Christian Lee រំពឹងថានឹងផ្ដល់មេរៀនឲ្យ Iuri Lapicus ព្រមចុះចាញ់ឲ្យបានលឿន
24, May 2020 , 9:43 am
រូបភាព
×
អត្ថបទ៖ ស៊ីធី
ក្នុងការប្រកួតបន្ទាប់ Christian Lee ឬ ឈ្មោះក្រៅ “The Warrior” ដែលជាម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion នឹងឈានជើងចូលសង្វៀនជាថ្មីដើម្បីការពារខ្សែក្រវាត់របស់ខ្លួនទល់នឹងកីឡាករជើងខ្លាំងបំផុតមួយក្នុងទម្ងន់នេះ Iuri Lapicus។
Lee គូសបញ្ជាក់ទៀតថា ៖«ទំនុកចិត្តរបស់គេកាន់តែខ្ពស់ឡើងនាពេលនេះ។ គេច្បាស់ជាមានអារម្មណ៍ល្អបំផុតក្នុងអាជីពដែលមិនដែលមានពីមុន។ ហើយកាន់តែល្អបំផុតរបស់គេ គឺ ត្រូវឡើងសង្វៀនជួបខ្ញុំសិន»។
Lapicus មិនត្រឹមតែជាកីឡាករដ៏មានទំនុកចិត្តនាពេលកន្លងទៅ ប៉ុន្តែ ឆ្នាំ ២០១៩ ក៏ជាឆ្នាំល្អបំផុតមួយរបស់ “The Warrior” ដែរ។
កាលខែ មករា ឆ្នាំ២០១៩ កន្លងទៅ គេប្រកួតក្នុងទម្ងន់ featherweight ប៉ុន្តែចាញ់ Edward “The Ferocious” Kelly ដោយត្រូវសន្លប់ត្រឹមទឹកទី១។ រយៈពេល ៤ ខែបន្ទាប់ តារាគុនចម្រុះដដែលនេះបានរំកិលទម្ងន់ឡើងលើដើម្បីដណ្ដើមខ្សែក្រវាត់ ONE Lightweight World Champion ពីកីឡាករជប៉ុន Shinya “Tobikan Judan” Aoki។ វីរបុរសជប៉ុនបានគាបដៃជាប់នៅទឹកទី១ ប៉ុន្តែ Lee អាចរើបម្រាស់ និង ផ្ដួលគូប្រជែងឲ្យសន្លប់នៅទឹកទី២ដើម្បីគ្រងខ្សែក្រវាត់នោះ។
Lee បានគ្រងខ្សែក្រវាត់ ONE Lightweight World Grand Prix Championship មួយផ្សេងទៀត ក្រោយឈ្នះ Saygid “Dagi” Guseyn Arslanaliev នៅវគ្គផ្ដាច់ព្រ័ត្រដោយពិន្ទុជាឯកច្ឆន្ទកាលខែតុលា ឆ្នាំមុន។
Lapicus ជាមនុស្សម្នាក់ដែលនឹងព្យាយាមដើម្បីផ្ដួល Lee ដោយប្រើទាំងជំនាញប្រយុទ្ធ និង ក្បាច់ចាប់ដ៏ចំណាន។ យ៉ាងណាក្ដី Lee នៅជឿលើភាពអំណត់របស់ខ្លួន , ក្បាច់គុនខ្លួន និង បទពិសោធន៍ក្នុងនាមជាម្ចាស់ខ្សែក្រវាត់ដែល នឹងធ្វើឲ្យខុសប្លែកក្នុងការប្រកួត។ «ខ្ញុំជឿជាក់ថា គេនឹងហាត់ទ្វេដង និង មានឆន្ទៈខ្ពស់មុនជួបខ្ញុំ។ ខ្ញុំក៏មានអារម្មណ៍ត្រូវប្រយ័ត្នគ្រប់ចំណុចទាំងអស់ពេលប្រកួត។ ខ្ញុំមិនគិតថាគេអាចប្រកួតបាន ៥ ទឹកនោះឡើយជាមួយខ្ញុំ»។ Lee សារភាពបែបនេះ។
Lee រំលឹកទៀតថា ៖«ជ័យជម្នះភាគច្រើនរបស់គេ គឺបញ្ចប់គូប្រកួតនៅទឹកទី១។ ដូច្នេះ គេមិនអាចទ្រាំបានយូរទេ។ គេសុំានឹងការឈ្នះលឿនលើគូប្រជែង។ ដូច្នេះខ្ញុំគឺជាការតេស្តសមត្ថភាពដ៏ធំមួយ និង គូប្រជែងតឹងតែងបំផុតសម្រាប់រូបគេ»។
Lee សង្កត់ធ្ងន់ទៀតបែបនេះ ៖«ខ្ញុំមានសំណាងហ្វឹកហាត់ជាមួយគ្រូយូដូជាច្រើន និង គ្រូ kickboxing ផង។ ហើយខ្ញុំក៏គិតថាគេអាចផ្ដល់គ្រោះថ្នាក់ក្នុងក្បាច់គុនទាំងនេះដែរ។ ប៉ុន្តែខ្ញុំបានត្រៀមរួចហើយ»។
យ៉ាងណាក្ដី “The Warrior” នៅតែគិតថាខ្លួនមានប្រៀបលើការប្រកួត៥ទឹក។ ម្ចាស់ខ្សែក្រវាត់ lightweight ក៏ត្រូវហ្វឹកហាត់ឲ្យកាន់តែល្អក្នុងការបញ្ចប់ដៃគូឲ្យបានលឿនព្រោះជាគោលដៅការពារខ្សែក្រវាត់ World Title ។ ម្ចាស់ខ្សែក្រវាត់ពីរតាំងចិត្តថា ៖«ខ្ញុំមិននិយាយអ្វីច្រើនពេកទេ។ ហើយក៏មិនឲ្យខ្សែក្រវាត់របូតដែរ។ ប៉ុន្តែគោលដៅសំខាន់គឺបញ្ចប់ការប្រកួតត្រឹមទឹកទី១»៕