុពលភាពត្រឹមដំណាច់ខែឧសភានេះ។ ជាមួយគ្នានេះ គណៈរដ្ឋមន្ត្រី ក៏នឹងផ្ដល់ភ្លើងបៃតងដល់ការពន្យារផងដែរក្នុងកិច្ចប្រជុំថ្ងៃទី២៦ ខែឧសភាខាងមុខ។
លោក Taweesilp បញ្ជាក់ថា ការបន្តសុពលភាពភាពអាសន្ន ដែលជាឧបករណ៍សំខាន់ក្នុងយុទ្ធនាការទប់ស្កាត់ COVID-19 ជារឿងចាំបាច់ ព្រោះសមរភូមិប្រឆាំង COVID-19 មិនទាន់ចប់នៅឡើយទេ ខណៈការប្រឹងប្រែងនៅតែបន្ត ពិសេសការទប់ស្កាត់ករណីនាំចូលពីក្រៅប្រទេស។ សព្វថ្ងៃ ថៃ ក៏មិនទាន់អនុញ្ញាតឲ្យមានការហោះហើរចូលប្រទេសដែរ ប៉ុន្តែបានបន្ធូរបន្ថយការរឹតត្បិតក្នុងស្រុកជាច្រើនដូចជា ការបើកទ្វារផ្សារទំនើប និងសកម្មភាពចាំបាច់ផ្សេងទៀត។
បន្ថែមពីលើនេះ ថៃក៏គ្រោងអនុញ្ញាតឲ្យអាជីវកម្មជាច្រើនទៀតបើកទ្វាររកស៊ីវិញដែរ ចាប់ផ្ដើមពីខែមិថុនាទៅ ដែលជាផ្នែកមួយនៃវិធានការបន្ធូរបន្ថយដំណាក់កាលទីបី ក្រោយការបន្ធូរពីរដងកន្លងទៅ។ ការបង្រួមរយៈពេលបម្រាមគោចរ ក៏ស្ថិតក្នុងការពិចារណាដែរ ព្រោះករណីឆ្លង COVID-19 ថ្មីបន្តធ្លាក់ចុះ។ កាលពីសប្ដាហ៍មុន ថៃបានបន្ថយរយៈពេលបម្រាមគោចរពីម៉ោង១០យប់ដល់៤ព្រឹកទៅម៉ោង១១យប់ដល់ម៉ោង៤ព្រឹកវិញ។
គិតត្រឹមថ្ងៃទី២២ ខែឧសភា ថៃមានករណីឆ្លងចំនួន៣០៣៧នាក់ និងស្លាប់៥៦នាក់។ អ្នកសះស្បើយមានចំនួន២៩១០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com