អន្តរជាតិ
Rihanna មានទ្រព្យសម្បត្តិច្រើនជាងម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២
× ដើមកំណើតបាបាដូស Rihanna ដែលបច្ចុប្បន្នរស់នៅទីក្រុងឡុងដ៍ បានក្លាយជាតារាចម្រៀងដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅចក្រភពអង់គ្លេស។ បើតាមតារាងចំណាត់ថ្នាក់របស់ Sunday Times តារាវ័យ៣២ឆ្នាំរូបនេះ ស្ថិតក្នុងលេខរៀងទី២៨២ក្នុងបញ្ជី Rich List 2020 ដោយមានទ្រព្យច្រើនជាងម្ចាស់ក្សត្រី អេលីហ្សាបែត ទី២ ទៅទៀត។
Rihanna ដែលប្រឡូកក្នុងពិភពតន្ត្រីតាំងពីឆ្នាំ២០០៣ ត្រូវបានវាយតម្លៃថា មានទ្រព្យសម្បត្តិប្រមាណ៦០០លានដុល្លារអាមេរិក។ ទ្រព្យទាំងនោះ បានពីការលក់ឌីសចម្រៀង ការប្រគំតន្ត្រី រួមទាំងចំណូលពីការលក់ផលិតកែសម្ផស្សម៉ាក Fenty Beauty។
Rihanna មានចំណាត់ថ្នាក់នាំមុខតារាចម្រៀង Mick Jagger, Elton Jonh និង Adele ជាដើម ប៉ុន្តែនៅពីក្រោយអ្នកនិពន្ធតន្ត្រី លោក Andrew Lloyd Webber និង Paul McCartney ។ តារាចម្រៀងបាបាដូសរូបនេះ ក៏មានចំណាត់នាំមុខម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ផងដែរ ដែលបច្ចុប្បន្នព្រះអង្គស្ថិតនៅលេខរៀងទី៣៧២ ជាមួយនឹងព្រះរាជទ្រព្យប្រមាណ៤២៧លានដុល្លារអាមេរិក។
តាមតារាង Rich List 2020 របស់ Sunday Times អ្នកមានទ្រព្យសម្បត្តិច្រើនជាងគេនៅអង់គ្លេស គឺ Sir James Dyson និងគ្រួសារ (ជិត២០ពាន់លានដុល្លារ)៕
© រក្សាសិទ្ធិដោយ thmeythmey.com