អន្តរជាតិ
តើ​គេ​វាស់​គុណភាព​ខ្យល់​ដោយ​ដូចម្តេច​?
23, May 2020 , 3:09 pm        
រូបភាព
​គុណភាព​ខ្យល់​បានក្លាយ​ទៅជា​រឿង​សំខាន់​នៅតាម​បណ្តា​ទីក្រុង​ធំៗ​នានា​នៅ​ជុំវិញ​ពិភពលោក​។ វា​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅកាន់​សុខភាព​របស់​ប្រជាជន ជាពិសេស​សុខភាព​នៃ​ប្រព័ន្ធ​ដង្ហើម​របស់​មនុស្ស​។ គុណភាព​ខ្យល់​គឺជា​ការវាស់វែង​បរិមាណ​ផង់​កខ្វក់​តូចៗ​ល្អិតៗ​ដែលមាន​នៅក្នុង​បរិយាកាស​នៃ​តំបន់​ណា​មួយ​។ គុណភាព​ខ្យល់​ត្រូវបាន​វាស់វែង​ដោយ​ឧបករណ៍​មួយ​ដែលមាន​ឈ្មោះថា​«Air Quality Monitor»​។

 
​គេហទំព័រ equipcoservices.com បាន​ពន្យល់ថា ជាទូទៅ​ឧបករណ៍​វាស់​គុណភាព​ខ្យល់​មាន​ប្រព័ន្ធ Sensor ចំនួន​បី​កន្លែង​ដែលមាន​តួរ​នាទី​ក្នុងការ​ចាប់យក និង​វាស់វែង​បរិមាណ អុកស៊ីសែន កាបូនម៉ូណូអុកស៊ីត និង​កាបូនឌីអុកស៊ីត​។ ចំពោះ អុកស៊ីសែន និង​កាបូនម៉ូណូអុកស៊ីត ឧបករណ៍​នេះ​ប្រើប្រាស់​ប្រព័ន្ធ Sensor អា​ឡិច​ត្រូ​គីមី (Electrochemical) ដែល​បញ្ចេញ​លទ្ធផល​ជា​ចរន្ត​អគ្គីសនី​សម្រាប់​ការពិនិត្យ​ដោយ​ឧ​បករ​
 
​ចំណែកឯ​កាបូនឌីអុកស៊ីត​វិញ ឧស្ម័ន​មួយ​នេះ​ត្រូវបាន​វាស់វែង​ដោយ​ការប្រើប្រាស់​រលក​ពន្លឺ Infrared បញ្ចាំង​ទៅកាន់​ឧស្ម័ន​នោះ​ដែលមាន​នៅក្នុង​ឧបករណ៍​។ លទ្ធផល​ជា​តួរ​លេខ​ជាក់ស្តែង​ទាំងឡាយ​ត្រូវបាន​គេ​យកមក​ប្រៀបធៀប​ជាមួយនឹង​តារាង AQI ឬ Air Quality Index ។ តារាង AQI នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ជាទូទៅ​នៅតាម​តំបន់​ជាច្រើន​ក្នុង​ពិភពលោក​។ តារាង​នេះ​មានតម្លៃ​លេខ​ពី​លេខ ០ ទៅកាន់​លេខ ៥០០ ។ 
 
​គេហទំព័រ scijinks.gov បាន​បញ្ជាក់ថា ចំពោះ​ប្រព័ន្ធ​តារាង AQI គេ​ធ្វើការ​វាស់វែង​កង្វក់​ខ្យល់​ចំនួន​៥​ចំណុច​ធំៗ​។ ក្នុងនោះ​មាន Ground level Ozone, កាបូនម៉ូណូអុកស៊ីត​, ស៊ុ​ល​ផួ​អុកស៊ីត​, អាសូតអុកស៊ីត និង ផង់​ធូលី​ផ្សេងៗ​ក្នុង​ខ្យល់ (Airborne Particles)​។ Ground level Ozone និង ផង់​ធូលី​ក្នុង​ខ្យល់​គឺជា​អ្នក​ដែល​បង្ក​ឲ្យ​មាន​ភាព​អ័​ព្វ​នៅក្នុង​ខ្យល់ កាត់បន្ថយ​ការមើលឃើញ​ឆ្ងាយ​។ Ozone មាន​លក្ខណៈ​ខុសគ្នា​ពី Ground level Ozone​។ Ozone ធម្មតា​ដែលមាន​វត្ត​មាននៅ​រយៈ​កម្ពស់​ខ្ពស់​មាន​តួរ​នាទី​សំខាន់​ក្នុងការ​ទប់ស្កាត់​កាំរស្មី UV ពី​ព្រះអាទិត្យ​។ តែ Ground level Ozone វិញ​កើតចេញពី កាបូនម៉ូណូអុកស៊ីត អាសូតអុកស៊ីត ឬ​មេតាន​នៅពេលដែល​ឧស្ម័ន​ទាំងនេះ​មានប្រតិកម្ម​ជាមួយនឹង​ពន្លឺព្រះអាទិត្យ​។ ភាគច្រើន​វា​ចេញ​មកពី​តំបន់ឧស្សាហកម្ម ឬ​យានជំនិះ​ជាដើម​។ 
 
​ផង់​ធូលី​គឺជា​គ្រាប់​ដី​តូចៗ​ឆ្មារៗ​មាន​ប្រភព​មកពី​ការដ្ឋាន​សំណង់ បំពង់ផ្សែង​រោងចក្រ ភ្លើង​ឆេះ​ព្រៃ ឬ​សកម្មភាព​ភ្នំភ្លើង​ជាដើម​។ តម្លៃ​លេខ​ក្រោម ៥០ បង្ហាញថា​មាន​សុ​វត្តិភាព​ខ្ពស់​ក្នុងការ​ដកដង្ហើម ចំណែកឯ​តម្លៃ​លេខ​ពី ៣០១ ទៅកាន់ ៥០០ បង្ហាញ​ពី​ភាពគ្រោះថ្នាក់​ខ្ពស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គុណភាព​ខ្យល់​ក៏ត្រូវ​បាន​គេ​ពិនិត្យ​បន្ថែម​ពី​ក្នុង​លំហ​ផងដែរ ជាមួយនឹង​ក្រុម​ផ្កាយរណប​ជាច្រើន​ដែល​ដាល​ជា​គន្លង​ជុំវិញ​ភពផែនដី​។ 
 
​រដ្ឋបាលជាតិ​ទទួលបន្ទុក​ផ្នែក​សមុទ្រ និង​បរិយាកាស (National Oceanic and Atmospheric Administration) របស់​សហរដ្ឋអាមេរិក ឬ NOAA ដាក់​ឲ្យ​ដំណើរការ​ផ្កាយរណប GOES-R ឬ Geostationary Operational Environmental Satellites-R ក្នុងការ​ពិនិត្យ​គុណភាព​ខ្យល់​ក្នុង​បរិយាកាស​រៀងរាល់​៥​នាទី​ម្តង​ផងដែរ​។ ចំណែកឯ​ផ្កាយរណប JPSS មាន​តួរ​នាទី​ក្នុងការ​ពិនិត្យមើល​ផង់​ធូលី​ដែល​កើតចេញពី​ភ្លើង​ឆេះ​ព្រៃ​ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com