២​សប្ដាហ៍​នេះ មាន​ភ្ញៀវទេសចរ​ជាង ២៥​ម៉ឺន​នាក់ ដើរ​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​ឡើងវិញ​
COVID-19
ជាតិ
២​សប្ដាហ៍​នេះ មាន​ភ្ញៀវទេសចរ​ជាង ២៥​ម៉ឺន​នាក់ ដើរ​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​ឡើងវិញ​
23, May 2020 , 5:09 pm        
រូបភាព
​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បន្ត​កើន​ឡើងវិញ ក្នុង​រយៈពេល​២​សប្ដាហ៍ នៃ​ខែឧសភា​នេះ ខណៈពេល​ស្ថានការណ៍​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា ធូរស្រាល​ជាង​ប្រទេស​ដទៃ​។ ២​សប្ដាហ៍​នេះ មាន​ភ្ញៀវទេសចរ​ជាង​២៥​ម៉ឺន​នាក់ ដែល​កើនឡើង​ជាង​៤០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​២​ប្ដា​ហ៍ នៃ​ខែមេសា​។

 
​ក្រសួងទេសចរណ៍ បាន​ស្រង់​សម្តី​លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​សម្រាប់​រយៈពេល​ចាប់ពី​ថ្ងៃទី​០៤-១៧ ខែឧសភា ឆ្នាំ​២០២០ ភ្ញៀវទេសចរ​ដែល​បានធ្វើ​ដំណើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស បាន​បន្ត​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយមាន​ចំនួន​សរុប​ប្រមាណ ២៥៦,៥៤១​នាក់​កើនឡើង ៤៦.៧៦​ភាគរយ​ធៀប​នឹង​ពីរ​សប្តាហ៍​នៃ​ចុង​ខែមេសា​កន្លងមក​»​។​
 
​ភ្ញៀវទេសចរ​សរុប​ជាង ២៥​ម៉ឺន​នាក់​នោះ មាន​ភ្ញៀវ​ជាតិ​មាន​ប្រមាណ ២៥៣,២៥៦ នាក់​កើនឡើង ៤៦.៦៤ ភាគរយ និង​ភ្ញៀវ​បរទេស​មាន​ប្រមាណ ៤,២៨៥ នាក់​កើនឡើង ៧.៤៧ ភាគរយ​។​ពួកគេ​ភាគច្រើន​បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​អេកូ​ទេសចរណ៍​នា​ភូមិភាគ​ឦសាន ភាគ​និរតី និង​តំបន់ឆ្នេរ ពិសេស​ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្ត​កែប​។ នេះ​បើតាម​លោក ថោង ខុន​។​
 
​រដ្ឋមន្ត្រី​ទេសចរណ៍​រូបនេះ ក៏បាន​ជំរុញ​ឱ្យ​វិស័យ​ឯកជន​រៀបចំ​នូវ​វិធានការ​ស្ដង់ដា​ពិសេស សម្រាប់​សុវត្ថិភាព​ទេសចរណ៍ ក្នុងនោះ​រួមមាន​ក្រម​ប្រ​ត្តិ​ប​ត្តិ​គោលការណ៍​ណែនាំ​ចាំបាច់​បន្ថែម​ពីលើ​វិធានការ​សុវត្ថិភាព និង​អនាម័យ​ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល​។ ជាពិសេស​លក្ខខណ្ឌ​តម្រូវការ​ចាំបាច់​មួយចំនួន ចំពោះ​បុគ្គលិក ភ្ញៀវទេសចរ និង​ដៃគូ​សហប្រតិបត្តិការ​តាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន​ទៀតផង​។​
 
​គួរ​បញ្ជាក់ថា កម្ពុជា​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់​ទៀត ក្រោយពី​អ្នក​ជំ​ងឹ​១២២​នាក់ បានជា​សះស្បើយ កាលពី​សប្ដាហ៍​មុន​៕

Tag:
 COVID-19
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com