ដំណាំ​៤​ប្រភេទ ដែល​ជំរុញ​វិស័យ​កសិកម្ម​ខេត្ត​ប៉ៃលិន ឱ្យមាន​ការរីកចម្រើន​
ជាតិ
ដំណាំ​៤​ប្រភេទ ដែល​ជំរុញ​វិស័យ​កសិកម្ម​ខេត្ត​ប៉ៃលិន ឱ្យមាន​ការរីកចម្រើន​
23, May 2020 , 10:39 am        
រូបភាព
រូបភាពពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
រូបភាពពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​កសិកម្ម​ខេត្ត​ប៉ៃលិន​មានការ​រី​ចម្រើន ដែល​បានធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ​ច្រើន​។ ក្នុងនោះ​មាន​ដំណាំ​៤​ប្រភេទ ដែល​ជំរុញ​វិស័យ​កសិកម្ម​ខេត្ត​ឱ្យមាន​ការរីកចម្រើន​ផងដែរ​។​


 
​លោក ធូ ភា អភិបាលរង​ខេត្ត​ប៉ែ​លិ​ន បាន​បញ្ជាក់ថា ដំណាំ​ទាំង​៤​ប្រភេទ​ដែល​ជំរុញ​កសិកម្ម​ខេត្ត រួមមាន មៀន​ប៉ៃលិន ដែលមាន​ផ្ទៃដី​ចំនួន​៤,៣៨៣​ហិកតា​, ស្វាយកែវ​រមៀត ចំនួន​៥,៥៦៥​ហិកតា​, ដំឡូង​មី ចំនួន​៤២,១១០​ហិកតា និង​ពោតក្រហម ចំនួន​៧,៧១៦​ហិកតា​។​
 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​«​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​» កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ លោក ធូ ភា បាន​បន្ថែមថា ក្រៅពី​ដំណាំ​កសិកម្ម​៤​ប្រភេទ​នេះ ក៏មាន​ផលិតផល​កសិកម្ម​ក្នុង​ខេត្ត​ច្រើន​ប្រភេទ​ផ្សេងទៀត​ដែរ រួមទាំង​ការពង្រីក​បន្ថែម​លើ​ការ​ចិញ្ចឹមសត្វ​គោ ជ្រូក មាន់ ទា កង្កែប​ជាដើម​។ បើតាម​អភិបាលរង​រូបនេះ ផលិត​កសិកម្ម​ទាំងអស់នោះ​រដ្ឋបាលខេត្ត​ក៏បាន​ស្វែងរក​ទីផ្សារ​ក្នុងស្រុក និង​ការនាំ​ចេញទៅ​ប្រទេស​ថៃ ហើយក៏​ធានា​រក្សា​តម្លៃ​ទីផ្សារ ដើម្បី​ជួយ​លើកកម្ពស់​ទីផ្សារ​កសិកម្ម និង​ជីវភាព​របស់​ពលរដ្ឋ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ផងដែរ​។ 
 
​មន្ទីរ​កសិកម្ម​ខេត្ត​ក៏បាន​កែសម្រួល​នៃ​ភូតគាម​អនាម័យ និង​ការចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចម្ការ ដែលមាន​ការគាំទ្រ​ដោយ​ក្រសួងកសិកម្ម ដើម្បី​ឲ្យ​កសិករ​មានលទ្ធភាព​ល​ក់​ផលិតផល​ទៅ​ប្រទេស​ថៃ តាមរយៈ​សហគមន៍ ដោយ​ធានា​នូវ​បរិមាណ និង​គុណភាព​គេច​ផុតពី​ការ​បន្ទាប​តម្លៃ​កសិផល​។ 
 
​ក្រៅពី​ធានា​ការលក់​ផលិតផល​កសិកម្ម​សម្រាប់​កសិករ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន​ក៏បាន​ទាញយក​ផលិតផល​កសិកម្ម​ពី​ខេត្តពោធិសាត់ និង​បាត់ដំបង​ទៅកាន់​ទីផ្សារ​ប្រទេស​ថៃ​ផងដែរ​។

© រក្សាសិទ្ធិដោយ thmeythmey.com