ជាតិ
កម្ពស់​ទឹកជំនន់ នឹងមាន​កម្រិត​មធ្យម​សម្រាប់​ឆ្នាំ​២០២០
23, May 2020 , 8:29 am        
រូបភាព
រូបភាពមកពីក្រសួងធនធានទឹក​និងឧតុនិយម
រូបភាពមកពីក្រសួងធនធានទឹក​និងឧតុនិយម
​ភ្នំពេញ​៖ ចាប់ពី​ដើមខែ​មិថុនា ដល់​ខែតុលា ឆ្នាំ​២០២០ នឹងមាន​បាតុភូត​ចំនួន​៣​កើតឡើង​ដូចជា បាតុភូត Neutral, បាតុភូត El Nino និង​បាតុភូត La Nina ដែល​វា​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង ក្នុងប្រទេស​កម្ពុជា​។ នេះ​បើតាម​ការព្យាករណ៍​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២០ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។


 
​តាម​ការព្យាករណ៍​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២០​នេះ ក្រសួង​ធនធានទឹក បានឱ្យដឹងថា ទន្លេមេគង្គ​-​ស្ទឹងត្រែង មាន​កម្ពស់​ទឹក​ទាប​ជាង​ឆ្នាំ​២០១៩ ប្រមាណ ០,៥០​ម៉ែត្រ តែ​ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ ០,៣០​ម៉ែត្រ​។ 
 
​សម្រាប់​ទន្លេមេគង្គ​-​ក្រចេះ មាន​កម្ពស់​ទឹក​ទាប​ជាង​ឆ្នាំ​២០១៩ ដល់​ទៅ​១,១២​ម៉ែត្រ តែ​ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ ០,៥០​ម៉ែត្រ​។ ទន្លេមេគង្គ​-​កំពង់ចាម មាន​កម្ពស់​ទឹក​ទាប​ជាង​ឆ្នាំ​២០១៩ ដល់​ទៅ​១,៧២​ម៉ែត្រ តែ​ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ ០,១៤​ម៉ែត្រ​។ រាជធានី​ភ្នំពេញ ស្ថានីយ​ជលសា​ស្ត្រ​ទន្លេបាសាក់​-​ចតុមុខ មាន​កម្ពស់​ទឹក​ទាប​ជាង​ឆ្នាំ​២០១៩ ដល់​ទៅ​១,៧៣​ម៉ែត្រ តែ​ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ​បន្តិចបន្តួច​។ រីឯ​ទឹក​ក្នុង​បឹង​ទន្លេសាប​នៅ​ស្ថានីយ​ក្រគរ​-​កំពង់​លួង មាន​កម្ពស់​ទឹក​ទាប​ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ​ពី ០,១៧​ម៉ែត្រ ទៅ​២,៦៧​ម៉ែត្រ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក​។​
 
​ផ្អែកលើ​ការព្យាករណ៍​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១ បង្ហាញថា នៅ​ស្ថានីយ​ជល​សាស្ត្រ​បាសាក់​-​ចតុមុខ​ឆ្នាំនេះ ទឹក​អាច​នឹងមាន​កម្ពស់​៩,៧០​ម៉ែត្រ ដែល​ចាត់ទុកជា​ប្រភេទ​ជំនន់​មធ្យម​។ នេះ​បើ​យោងតាម​ស្ថានភាព​ទឹកទន្លេ​មេគង្គ​បច្ចុប្បន្ន កត្តា​អាកាសធាតុ និង​ការវិភាគ​លើ​ទំនាក់ទំនង​រវាង​កម្ពស់​ទឹក​អប្បបរមា និង​អតិបរមា ៕

Tag:
 ទឹកជំនន់​
  ទន្លេមេគង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com