ជាតិ
ថ្នាក់ដឹកនាំសាសនាឥស្លាមកម្ពុជា ប្រាប់ឱ្យសាសនិកថ្វាយបង្គំតាមផ្ទះ និងហាមការជួបជុំ នៅពិធីបុណ្យរ៉យ៉ាហ្វីទ្រី
× គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នៅល្ងាចថ្ងៃទី២២ ឧសភា បានប្រកាសជាផ្លូវការកំណត់ថ្ងៃស្រាយបួស ឬថ្ងៃរ៉យ៉ាហ្វីទ្រី នៅថ្ងៃទី២៤ ឧសភា។ ការប្រកាសនេះ បន្ទាប់ពីការខកខានមើលខ្នើតនៅល្ងាចថ្ងៃទី២២ ឧសភា។
ពិធីបុណ្យថ្ងៃរ៉យ៉ាហ្វីទ្រី (Raya Eidil Fitri) គឺជាបុណ្យដ៏ធំរបស់សាសនាឥស្លាម។ បុណ្យនេះធ្វើឡើងបន្ទាប់ពីជនមូស្លីមប្រណិប័តន៍បួស ឬបុណ្យតបអាហារក្នុងខែរ៉ម៉ាឌននាពេលថ្ងៃរយៈពេលពេញមួយខែ។ ខែរ៉ម៉ាឌន បានចាប់ផ្តើមពីថ្ងៃទី២៤ មេសា។
ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាក្នុងលិខិតដែលចេញផ្សាយនៅថ្ងៃទី១៨ ឧសភា បានដាក់បម្រាម រាល់ការជួបជុំនានាក្នុងពិធីបុណ្យរ៉យ៉ាហ្វីទ្រី។ ការថ្វាយបង្គំជុំគ្នាដែលធ្លាប់ធ្វើនៅពេលព្រឹកក្នុងពិធីបុណ្យនេះ ត្រូវបានណែនាំឱ្យធ្វើតាមផ្ទះរៀងៗខ្លួន។ ការជួបជុំ មិនត្រូវបានលើកទឹកចិត្តឡើយ ដោយបង្ការការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ឥស្លាម៕
Tag:
រ៉យ៉ាហ្វីទ្រី
បួស
រ៉ម៉ាឌន
© រក្សាសិទ្ធិដោយ thmeythmey.com