COVID-19
ជាតិ
សង្គមជាតិ
ក្រសួងផែនការ សម្រុក​ស្រង់​ទិន្នន័យ​ពលរដ្ឋ​ប៉ះពាល់​ដោយសារ​កូ​វីដ​-១៩
23, May 2020 , 4:09 pm        
រូបភាព
សកម្មភាពក្រសួងសង្គមកិច្ច ចុះចែកអំណោយដល់គ្រួសារក្រីក្រនៅខេត្តត្បូងឃ្មុំ (រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងសង្គមកិច្ច)
សកម្មភាពក្រសួងសង្គមកិច្ច ចុះចែកអំណោយដល់គ្រួសារក្រីក្រនៅខេត្តត្បូងឃ្មុំ (រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងសង្គមកិច្ច)
​ភ្នំពេញ​៖ ក្រសួងផែនការ​កំពុង​សម្រុក​ស្រង់​ទិន្នន័យ​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល​២​ខែ ចាប់ពី​ដើម​ឧសភា​ដល់​ខែ​ចុង​មិថុនា ដើម្បី​ជួយ​ដោះស្រាយ​ការលំបាក​របស់​ពួកគេ​។​


 
​លោក ស្រី ដា ​​អ្នកនាំពាក្យ​ក្រសួង​ផែនការ បាន​បញ្ជាក់ថា គោលបំណង​នៃ​ការចុះ​ស្រង់​ទិន្នន័យ​គ្រួសារ​ដែល​រង​ផលប៉ះពាល​ដោយសារ​កូ​វីដ​-១៩​នេះ គឺ​ដើម្បី​ធ្វើ​បណ្ណ​សមធម៌ សម្រាប់​ទទួលបាន​ការ​ជួយឧបត្ថម្ភ​។ លោក ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖ «​ការ​ស្រង់​ទិន្នន័យ​នេះ គឺ​ផ្ដោតលើ​គ្រួសារ​ដែល​ប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ និយាយ​ឲ្យ​ចំ​គឺ​អ្នកមាន​ជីវភាព​ខ្វះខាត​នៅ​ទូទាំងប្រទេស​នៅ​អំឡុងពេល​កូ​វីដ​-១៩ ដោយ​ស្រង់​នៅ​តំបន់​ជនបទ​ឲ្យ​ហើយ​ក្នុង​ចុងខែ​ឧសភា ហើយ​ទីប្រជុំជន​ឲ្យ​ហើយ​នៅ​ចុងខែ​មិថុនា​នេះ​»​។ 
 
​ចំពោះ​គ្រួសារ​នៅ​តំបន់​ជនបទ ក្រសួង​នឹង​ពិនិត្យ​លើ ផ្ទះសម្បែង ទ្រព្យសម្បត្តិ ឧបករណ៍ប្រើប្រាស់ ការជាប់​បំណុល និង​សមាជិកគ្រួសារ​ក្នុងបន្ទុក​ធៀប​នឹង​សមាជិកគ្រួសារ​រក​ចំណូល​ជាដើម​។ រីឯ​គ្រួសារ​ទីប្រជុំជន ក្រសួង​នឹង​ពិនិត្យ​លើ​ប្រាក់ចំណូល​ចំណាយ បំណុល ស្ថានភាព​អប់រំ ជំងឺ ពិការភាព ក្នុង​សមាជិកគ្រួសារ​។ បន្ទាប់ពី​ស្រង់​ទិន្នន័យ​បាន​ហើយ ក្រុមការងារ​ភូមិ​និង​ក្រុម​ជំនាញ​របស់​ក្រសួង នឹង​វាយតម្លៃ​សម្រេច​ហើយ បិទ​ប្រកាស​ឈ្មោះ​គ្រួសារ​ដែល​ទទួលបាន​ប​ណ្ណ​សមធម៌​នៅតាម​តំបន់​មូលដ្ឋាន​។ «​ករណី​មាន​ពលរដ្ឋ​ណា​មិន​យល់ព្រម​ឬ​មាន​ជំទាស់ ពលរដ្ឋ​អាចធ្វើ​ការតវ៉ា​ក្រុមការងារ​នឹង​ពិនិត្យ​ចុះ​ពិនិត្យឡើងវិញ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ស្រី ដា។ 
 
​លោក ស្រី ដា អះអាងថា សម្រាប់​គ្រួសារ​ដែលមាន​បណ្ណ​ធម៌​នេះ  នឹង​ទទួលបាន​សេវា​សុខភាព សេវា​គាំទ្រ​ដល់​កុមារកំព្រា​និង​ជន​ងាយ​រងគ្រោះ ស្រី្ត​មាន​ផ្ទៃពោះ អាហារ​រូបករណ៍​ដល់​សិស្ស​ក្រីក្រ​នៅ​ថ្នាក់​បឋម និង​សេវា​ផ្នែក​ច្បាប់​ជាដើម​។ លើ​ពីនេះ​នឹង​ទទួលបាន​ការប្រាក់​ឧបត្ថម្ភ​តាម​គោលនយោបាយ​ជូន​ជនពិការ​ក្រីក្រ​ផងដែរ​។ 
 
«​ចំពោះ​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ឬអ្វី​ផ្សេងៗ​ទៀត យើង​រង់ចាំ​អនុក្រឹត្យ​ថ្មី​របស់​រាជរដ្ឋាភិបាល សម្រេច​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ការងារ​ចំពោះមុខ​ត្រូវធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ​ដែល​កំពុងមាន ក្នុងអំឡុងពេល​កូ​វីដ​-១៩​ប៉ុន្មាន​គ្រួសារ​សិន​»​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ស្រី ដា ដោយ​បន្ថែម បច្ចុប្បន្ននេះ ក្រុមការងារ​កំពុង​ស​ម្រុ​ក​ចុះ​ប្រមូល​ទិន្នន័យ មិនទាន់មាន​តួលេខ​នោះទេ ប៉ុន្តែ​តាម​គោលការណ៍​គឺ​ត្រូវខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ហើយ​មុន​ចុងខែ​មិថុនា​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com