ជាតិ
លោក ម៉ៅ ធនិន៖ «ពលរដ្ឋ ៧៥ភាគរយនៅខេត្តពោធិ៍សាត់ ប្រកបរបរកសិកម្ម»
× ភ្នំពេញ៖ ខេត្តពោធិ៍សាត់ មានប្រជាជនរស់នៅចំនួន ៤៩ម៉ឺននាក់ ក្នុងនោះប្រជាពលរដ្ឋ ៧៥ភាគរយ ប្រកបរបរកសិកម្ម និង២៥ភាគរយ ជាសេវាករ ពាណិជ្ជករ និងមន្ត្រីរាជការ។ នេះបើតាមលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ឧសភា។
មានចម្ងាយ ១៨៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ជាខេត្តស្ថិតនៅទិសពាយ័ព្យនៃប្រទេសកម្ពុជា។ វិស័យចំបងនៅក្នុងខេត្តពោធិ៍សាត់ គឺវិស័យកសិកម្ម ដែលជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាំដុះដំណាំកសិកម្ម។ បើតាមលោក ម៉ៅ ធនិន នៅខេត្តពោធិ៍សាត់ មានផ្ទៃដីកសិកម្មប្រមាណ ១៥ម៉ឺនហិកតា ដែលទទួលផលបានចន្លោះពី ៣៨ទៅ៤២ម៉ឺនតោនក្នុងមួយឆ្នាំ។
សូមអញ្ជើញស្ដាប់ការលើកឡើងរបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ដូចតទៅ៖
នាសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២១ ខែឧសភា លោក ម៉ៅ ធនិន បានលើកឡើងថា៖ «ខេត្តពោធិ៍សាត់ មានពលរដ្ឋ ៧៥ភាគរយ ប្រកបរបរកសិកម្ម និង២៥ភាគរយ ជាសេវាករ ពាណិជ្ជករ និងមន្ត្រីរាជការ។ ដោយសារតែប្រជាពលរដ្ឋមានចំនួនលើសលុបលើវិស័យកសិកម្ម។ ដូច្នេះវិស័យកសិកម្ម ក្នុងខេត្តនាំមកនូវការអភិវឌ្ឍ និងការរីកចម្រើនទៅលើជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ»។
បច្ចុប្បន្ន ខេត្តពោធិ៍សាត់ មានរោងម៉ាស៊ីនកិនស្រូវចំនួន ១៦កន្លែង សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ លើសពីនេះ ខេត្តពោធិ៍សាត់ មានកសិដ្ឋានដាំដុះបន្លែដែលមិនមានសារធាតុគីមី ចំនួន ២៧កសិដ្ឋាន លើផ្ទៃដី ១៤៧ហិកតា។ ងាកមកមើលពីជលផលវិញ អភិបាលខេត្តពោធិ៍សាត់ អះអាងថា ក្នុងឡូអភិរក្សចំនួន ៦ ទទួលបានផលត្រីប្រចាំឆ្នាំប្រមាណ ៤១,២០០តោន ។
រូបភាពពីហ្វេសប៊ុកលោក ម៉ៅ ធនិន
ខេត្តពោធិ៍សាត់ ដែលអំណោយផលលើវិស័យកសិកម្មនេះ មានទំនប់ធារាសាស្ត្រខ្នាតយក្សចំនួន ២ នៅបែកខាងលើស្រុកភ្នំក្រវាញ គឺទំបន់ទី៣ និងទី៥។ លោក ម៉ៅ ធនិន បញ្ជាក់ថា៖ «ទំបន់ទាំង២នេះ អាចស្ដុកទឹកបានប្រមាណ ៥៥លានម៉ែត្រគីបក្នុងមួយឆ្នាំ ហូរធ្លាក់លើស្ទឹងពោធិ៍សាត់ ដែលស្រោចស្រពទៅលើស្រុក៤ និងក្រុង១»។
សូមបញ្ជាក់ថា នៅក្នុងខេត្តពោធិ៍សាត់ មានផ្ទៃដីចំនួន ១ម៉ឺន២ពាន់ហិកតា កំពុងដាំដុះលើដំណាំក្រូចពោធិ៍សាត់៕
រូបភាពពីហ្វេសប៊ុកលោក ម៉ៅ ធនិន
© រក្សាសិទ្ធិដោយ thmeythmey.com