រដ្ឋាភិបាល គ្រោង​សង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ នៅ​ខេត្តកំពត នា​ចុង​ឆ្នាំនេះ​
ជាតិ
រដ្ឋាភិបាល គ្រោង​សង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ នៅ​ខេត្តកំពត នា​ចុង​ឆ្នាំនេះ​
24, May 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​គ្រោង​សង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត នា​ចុងឆ្នាំ​២០២០​។ លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា និង​អភិបាល​ខេត្តកំពត​លោក ជាវ តា​យ កំពុង​ពិភាក្សា និង​សិក្សា​លើ​គម្រោង​។​

 
​លោក កែវ រតនៈ ដែល​បានទទួល​ភារកិច្ច​សង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ​នេះ បាន​បញ្ជាក់ថា កម្ពុជា មាន​ធនធាន​និង​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​រៀបចំ​សារមន្ទីរ​មួយ​នេះ ប៉ុន្តែ​គ្រាន់តែ​មិនទាន់​បានរៀបចំ​ប៉ុណ្ណោះ​។ «​ដោយសារ​កម្ពុជា​យើង​បច្ចុប្បន្ន​មាន​វា​រី​អគ្គិសនី​ច្រើន​គួរសម ហើយ​ការប្រមូលផ្ដុំ​ចំណេះដឹង​បទពិសោធន៍​នៅនឹងកន្លែង​ដូច​ស្រុក​គេ ដើម្បី​ជាការ​ស្រាវជ្រាវ​រៀនសូត្រ​ស្វែងយល់​ជា​សាធារណជន​ទូទៅ នៅ​ពុំទាន់​មាននៅ​ឡើយ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កែវ រតនៈ​។​
 
​អគ្គនាយក​អគ្គិសនី​កម្ពុជា​រូបនេះ បាន​សង្កត់ធ្ងន់ថា គោលដៅ​នៃ​គម្រោង​សង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ​នេះ គឺ​ផ្តោត​សំខាន់​លើ​ការបង្កើត​ឲ្យ​មាន​ជា​បណ្ដុំ​វា​រី​អគ្គិសនី​នៅតាម​បណ្ដា​ខេត្ត​ទាំងឡាយ សម្រាប់​ផ្ដល់​ចំណេះដឹង​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ឬ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទៅលេង​កម្សាន្ត​នៅ​ខេត្តកំពត ដោយ​ពួកគេ​គ្រាន់តែ​ចូល​មើល​ក្នុង​សារមន្ទីរ​នេះ ក៏​អាច​ដឹង​អំពី​ប្រព័ន្ធ​វា​រី​អគ្គិសនី​នៅ​កម្ពុជា ដោយ​មិនចាំបាច់​ទៅ​មើល​ដល់ទី​កន្លែង​ឡើយ​។​
 
​ឯ​រី​ការរៀបចំ​ឧទ្យាន​ជាតិ​សម្ដេច ហ៊ុន សែន កំពត វិញ លោក កែវ រតនៈ បាន​បញ្ជាក់ថា ការដាក់​ឧទ្យាន​ជាតិ​នេះ សម្រាប់​ទាក់ទាញ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ទៅ​កម្សាន្ត​លេង​នៅ​តំបន់​នេះ ឱ្យ​កាន់តែច្រើន ហើយ​វា​ក៏​ជា​សមិទ្ធផល​ថ្មី​របស់​ជាតិ​ផងដែរ​។​
 
​លោក កែវ រតនៈ ក៏បាន​បញ្ជាក់ថា​៖«​ឈ្មោះ​គម្រោង​សារមន្ទីរ​ថាមពល​កើតឡើង​វិញ​និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត ដែល​បានដាក់​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ពេលនេះ គឺជា​ឈ្មោះ​គម្រោង​បណ្ដោះអាសន្ន​មួយ​ប៉ុណ្ណោះ បើ​ថ្ងៃក្រោយ​យើង​មាន​ថាមពលខ្យល់ ឬ​ព្រះអាទិត្យ​បន្ថែមទៀត យើង​នឹង​អាច​កែប្រែ​ឡើងវិញ​»​។​
 
​គម្រោង​សាងសង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​នេះ គឺជា​គម្រោង​មួយ​អនុវត្ត ផ្អែក​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ផ្ដល់ឱ្យ​អគ្គិសនី​កម្ពុជា អនុវត្ត​ដំណើរការ​គម្រោង​សាងសង់ នៅក្នុង​ឆ្នាំ​២០២០​នេះ នឹង​អាច​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២​ខាងមុខ​។ គម្រោង​នេះ មាន​ទីតាំង​ស្ថិតនៅ តំបន់​សហគមន៍ នៃ​ឧទ្យាន​ជាតិ​ព្រះមន្នីវង្ស​«​បូកគោ​» លើ​ផ្ទៃដី​កោះ​ទំហំ ៨,៦០​ហិច​តា នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ​ខេត្តកំពត​។ 
 
​ទោះបីយ៉ាងណា​គម្រោង​នេះ នៅ​មិនទាន់​ដឹង​ពី​ទំហំ​នៃ​ការប្រើប្រាស់​ថវិកា​នៅឡើយ ប៉ុន្តែ​ទំហំ​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ច្រើន​គួរសម ដែល​បម្រើ​ដល់​ការសិក្សា​ស្រាវជ្រាវ​បទពិសោធន៍ បច្ចេកវិទ្យា​វិស័យ​វា​រី​អគ្គិសនី និង​វិស័យ​ទេ​ចរណ៍​ក្នុង​តំបន់​នៃ​ខេត្តកំពត​ផងដែរ​៕

Tag:
 វា​រី​អគ្គិសនី​
  ឧទ្យាន​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com