ជាតិ
សង្គមជាតិ
៤​ខែ សមត្ថកិច្ច​ឃាត់​ជនល្មើស​គ្រឿងញៀន​ជាង​៧​ពាន់​នាក់
23, May 2020 , 3:42 pm        
រូបភាព
រូបភាពពីអគ្គស្នងការដ្ឋាន​នគរបាលជាតិ​
រូបភាពពីអគ្គស្នងការដ្ឋាន​នគរបាលជាតិ​
ដោយ:
​ភ្នំពេញ​៖ រយៈពេល​៤​ខែ​កន្លងទៅ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឃាត់​អ្នកពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ជាង​៧​ពាន់​នាក់ ដោយ​ក្នុងនោះ​មាន​អ្នកជួញដូរ​គ្រឿងញៀន​ជិត​៤​ពាន់​នាក់  រួមទាំង​ប្រមូលបាន​គ្រឿងញៀន​ជាង​៤០០​គីឡូ​ក្រោម​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​របស់​នគរបាលជាតិ​។

 
​របាយការណ៍​ពី លោក ម៉ក់ ជី​តូ អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញថា ក្នុង​ប្រតិបត្តិ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​២០២០ សមត្ថកិច្ច​បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន​ចំនួន​៣,៥៧២​ករណី ដោយ​ឃាត់​មនុស្ស​ចំនួន​៧,០៤១​នាក់ (​ស្ត្រី​ចំនួន​៤៣៥​នាក់​)  ក្នុងនោះ​ជនបរទេស​ចំនួន​១១៤​នាក់​។ 
 
​ក្នុងចំណោម​ជនបរទេស​ទាំង​១១៤​នាក់​ដែល​ឃាត់​បាន ហើយ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​ចំនួន​៧៥​នាក់ ចិន ២១​នាក់ ថៃ ៥​នាក់ ឡាវ​៣​នាក់ ហ្វីលីពីន​២​នាក់ សិង្ហបូរី​២​នាក់ អង់គ្លេស​២​នាក់ ជប៉ុន​១​នាក់ ឥណ្ឌូនេស៊ី​១​នាក់ ហុងកុង​១​នាក់ និង​ភូមា​១​នាក់​។ 
 
​ក្នុង​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា គិត​ត្រឹម​ខែមេសា​ឆ្នាំ​២០២០ សមត្ថកិច្ច​ប្រមូលបាន​គ្រឿងញៀន​១៩២​គីឡូក្រាម ក​ញ្ជា​ស្ងួត​ចំនួន​២២៥​គីឡូក្រាម និង​ក​ញ្ជា​ស្រស់​ប្រមាណ​១៨០,៤៩០​ដើម​។​
​បើតាម​របាយការណ៍ ករណី​បទល្មើស​គ្រឿងញៀន​ចាប់ពី​១០០​ក្រាម​ឡើងទៅ ក្នុង​រយៈពេល​បួន​ខែ​កន្លងទៅនេះ សមត្ថកិច្ច​ជំនាញ​បង្ក្រាបបាន​ចំនួន​៥៩​ករណី ឃាត់ខ្លួន ១២៧​នាក់ ស្រី​១៤ នាក់ ក្នុងនោះ​មាន​មេក្លោង​២៧​នាក់ និង​បណ្តាញ​ចំនួន​១០០​នាក់ រឹបអូស​គ្រឿងញៀន​បាន​ជាង​១៦៩​គីឡូក្រាម និង​បញ្ជូនទៅ​តុលាការ​ជាង​២០​នាក់ ។​
 
​បើតាម​ការដកស្រង់រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ លោក ម៉ក់ ជី​តូ ដែល​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការ​បូកសរុប​លទ្ធផល​កិច្ចប្រតិបត្តិការ ៤​ខែ ដើមឆ្នាំ​២០២០ និង​ផ្សព្វផ្សាយ​ផែនការ​អនុវត្ត​បន្ត​នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០​ថា ខណៈដែល​គ្រឿងញៀន​កំពុងតែ​ចលាចល​ក្នុងសង្គម លោក​ជំរុញ​ឲ្យ​នគរបាល​បន្ត​អនុវត្ត​ការងារ​ចុះបង្ក្រាប​គ្រឿងញៀន​ប្រកបដោយ​វិជ្ជាជីវៈ​នគរបាល និង​ណែនាំ​ឲ្យ​នគរបាល​បង្កើន​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​មន្ត្រី​បន្ថែមទៀត​។ លោក ប្រាប់​ទៅ​នគរបាល​ថា មិនត្រូវ​លើកលែង​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ឡើយ​៕   

Tag:
 សមត្ថកិច្ច​
  គ្រឿងញៀន​
 ​ជនបរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com