ជាតិ
លោក ពេជ្រ ស្រស់​៖ បម្រាម​សម្ដេច ហ៊ុន សែន មិន​ប៉ះពាល់​ការងារ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ឡើយ ប៉ុន្តែ​វា​អាស្រ័យ​លើ​សមត្ថភាព​សមាជិក​ទៅវិញ​ទេ​
23, May 2020 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន បានចេញ​បម្រាម​ហាម​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ចុះ​ដោះស្រាយ​រាល់​ទំនាស់​ដីធ្លី ដែល​តុលាការ​និង​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ដោះស្រាយ​រួចហើយ​ឡើយ នៅ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​។​សម្ដេច ក៏​ហាម​ឧ​ត្ត​ម​ក្រុមប្រឹក្សា មិនឱ្យ​បញ្ជូន​សំណុំរឿង​វិវាទ​ដីធ្លី​រវាង​បុគ្គល​និង​បុគ្គល ជូនទៅ​សម្តេច​ដោះស្រាយ​ដែរ​។ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​លោក ពេជ្រ ស្រស់ អះអាងថា បម្រាម​របស់​សម្ដេច ហ៊ុន សែន មិន​ប៉ះពាល់​ដល់​ការងារ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ឡើយ ប៉ុន្តែ​វា​អាស្រ័យ​លើ​សមត្ថភាព​ការងារ​របស់​សមាជិក ក្នុងការ​បំពេញ​សកម្មភាព កុំឱ្យ​ប៉ះពាល់​ផលប្រយោជន៍​រួម​ទៅវិញ​ទេ​។​

 
​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ យល់ថា ការសម្រេច​របស់​សម្ដេច ហ៊ុន សែន គឺ​សម​ស្របតាម​មុខងារ និង​តួនាទី​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដែល​បំពេញការងារ​នៅក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​។ ក្នុងន័យនេះ​លោក ពេជ្រ ស្រស់ ចង់​ពន្យល់ថា តួនាទី​នីតិប្រតិបត្តិ គឺ​គ្មាន​សិទ្ធិអំណាច​លូកដៃ​ចូល​កិច្ចការ​តុលាការ ដែល​បានសម្រេច​នោះទេ តួយ៉ាង​ដូចជា​ករណី​ដីធ្លី​ជាដើម​។​
 
​សម្រាប់​លោក ពេជ្រ ស្រស់ ការហាម​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ចុះ​ដោះស្រាយ​បញ្ហាដីធ្លី​នេះ វា​មិន​ប៉ះពាល់​ដល់​ការងារ​ស្ថាប័ន​ខ្លួន​ឡើយ ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ភាព​វ័យឆ្លាត និង​សមត្ថភាព​បំពេញការងារ​របស់​ស​មា​ជិ​ក​ទាំងអស់​។ បើតាម​លោក ពេជ្រ ស្រស់ បម្រាម​របស់​សម្ដេច​នេះ គឺ​គាត់​បាន​ហាម​មកជា​យូរណាស់​មកហើយ ប៉ុន្តែ​គ្រាន់តែ​សមាជិក​ខ្លះ នៅ​មិនបាន​អនុវត្តតាម​ការណែនាំរ​បស់​សម្ដេច​ប៉ុណ្ណោះ​។​

​សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដូចតទៅ​៖



 
​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ ដែល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ដាក់ចេញ​បម្រាម​មួយចំនួន ដល់​លេខាធិការដ្ឋាន​និង​សមាជិក​-​សមាជិកា​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។​
 
​បម្រាម​ទាំងនោះ គឺ មិនត្រូវ​ចុះ​ដោះស្រាយ​រាល់​ទំនាស់ ដែល​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ដោះស្រាយ និង មាន​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី (​ស​.​ជ​.​ណ​) រួចហើយ​, មិនត្រូវ​ចុះ​ដោះស្រាយ​រាល់​ទំនាស់​ដីធ្លី ដែល​កំពុងដំណើរការ​តាម​នីតិវិធី​របស់​តុលាការ​, និង មិនត្រូវ​ដោះស្រាយ​រាល់​ទំនាស់​ដីធ្លី ដែល​បាន​ដោះស្រាយ​ដោយ​តុលាការ និង​មាន​សាលក្រម​ឬ​សាលដីកា​រួចហើយ​។​
 
​ជាមួយគ្នានេះ រដ្ឋាភិបាល ណែនាំ​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ឲ្យ​ពិនិត្យ​គោលដៅ​និង​កម្មវត្ថុ ដែល​សមាជិក​-​សមាជិកា​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ បម្រុង​ចុះទៅ​ដោះស្រាយ ហើយ​មិនត្រូវ​ចេញ​លិខិត​បេសកកម្ម​ជូន​ឡើយ បើ​ស្ថិតក្នុង​បម្រាម​ទាំងបី​ខាងលើ​។  លើសពីនេះ រដ្ឋាភិបាល សង្កត់ធ្ងន់ថា សមាជិក​-​សមាជិកា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តក់​យោបល់ ក៏​មិនត្រូវ​បញ្ជូន​សំណុំរឿង​វិវាទ​ដីធ្លី​រវាង​បុគ្គល​និង​បុគ្គល ជូនទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ដោះស្រាយ​ដែរ​។​
 
​បម្រាម​របស់​នាយករ​ដ្ឋ​មន្ត្រី​នេះ ធ្វើឡើង​ក្រោយពី​មានការ​បញ្ចប់​តួនាទី​លោក សុខ​សុ​វណ្ឌ វ​ឌ្ឍ​នាសា​ប៊ុង ហៅ វីល្លាម ហ្គ័​ង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ពី​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ កាលពី​ថ្ងៃទី​៤ ឧសភា​។ ការបញ្ចប់​សមាជិកភាព​នេះ គឺ​បន្ទាប់ពី​លោក បាន​ទាស់ទែង​ជាមួយ​មន្ត្រី​ក្រសួងបរិស្ថាន ពេល​លោក ចុះទៅ​ស្រាវជ្រាវ​ក្នុង​រឿង​មួយ ដោយ​លោក អះអាងថា មន្ត្រី​បរិស្ថាន បាន​ឃុំខ្លួន​ប្រជាជន និង​ការពារ​ក្រុមហ៊ុន​ឯកជន​៕
 
 

Tag:
 ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​
  នយោបាយ​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com