ជាតិ
តើ«ដុំគីសសុដន់»អាចវិវត្តន៍ជាជំងឺមហារីកសុដន់ឬទេ? (ភាគ១)
× ភ្នំពេញ៖ គីសសុដន់ គឺជាដុំសាច់មួយ ឬជាដុំថង់ទឹកដែលកើតឡើងនៅក្នុងក្រពេញសុដន់ហើយជាទូទៅ រូបរាងរបស់វាមានរាងមូល ឬទ្រវែង។ គីសសុដន់ អាចកើតឡើងទាំងសងខាងសុដន់ ឬកើតឡើងតែម្ខាង និងអាចមានមួយគ្រាប់ ឬច្រើនគ្រាប់ទៅតាមស្ថានភាពជាក់ស្ដែង។ បើតាមកញ្ញាវេជ្ជបណ្ឌិត គីវ ពុធនីកា ជំនាញសម្ភពនិងរោគស្ត្រី នៅពេលស្ត្រីមានការប្រែប្រួលអម៉ូន ជាពិសេសនៅពេលអម៉ូនកើនឡើង គឺធ្វើឱ្យស្ត្រីអាចកើតគីសសុដន់។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញ លោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និងកញ្ញាវេជ្ជបណ្ឌិត គីវ ពុធនីកា ជំនាញសម្ភពនិងរោគស្ត្រី នៃមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ ដូចទៅ៖
គីសសុដន់មានពីរប្រភេទ គឺជាប្រភេទគីសដុំសាច់ និងគីសថង់ទឹក។ ប្រភេទគីសដុំសាច់អាចកើនឡើងទំហំ ហើយទំហំនោះអាចវិវត្តន៍តទៅមុខលឿនឬយឺត។ រីឯ គីសថង់ទឹកអាចបាត់ទៅវិញដោយមិនបាច់ព្យាបាល។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កញ្ញាវេជ្ជបណ្ឌិត គីវ ពុធនីកា ពន្យល់ថា ចំពោះស្ត្រីវ័យក្រោម៣៥ឆ្នាំ គីសសុដន់មិនមានបញ្ហា ឬវិវត្តន៍ជាជំងឺមហារីកសុដន់ឡើយ។ ប៉ុន្តែ ស្ត្រីមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ នឹងអាចមានហានិភ័យប្រឈមនឹងជំងឺមហារីកសុដន់ ព្រោះក្នុងវ័យនោះ ស្ត្រីមានការប្រែប្រួលអម៉ូន។
«បើយើងនិយាយទៅបញ្ហាគីសសុដន់ មិនមានបញ្ហាប៉ះពាល់ដល់អាយុជីវិត ឬប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទេ គ្រាន់ពេលខ្លះអាចមានផលរំខានតិចតួច។ ទាក់ទងនឹងផលរំខាន អាចឱ្យគាត់ឈឺតិចតួច ពេលខ្លះអាចធ្វើឱ្យកើនឡើងនៃទំហំ ជាពិសេស ផលប៉ះពាល់ដល់អារម្មណ៍គាត់»។ នេះជាការបញ្ជាក់របស់វេជ្ជបណ្ឌិត គីវ ពុធនីកា ដោយអ្នកជំនាញសម្ពពនិងរោគស្ត្រីនៃមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ រូបនេះ បន្ថែមថា៖«អ្នកដែលមានបញ្ហាគីសសុដន់ ចំពោះស្ត្រីវ័យចាប់ពី៤០ឆ្នាំឡើងទៅ ជាវ័យមួយដែលអាចប្រឈមនឹងជំងឺមហារីកសុដន់ ហើយត្រូវធ្វើការតាមដានបន្តទៀត»។
វេជ្ជបណ្ឌិត គីវ ពុធនីកា បានណែនាំថា ស្ត្រីដែលសង្ស័យថាខ្លួនមានគីសសុដន់ ជាពិសេសស្ត្រីដែលមានវ័យ៤០ឆ្នាំឡើងទៅ ត្រូវទៅជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីតាមដានពីទំហំ និងប្រភេទគីស កុំឱ្យដុំគីសនោះអាចវិវត្តន៍ជាជំងឺមហារីកសុដន់បាន៕
© រក្សាសិទ្ធិដោយ thmeythmey.com