ជាតិ
ខេត្ត​ព្រះសីហនុ កែច្នៃ​ឆ្នេរ​ថ្មី​មួយទៀត​នៅ​ពយ​ជំទាវ​ម៉ៅ ដើម្បី​ទាក់ទាញ​ទេសចរ​
23, May 2020 , 4:39 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ កំពុង​រៀបចំ​ឈូសឆាយ​ឆ្នេរ​ថ្មី​មួយ​បន្ថែមទៀត ទុកជា​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​តាម​ទូរ​សព្ទ​ថា ឆ្នេរ​ថ្មី​នេះ មាន​ទីតាំង​ស្ថិត​តំបន់​ពយ​ជំទាវ​ម៉ៅ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ នៅ​មិន​ឆ្ងាយ​ពី​ឆ្នេរ​អូរ​ឈើទាល​ឡើយ​។​


 
​ជាទី​តាំង​មាន​ខ្សាច់​សក្បុស ទឹកសមុទ្រ​ថ្លាឈ្វេង និង​មាន​ដើមឈើ​ដុះ​ប្រប​គួរ​ជាទី​គយគន់ ឆ្នេរ​ថ្មី នឹង​ក្លាយជា​តំបន់​ដ៏​ទាក់ទាញ​មួយទៀត​របស់​ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​។​
 
​អ្នកនាំពាក្យ​ដដែល បញ្ជាក់ថា កន្លងមក​អាជ្ញាធរ​មិនបាន​រៀបចំ​តំបន់ឆ្នេរ​នេះ គឺ​ដោយសារតែ​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ តែ​ពេលនេះ​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​រៀបចំ​រួចហើយ ហើយ​ការកែលម្អ​សោ​ភណ្ឌ​ភាព​ឆ្នេរ​ថ្មី​នេះ នឹង​ទាក់ទាញ​ភ្ញៀវ​បានទេ​សចរ​ជាតិ និង​អន្តរជាតិ​កាន់តែច្រើន​។ ក្រៅពី​អំពាវនាវ​ឲ្យ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​តំបន់ឆ្នេរ​ថ្មី ពយ​ជំទាវ​ម៉ៅ លោក ឃាង ភារ​ម្យ ក៏​ស្នើ​ឲ្យ​ពួកគាត់​ចូលរួម​ថែរក្សា​បរិស្ថាន និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន នៅ​ខេត្ត​ព្រះសីហនុ មាន​ឆ្នេរ​ដូចជា ឆ្នេរ​អូរ​ឈើទាល​១, ឆ្នេរ​អូរ​ឈើទាល​២, ឆ្នេរ​អូរត្រេះ​១, ឆ្នេរ​អូរត្រេះ​២, ឆ្នេរ​ឯករាជ្យ​, ឆ្នេរ​សុខា​, ឆ្នេរ​រាម និង​ឆ្នេរ​លំហែកាយ​៕ 

រូបភាព​ពី​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ៖









© រក្សាសិទ្ធិដោយ thmeythmey.com