គេហដ្ឋាន​ស្ថាបត្យករ​ល្បី លោក វណ្ណ ម៉ូលីវណ្ណ នៅ​ភ្នំពេញ ដាក់លក់​ក្នុងតម្លៃ​៧​លាន​ដុល្លារ​អាមេរិក​
ជាតិ
អចលនទ្រព្យ
គេហដ្ឋាន​ស្ថាបត្យករ​ល្បី លោក វណ្ណ ម៉ូលីវណ្ណ នៅ​ភ្នំពេញ ដាក់លក់​ក្នុងតម្លៃ​៧​លាន​ដុល្លារ​អាមេរិក​
23, May 2020 , 11:50 am        
រូបភាព
រូបភាព៖ ក្រុមហ៊ុនអចលនទ្រព្យ IPS Cambodia
រូបភាព៖ ក្រុមហ៊ុនអចលនទ្រព្យ IPS Cambodia
​ភ្នំពេញ​៖ ក្រុមហ៊ុន​អចលនទ្រព្យ IPS Cambodia បានប្រកាស​ដាក់លក់​គេហដ្ឋាន​ស្ថាបត្យករ​ល្បី លោក វណ្ណ ម៉ូលីវណ្ណ នៅ​ភ្នំពេញ​ក្នុងតម្លៃ​៧​លាន​ដុល្លារ​អាមេរិក​។ បុគ្គលិក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ខាងលើ​បាន​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey ថា ក្រុមហ៊ុន​ទើប​ទទួលបាន​សិទ្ធិ​ពី​ក្រុមគ្រួសារ​ដាក់លក់​គេហដ្ឋាន​របស់លោក វណ្ណ ម៉ូលីវណ្ណ តាំងពី​ជាង​១​សប្តាហ៍​មកហើយ​។ ស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ ទទួលមរណភាព​កាលពី​ឆ្នាំ​២០១៧​ក្នុង​អាយុ​៩១​ឆ្នាំ​។



​គេហដ្ឋាន​ស្ថាបត្យករ​លោក វណ្ណ ម៉ូលីវណ្ណ មាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី ម៉ៅ សេទុង ក្បែរ​ភោជនីយដ្ឋាន​ទន្លេបាសាក់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​អចលនទ្រព្យ IPS Cambodia បានប្រកាស​ដាក់លក់​គេហដ្ឋាន​ស្ថាបត្យករ​ល្បី លោក វណ្ណ ម៉ូលីវណ្ណ នៅ​ភ្នំពេញ​ក្នុងតម្លៃ​៧​លាន​ដុល្លារ​អាមេរិក​។ ដី​ទាំង​មូលនៃ​គេហដ្ឋាន​នេះ​មាន​ទំហំ​ជាង​៩០០​ម៉ែត្រក្រឡា​។ តាំងពី​ការប្រកាស​ដាក់លក់​មក មាន​អតិថិជន​សាកសួរ​ដែរ តែ​មិនទាន់​ត្រូវ​ថ្លៃ​គ្នា​។ 
 
​ប្រភព​ស្និទ្ធ​បំផុត​ជាមួយ​លោក វណ្ណ ម៉ូលីវណ្ណ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​Thmeythmey នៅ​ថ្ងៃ​សៅរ៍​នេះ​ថា គេហដ្ឋាន​លោក  វណ្ណ ម៉ូលីវណ្ណ បាន​កសាងឡើង​នៅ​ឆ្នាំ​១៩៦៥ និង​សាងសង់​រួចរាល់​ហើយ​តែម្តង​នៅ​ឆ្នាំ​១៩៦៦ ពោល គឺ​សាងសង់​ក្រោយ​ពហុ​កីឡដ្ឋាន​អូឡាំពិក​មួយឆ្នាំ​(១៩៦៤)​។ 
 
​ប្រភព​ដដែល​បាន​បញ្ជាក់ថា សំណង់​គេហដ្ឋាន​លោក វណ្ណ ម៉ូលីវណ្ណ នៅមាន​សភាព​រឹងមាំ​ល្អ ហើយ​អគារ​អាច​រក្សា​គុណភាព​រហូតដល់​១០០​ឆ្នាំ​ទៀត​។ ប្រភព​ដដែល និង​ក្រុមគ្រួសារ​ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន Thmeythmey ថា តំបន់​នេះ (​គេហដ្ឋាន​លោក វណ្ណ ម៉ូលីវណ្ណ​) កាលពី​អំឡុង​ទសវត្សរ៍​៦០ គឺជា​វាលស្រែ និង​បឹង រីឯ មហាវិថី​ម៉ៅ​សេទុង កាលនោះ គឺជា​ផ្លូវដី​។​
 
​លោក​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ​១៩២៦ នៅក្នុង​ខេត្តកំពត​។ លោក វណ្ណ ម៉ូលីវណ្ណ គឺជា​សិស្ស​ទី​១​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ​១៩៤៤​។ នៅ​ឆ្នាំ​១៩៤៧-១៩៥៦ លោក​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទី ក្រុង​បារី​ស ប្រទេស​បារាំង​។ 
 
​កាល​នៅមាន​ជីវិត​នៅឡើយ លោក​ស្ថាបត្យករ វណ្ណ មូលី​វណ្ណ ធ្លាប់បាន​និយាយប្រាប់ សារព័ត៌មាន​អេ​ឡិច​ត្រ​និក​Thmeythmey ថា​៖«​ខ្មែរ​គួរ​ខិតខំ​បង្កើត​ដោយ​ខ្លួនឯង​នូវ​អ្វីដែល​សម័យអង្គរ​បាន​បន្សល់ទុក​»​។ សម្រាប់​ស្ថាបត្យករ​រូបនេះ ស្ថាបត្យកម្ម​នៅ​កម្ពុជា​ដែល​សាងសង់​ដោយ​ជនបរទេស​មិន​ប្រាកដថា​ត្រឹមត្រូវ​នោះឡើយ​។ លោក វណ្ណ មូលី​វណ្ណ ធ្លាប់បាន​សំណូមពរ​ដល់​ស្ថាបត្យករ​ជំនាន់​ក្រោយ​យ៉ាង​ដូច្នេះ​ថា​៖«​ត្រូវ​រក្សា​អត្តសញ្ញាណ​ខ្មែរ​នៅក្នុង​សំណង់​ទាំងអស់​។ ខ្ញុំ​សង្ឃឹមថា កូនចៅ​ជំនាន់​ក្រោយ​នឹង​ខិតខំ​រក​គំនិត​ថ្មី ការឆ្នៃប្រឌិត​ថ្មី និង​បន្ថែម​លើ​សម័យបុរាណ​»៕  


រូបភាព៖ ក្រុមហ៊ុនអចលនទ្រព្យ IPS Cambodia


Tag:
 វណ្ណ ម៉ូលីវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com