ជាតិ
កូនអណ្ដើកហ្លួង២៣ក្បាលបានញាស់នៅតំបន់ប្រព័ន្ធព្រែកស្រែអំបិល កូនអណ្ដើកហ្លួង (រូបពីទំព័រហ្វេសប៊ុករបស់អង្គការWCS)
× ភ្នំពេញ៖ នៅឆ្នាំ២០២០នេះ មានកូនអណ្ដើកហ្លួងញាស់ថ្មី២៣ក្បាល នៅតំបន់ប្រព័ន្ធព្រែកស្រែកអំបិល ខេត្តកោះកុង។ នេះបើតាមអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS)។
លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សអណ្ដើកហ្លួងនៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) បានបញ្ជាក់ថា នៅឆ្នាំនេះ មានពងអណ្ដើកហ្លួង៥១ ប៉ុន្តែញាស់បានតែ២៣ប៉ុណ្ណោះ ក្រៅពីនេះ គឺខូចដោយមិនដឹងមូលហេតុច្បាស់លាស់ឡើយ។ បើតាមលោក ស៊ីថា កូនអណ្ដើកដែលញាស់នេះ គឺចេញពីសំបុកចំនួន៣នៅតាមប្រព័ន្ធព្រែកស្រែអំបិល។
លោក សោម ស៊ីថា ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖ «បញ្ហាប្រឈមខ្លាំងដែលធ្វើឱ្យ បាត់បង់អណ្ដើកហ្លួងនេះ កាលពីអំឡុងឆ្នាំ២០០០ គឺដោយពលរដ្ឋជាអ្នកចាប់និងយកពងដោយមិនបានគិតពីការផុតពូជ ប៉ុន្តែចាប់តាំងពីឆ្នាំ២០០៧ កត្តាប្រឈមខ្លាំងដែលប៉ះពាល់ដល់ការរស់នៅសត្វនេះ គឺការប្រមូលខ្សាច់ ព្រោះសត្វប្រភេទនេះ ត្រូវការខ្សាច់ជាជម្រកពងដ៏សំខាន់ក្នុងការបន្តពូជ»។
អណ្ដើកហ្លួងអាយុប្រមាណ២០ទៅ២៥ ឆ្នាំទើបអាចមានពងឬបន្តពូជ ហើយវាពងរាល់ឆ្នាំនៅចន្លោះខែមករានិងកុម្ភៈ។ ពងរបស់វា ជាង៩០ថ្ងៃទើបញាស់ ហើយអណ្ដើកហ្លួងដែលចាប់ផ្ដើមពងមានទម្ងន់ជាង២០គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីថា ដោយបន្ថែមថា មកដល់ពេលនេះ ក្រុមការងារមិនទាន់សិក្សាដឹងពីអាយុនៃអណ្ដើកហ្លួងនេះ ថាអាចរស់បានប៉ុន្មាននោះទេ ប៉ុន្តែលោកប៉ាន់ស្មានថា អណ្ដើកហ្លួងអាចរស់បាន៥០ទៅ៦០ឆ្នាំ។
អង្គការWCS បានអនុវត្តគម្រោងការពារសំបុកសត្វអណ្ដើកហ្លួងនេះ នៅឆ្នាំ២០០៣ ហើយរហូតដល់ឆ្នាំ២០២០នេះ មានចំនួនកូនអណ្ដើកហ្លួងញាស់ប្រមាណ៤៥០ក្បាល៕
© រក្សាសិទ្ធិដោយ thmeythmey.com