COVID-19
ជាតិ
ក្រោយ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់​ថ្មី សម្ដេច ហ៊ុន សែន រំឭក​កុំឱ្យ​ពលរដ្ឋ​ទៅ​កន្លែង​ផ្ដុំគ្នា​
23, May 2020 , 2:46 pm        
រូបភាព
​ភ្នំពេញ​៖ ជាថ្មី​ម្ដងទៀត សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាម​កុំឱ្យ​ពលរដ្ឋ​ទៅ​កន្លែង​ណា ដែល​សម្បូរ​មនុស្ស​ច្រើន នាំឱ្យមាន​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។ សម្ដេច លើកឡើង​បែបនេះ ក្រោយពី​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់​ថ្មី​ទៀត​។​

 
​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើនរំឭក​ប្រជាពលរដ្ឋ ឱ្យ​យល់ដឹង​ខ្ពស់​អំពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។ ជាពិសេស​ត្រូវ​បង្កើន​អនាម័យ​សុខភាព​រស់នៅ​ឱ្យបាន​ល្អ តាមរយៈ​ការពាក់​ម៉ាស ឬ​ក្រ​ម៉ា និង​លាង​សម្អាត​ដៃ​ឱ្យបាន​ស្អាត​ជាប្រចាំ​ជាមួយ​សាប៊ូ​, ទឹក​អាល់កុល​ឬ ទឹក​កម្ចាត់​មេរោគ​និង​បាក់តេរី​ផ្សេងៗ​។ 
 
«​សូមកុំ​ចម្លងរោគ​ពី​យើង​ទៅ​គេ ហើយក៏​កុំ​ចម្លងរោគ​ពី​គេ​មក​ក្រុមគ្រួសារ​យើង​ផងដែរ​។ កន្លែង​ណា​ដែល​មិនចាំបាច់​ទៅ សូម​កុំទៅ ជាពិសេស​ទីកន្លែង​ដែលមាន​ក្រុមមនុស្ស​ច្រើន​។ សូម​ស្តាប់​នឹង​ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ជាប់​ជានិច្ច​»​។ នេះ​ជាការ​រំឭក​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ស្នើឱ្យ​ពលរដ្ឋ ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​(​សូម​ទូរ​ស័​ព្វ​មក​លេខ ១១៥) បើ​មានការ​សង្ស័យ​មាន​ករណី​ជំងឺ​កូ​វីដ​១៩ លើ​អ្នកណាម្នាក់ ឬ​ចំពោះ​ខ្លួនឯង​ផ្ទាល់ ។​
 
​កម្ពុជា​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់​ទៀត រយៈពេល​ពីរ​ថ្ងៃនេះ ក្រោយ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​១២២​នាក់​បានជា​សះស្បើយ កាលពី​សប្តាហ៍​មុន​។ ស្ថិតិ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ តាម​ការបញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) មកទល់ពេលនេះ គឺ​បាន​កើនឡើង​រហូតដល់​ជិត​៥​លាន​នាក់ (៤,៩៩៥,៩៩៦) ដែលមាន​អ្នកស្លាប់​ជាង​៣០​ម៉ឺន​នាក់ (៣២៧,៨២១) ។ ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​វីដ​១៩ នេះ កំពុង​វាយលុក​លើ ២១៦ ប្រទេស​។​

Tag:
 ​ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com