ជាតិ
សង្គមជាតិ
ដំរី​«​បាក់​ម៉ៃ​» នៅ​ខេត្តរតនគិរី​ស្លាប់​ដោយសារ​ជំងឺ​
23, May 2020 , 1:59 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖«​បាក់​ម៉ៃ​»​ជា​ដំរី​ឈ្មោល​មួយ​ក្បាល​ដែលមាន​អាយុ​៣៧​ឆ្នាំ ក្នុងចំណោម​ដំរី​ទាំង​៤​ក្បាល​ដែល​កំពុងតែ​ស្ថិតនៅក្រោម​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់ ពី​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​បាន​ស្លាប់​ដោយសារ​ជំងឺ កាលពី​យប់​ថ្ងៃទី​២២ ខែឧសភា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​។ 


 
​បើតាម​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា មុននឹង​ដំរី​បាក់​ម៉ៃ​បាន​ស្លាប់ វា​មាន​អាការ​រាករូស​ខុសប្លែក​ធម្មតា រួចហើយ​វា​ក៏បាន​ដួល​ដោយ​ពុំ​ងើប​មកវិញ​។ ភ្លាមៗ​នោះ ហ្មដំរី និង​ម្ចាស់​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​ក៏បាន​បញ្ជូន​សត្វ​ដំរី​នោះ​ទៅ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​អង្ក​ការជំនាញ​ដំរី ដើម្បី​ជួយសង្គ្រោះ​សត្វ​ដំរី​នោះ តែ​ជា​អកុសល​ដំរី​នោះបាន​ស្លាប់​។​
 
​ក្រុមការងារ​សមាគម​អភិរក្ស​ដំរី​ខ្មែ​អៃ​រាវ​ត្តា​បាន​ប្រាប់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ដូច្នេះ​ថា​៖«​មុនពេល​វា​ងាប់​ហ្នឹង គេ​អត់​មាន​ឲ្យ​សញ្ញា​ដើម្បី​ឲ្យ​យើង​ដឹងថា​វា​ឈឺ​ទេ​។ ដល់ពេល​ព្រឹក​យើង​ក៏​ឃើញ​វា​ដួល រួចហើយ​យើង​ក៏​នាំ​វា​ទៅ​ពេទ្យ​។ ដល់ពេល​វា​ងើប​មកវា រាក​ផង និង​ក្អួត​ផង​។ យើង​ព្យួរសេរ៉ូម​វា​ជាង​២០​ប្លោក​ដែរ​។ វា​ក៏​ស្លាប់​នៅ​ម៉ោង​១​យប់​»​។ 
 
​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​ដំរី​នេះ ខាង​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា បាន​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចហើយ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​ដែល​បណ្តាល​ឲ្យ​ដំរី​នេះ​ស្លាប់​។ «​អាជ្ញាធរ​បាន​វះ​យក​គ្រឿងក្នុង​វា ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចហើយ នៅតែ​រង់ចាំ​លទ្ធផល​ពិតប្រាកដ​ថា​វា​ពិតជា​ស្លាប់​ដោយសារ​ជំងឺ​ពិត​មែនឬ​អត់​»​។ នេះ​ការបញ្ជាក់​ពី​ក្រុមការងារ​សមាគម​អភិរក្ស​ដំរី​ខ្មែ​អៃ​រាវ​ត្តា​។​
 
​ក្រុមការងារ​សមាគម​អភិរក្ស​ដំរី​ខ្មែ​អៃ​រាវ​ត្តា​បាន​បញ្ជាក់ថា សាកសព​របស់​ដំរី​នេះ ខាង​សមាគម​បាន​យកទៅ​កប់​នៅ​សមាគម​អភិរក្ស​ដំរី​ខ្មែ​អៃ​រាវ​ត្តា​រួចហើយ​។  
 
​បើតាម​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា ការបាត់បង់​ដំរី​«​បាក់​ម៉ៃ​» គឺជា​ការបាត់បង់​ធនធាន​សត្វ​ដំរី​ដែលជា​បេតិកភណ្ឌ​ធម្មជាតិ​របស់​ជាតិ​ដែល​សមាគម​បាន​ខិតខំ​ថែរក្សា និង​អភិរក្ស​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​ដែលមាន​ការគាំទ្រ​ពី​ក្រសួងបរិស្ថាន និង​បណ្តា​ស្ថាប័ន​ជាតិ​ផ្សេងទៀត​ដែល​បាន​ចូលរួម​គាំទ្រ​បរិស្ថាន និង​សង្គម​។​
 
​ទាក់ទង​នឹង​ការស្លាប់​របស់​ដំរី​នេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែល​តំណាង​ឲ្យ​ក្រសួងបរិស្ថាន​បានផ្តល់​ថវិកា​២​ម៉ឺន​ដុល្លារ ដល់​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា សម្រាប់​ការពារ និង​អភិរក្ស​សត្វ​ដំរី នៅ​ខេត្តរតនគិរី ក៏មាន​ការសោកស្តាយ​ចំពោះ​ការបាត់បង់​នូវ​ដំរី​មួយ​ក្បាល​នេះ​។ 
 
​លោក នេត្រ ភក្ត្រា បានស្នើ​សុំ​ឲ្យ​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា នៅ​ខេត្តរតនគិរី យក​គ្រោងឆ្អឹង​របស់​សត្វ​ដំរី​នេះ ច្នៃ​ជា​សំណាក​សត្វ​ដំរី ដើម្បី​ដាក់តាំង​បង្ហាញ​នៅ​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​។ 
 
​គួររំលឹកថា​«​បាក់​ម៉ៃ​» ជា​ដំរី​ឈ្មោល​ដែល​ដែល​កាច ហើយ​ធ្លាប់​សម្លាប់​ហ្ម​របស់ខ្លួន​កាលពី​ជិត​៣​ឆ្នាំមុន នៅក្នុង​ខេត្តមណ្ឌលគិរី​។ ក្រោយ​ហេតុការណ៍​នេះ បាក់ ម៉ៃ ត្រូវបាន​សមាគមន៍​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា ដែលមាន​ទីតាំងនៅ​ខេត្តរតនគិរី សុំ​វា​មក​ចិញ្ចឹម​។ បច្ចុប្បន្ន​លោក ប៊ុន​រឿន ជា​ហ្មដំរី​បាក់​ម៉ៃ​។ បើតាម​លោក ប៊ុន​រឿន បាក់ ម៉ៃ អាច​ដឹក​ភ្ញៀវ​ទេចរ​ដើរ​កំសាន្ត​តាម​ព្រៃ​សហគមន៍ ជាពិសេស​ភ្ញៀវ​ទេសចរណ៍​មកលេង​ទីនេះ ក៏​ស្រលាញ់​បាក់ ម៉ៃ ខ្លាំង​ផងដែរ ដោយ​ភាព​ស្លូតបូត របស់​ដំរី​ឈ្មោល​មួយ​នេះ​។​
 
​ការបាត់បង់​បាក់​ម៉ៃ​នេះ ធ្វើ​ឲ្យ​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​គឺ​នៅសល់តែ​ដំរី​៣​ក្បាល​ទៀត​តែប៉ុណ្ណោះ​ដែល​កំពុងតែ​ស្ថិតនៅក្រោម​ការថែទាំ និង​ការពារ​។ 
 
​សូមបញ្ជាក់ថា កម្ពុ​ជាមាន​ដំរី​សរុប​ចំនួន​ជាង​៥០០​ក្បាល ក្នុងនោះ​មាន​ដំរី​ស្រុក​ចំនួន​៧០​ក្បាល​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។​
 





Tag:
 ដំរី​
 ​បាក់​ម៉ៃ​
© រក្សាសិទ្ធិដោយ thmeythmey.com