អន្តរជាតិ
Wernher von Braun៖ វិស្វករ​អាល្លឺម៉ង់​ដែល​ជួយ​អាមេរិក​ទៅកាន់​លំហ​
23, May 2020 , 10:59 pm        
រូបភាព
លោក Wernher von Braun (Time Magazine)
លោក Wernher von Braun (Time Magazine)
​របប​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក​បាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រ​ហ័យ​នៅពេលដែល​សង្គ្រាមលោកលើកទី​២​រវាង​ប្រទេស​មហាអំណាច​នានា​ត្រូវ​បានបញ្ចប់​នៅក្នុង​១៩៤៥​។ វា​គឺជា​ការចាប់ផ្តើម​នៃ​ឆាក​សង្គ្រាម​ថ្មី ដែល​គេ​ហៅថា​«​សង្គ្រាមត្រជាក់​»​។ នៅក្នុង​សម័យ​នោះ​ហើយ​ដែល​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​មានការ​រីកលូតលាស់​យ៉ាង​ឆាប់រ​ហ័យ ជាពិសេស​ការប្រកួតប្រជែង​គ្នា​ទៅកាន់​លំហ​រវាង​សហរដ្ឋអាមេរិក និង​សហភាពសូវៀត​។

 
​ទោះបីជា​អាល្លឺម៉ង់​ធ្លាប់ជា​គូរ​ប្រយុទ្ធ របស់​សហរដ្ឋអាមេរិក​មែន​ក្តី​នៅក្នុង​អំឡុង​សង្គ្រាម តែ​វិស្វករ​ជនជាតិ​អាល្លឺម៉ង់​មួយរូប​នេះ ដែល​លោក​មាន​ឈ្មោះថា Wernher von Braun បាន​ចូល​សហការ និង​បង្កើត​ឲ្យ​មាន​សមិទ្ធិផល​ទៅកាន់​ផ្នែក​អាកាសវិទ្យា​ជាច្រើន​ទៅ​ឲ្យ​សហរដ្ឋអាមេរិក និង​ពិភពលោក​។ ខាងក្រោម គឺជា​ការរៀបរាប់​ខ្លីៗ​ពី​ជីវប្រវត្តិ​របស់លោក von Braun ដោយ​គេហទំព័រ Biography.com ។ 
 
​លោក Wernher von Braun កើត​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​១៩១២ នៅក្នុង​តំបន់ Wirsitz ប្រទេស​អាល្លឺម៉ង់ (​សព្វថ្ងៃ​គឺ Wyrzysk ប្រទេស​ប៉ូឡូញ​) នៅក្រោម​ជីវភាព​គ្រួសារ​ស្តុកស្តម្ភ​មួយ​។ ក្រោយពី​បានទទួល​តេ​លេ​ទស្សន៍​ពី​ម្តាយ​របស់លោក លោក von Braun បាន​ចាប់ចិត្ត​ស្រឡាញ់​វិស័យ​អវកាស​វិទ្យា​តាំងពី​វ័យ​កុមារ​។​
 
 លោក​បាន​ចូល​សិក្សា​ផ្នែក​បច្ចេកវិទ្យា​នៅក្នុង​អំឡុង​ឆ្នាំ​១៩២០ និង​ទទួលបាន​សញ្ញាប័ត្រ​ខាង​វិស្វកម្ម​មេកានិច​ក្នុង​ឆ្នាំ​១៩៣២ និង​ក្រោយមក​ចូល​សិក្សា​ផ្នែក​រូបវិទ្យា​កម្រិត​ខ្ពស់​បន្ថែម​នៅ​ទីក្រុង​ប៊ែ​កឡាំង​។ លោក​ក៏​ទទួលបាន​ជំនួយ​ខាង​ផ្នែក​ថវិកា ពី​ស្ថាប័ន​ខាង​កាំភ្លើង​ធំ​នៃ​ប្រទេស​អាល្លឺម៉ង់ ក្នុង​ការសិក្សា​ស្រាវជ្រាវ​ខាង​រ៉ុ​ក​កែ​ត​ប្រើប្រាស់​ប្រភេទ​ឥន្ធនៈ​រឹង​។ នៅក្នុង​ឆ្នាំ​១៩៣៥ លោក​បាន​បង្ហោះ​រ៉ុ​ក​កែ​ត​ឥន្ធនៈ​រឹង​ចំនួន​ពីរ​គ្រឿង​ទៅកាន់​កម្ពស់​ជាង​២៤០០​ម៉ែត្រ​ទៅក្នុង​អាកាស​។ 
 
​នៅក្នុង​ឆ្នាំ​១៩៤០ លោក​បាន​ចូលរួម​ក្នុងការ​ផលិត​រ៉ុ​ក​កែ​ត​ល្បឿន​លឿន​ជាង​សម្លេង មាន​ឈ្មោះថា A-4 ដែល​ក្រោយមក​ប្តូរ​ឈ្មោះ​ទៅជា V-2 ។ នៅពេល​ហើយ​ដែល​អ្នកដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​អាល្លឺម៉ង់ លោក​អ៊ី​ត្លែ ចាប់អារម្មណ៍​ជាមួយនឹង​បច្ចេកវិទ្យា​មួយ​នេះ ក្នុងការ​ធ្វើជា​អាវុធ​សម្រាប់​សង្គ្រាម​។ លោក von Braun បានប្រកែក​នៅពេលដែល​លោក​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ផ្តល់​បច្ចេកវិទ្យា​មួយ​នៅ​ទៅ​ឲ្យ​អ្នកកាន់អំណាច​ខាង​យោធា​មួយរូប​ទៀត គឺ​លោក Heinrich Himmler ។ ក្រោយមក លោក​ត្រូវបាន​គេ​ចាត់​ចូល​ពន្ធ​ធនាគារ រួច​រ៉ុ​ក​កែ​ត V-2 ត្រូវបាន​គេ​ប្រើប្រាស់​ដោយ​មិនមាន​ការអនុញ្ញាត​ពី​លោក​ផ្ទាល់ ក្នុង​ការបាញ់​បង្ហោះ​ទៅកាន់​ប្រទេស​អង់គ្លេស​នៅឯ​ឆ្នាំ​១៩៤៤​។ 
 
​ក្នុង​ឆ្នាំ​១៩៤៥ លោក​បាន​ចូលខ្លួន​ជាមួយនឹង​ក្រុម​អ្នកស្រាវជ្រាវ​នៃ​សហរដ្ឋអាមេរិក ពោល​ក្រោយ​ពេលដែល​អាល្លឺម៉ង់​ទទួល​បរាជ័យ​ក្នុង​សង្គ្រាម​។ នៅក្នុង​ឆ្នាំ​១៩៥៥ លោក​បានទទួល​សញ្ជាតិ​ជា​ប្រជាជន​នៃ​សហរដ្ឋអាមេរិក និង​បាន​ចូលរួម​ក្នុង​ការផលិត​ផ្កាយរណប​ដំបូង​គេ​របស់​អាមេរិក មាន​ឈ្មោះថា Explorer 1 នា​ឆ្នាំ​១៩៥៨​។ លោក​ក៏បាន​រួមចំណែក​ក្នុងការ​បង្កើត​រ៉ុ​ក​កែ​ត Saturn 5, Saturn 1B ដែល​ក្រោយមក​បាន​ដឹក​អ​វ​យានិក​ទៅកាន់​ភព​ព្រះ​ចន្ទ​។ លោក​ក៏បាន​ក្លាយជា​អ្នកដឹកនាំ​មួយ​ក្នុង​ស្ថាប័ន​អវកាស​វិទ្យា​ជាច្រើន​ទៀត​ដូចជា NASA និង JPL ។ 
 
​លោក Wernher von Braun បានទទួល​មរណភាព​នៅក្នុង​ឆ្នាំ​១៩៧៧​។ លោក​បានទទួល​មេដាយ​កិត្តិយស​ជាច្រើន​ពី​រដ្ឋាភិបាល​។ លោក​ក៏បាន​បន្សល់ទុក​នូវ​គំនិត និង​កិច្ច​ការសំខាន់ៗ​ជាច្រើន​អំពី​អវកាស​វិទ្យា ហើយ​ត្រូវបាន​គេ​ចាត់ទុកជា​បុគ្គល​ឆ្នើម​នៅក្នុង​ផ្នែក​វិទ្យាសាស្ត្រ​រ៉ុ​ក​កែ​ត ជាពិសេស​នៅ​សហរដ្ឋអាមេរិក​រហូត​មកដល់​សព្វថ្ងៃ​៕

© រក្សាសិទ្ធិដោយ thmeythmey.com