ជាតិ
មន្ត្រីកសិកម្ម ៖ការចិញ្ចឹមជ្រូកក្នុងស្រុក កើនឡើងនិងរក្សាតម្លៃថេរ ក្រោយរឹតបន្តឹងការនាំចូល លោក សុផាន់ណារ៉ា កាន់ក្រដាស និង លោក ពៅ ពាក់ម៉ាស់ កំពុងបកស្រាយនៅក្នុងសន្និសីទសារព័ត៌មានថ្ងែ២១ ឧសភា។
× ភ្នំពេញ៖ ចំណាត់ការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងការរឹតបន្តឹងការនាំចូលជ្រូក បានធ្វើឲ្យកំណើននៃការចិញ្ចឹមជ្រូកនៅកម្ពុជា កើនឡើងនិងរក្សាបានតម្លៃថេរ មិនឲ្យប៉ះពាល់ដល់ពលរដ្ឋ ដែលចិញ្ចឹមក្នុងស្រុក។ តាមគោលការណ៍រឹតបន្តឹងនេះ រយៈពេល២ទៅ៣ឆ្នាំខាងមុនទៀត បើគ្មានជំងឺរាតត្បាត កម្ពុជានឹងមានលទ្ធភាពផលិតជ្រូកគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ នេះបើតាម លោក តាន់ សុផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វនៃក្រសួងកសិកម្ម។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ខែឧសភា ស្ដីពីការរឹតបន្តឹងការនាំចូលសត្វជ្រូកពីក្រៅប្រទេស លោក តាន់ សុផាន់ណារ៉ា ថ្លែងថា៖«ផែនការត្រូវប្រើ២ទៅ៣ឆ្នាំ ដែលយើងអាចផ្គត់ផ្គង់ក្នុងស្រុកបាន នេះខ្ញុំនិយាយក្នុងកាលៈទេសៈមួយថា ប្រសិនបើមិនមានការផ្ទុះឡើងនៃជំងឺផ្សេងៗ ជាពិសេសជំងឺប៉េសជ្រូកអាហ្រិ្វក»។
វិធានការរឹតបន្តឹងការនាំចូលជ្រូក ផ្ដើមអនុវត្តកាលពីថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើឲ្យចំនួនការចិញ្ចឹមជ្រូកកើនឡើងគួរឲ្យកត់សម្គាល់។ ការកើនឡើងនេះ លោក តាន់ សុផាន់ណារ៉ា បានបញ្ជាក់ពីរបាយការណ៍ជ្រូកពូជសម្រាប់ចិញ្ចឹមដែលនាំចូលឆ្នាំ២០១៩ មានមេជ្រូកពូជ៧ពាន់ក្បាល និងកូនជ្រូកពូជជាង២ម៉ឺនក្បាល។ ប៉ុន្តែត្រឹមដើម២០២០នេះ មានមេជ្រូកពូជនាំចូល៥ពាន់ក្បាល និងកូនជ្រូកពូជដល់ទៅ៦ម៉ឺនក្បាល។ ចំនួនជ្រូកពូកនេះ គឺបញ្ជាក់ថាពលរដ្ឋចាប់អារម្មណ៍លើការចិញ្ចឹមសត្វច្រើន ជាជាងការចំណាកស្រុក។ នេះបើតាមការលើកឡើងរបស់ លោក តាន់ សុផាន់ណារ៉ា ដដែល។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បង្ហាញជំហរគាំទ្រចំពោះចំណាត់ការរបស់ក្រសួងកសិកម្ម ដែលរក្សាបានតម្លៃជ្រូករស់ ពី១,១ម៉ឺន ទៅ ១,២ម៉ឺនរៀល ក្នុង១គីឡូក្រាម ចាប់តាំងពីមានការរឹតបន្តឹងមក។ លោក ស្រ៊ុន ពៅ មានប្រសាសន៍ថា៖«[ខ្ញុំ] មើលទៅឃើញជាក់ស្តែង គ្រាន់តែមានចំណាត់ការបន្តិចបន្តួច ឃើញ [ការចិញ្ចឹមជ្រូករបស់] ប្រជាជន កើនឡើង រីកពេញប្រទេស អ៊ីចឹង ពលរដ្ឋរាប់ម៉ឺនគ្រួសារទទួលបាន [ផលពីការចិញ្ចឹមជ្រូក] ហើយនេះ គឺការកាត់បន្ថយភាពក្រីក្រនិងការចំណាកស្រុក»។
ចំពោះការរឹតបន្តឹតការនាំចូលនេះ គឺពិនិត្យសុខភាពជ្រូកនិងចំនួននាំចូលស្របតាមការអនុញ្ញាត ដោយក្នុងមួយក្រុមហ៊ុនអាចនាំចូលជ្រូកបាន៣០០ទៅ៦០០ក្បាល។ ជាមួយគ្នានេះ ក្រសួងអនុញ្ញាតឲ្យក្រុមហ៊ុននីមួយៗនាំចូលជ្រូក៣០០ក្បាលប៉ុណ្ណោះ មកកាន់រាជធានីភ្នំពេញ ហើយជ្រូកនៅសល់ គឺដាក់តាមបណ្ដាលខេត្ត។ នេះបើតាមការបញ្ជាក់របស់ ស្រ៊ុន ពៅ ដែលប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី២២ ខែឧសភា។
នៅកម្ពុជាមានក្រុមហ៊ុន៧ ដែលក្រសួងអនុញ្ញាតឲ្យនាំចូលជ្រូក ប៉ុន្តែកាលពីថ្ងៃទី២០ ខែឧសភានេះ ក្រសួងបានបញ្ឈប់ក្រុមហ៊ុនមួយ ដោយសារនាំចូលជ្រូកគ្មានលិខិតពិនិត្យសុខភាពច្បាស់លាស់។ បច្ចុប្បន្ន កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ទីផ្សារសាច់សត្វ ក្នុងស្រុកប្រមាណ៨០ភាគរយ ហើយតម្រូវការនាំចូលមានប្រមាណ១០ភាគរយប៉ុណ្ណោះ។ សត្វជ្រូក ដែលកំពុងចិញ្ចឹមទាំងអស់នៅកម្ពុជា មានចំនួន២.៣លានក្បាល។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com