COVID-19
អន្តរជាតិ
លោក គីម ប្តេជ្ញា​ពង្រឹងសមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​
24, May 2020 , 11:59 am        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ក្នុងកិច្ចប្រជុំយោធា នៅថ្ងៃទី២៣ ខែឧសភា (ប្រភព KCNA)
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ក្នុងកិច្ចប្រជុំយោធា នៅថ្ងៃទី២៣ ខែឧសភា (ប្រភព KCNA)
ដោយ:
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ពិភាក្សា​គោលនយោបាយ​ថ្មី​ដើម្បី​ពង្រឹងសមត្ថភាព​ឆ្លើយតប​ការគំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស ខណៈ​កិច្ចចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក​ជាប់គាំង​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA រាយការណ៍​បែបនេះ​នៅ​ថ្ងៃទី​២៤ ខែឧសភា​។ កិច្ចពិភាក្សា​នេះ បាន​ធ្វើឡើង​ក្នុងជំនួប​យោធា​មួយ ដែលមាន​លោក​គីម​ជា​ប្រធាន​។

 
​ជំនួប​គណៈកម្មការ​យោធា​មជ្ឈិម​ដ៏​មាន​ឥទ្ធិពល​របស់​បក្ស​ពលករ​កូរ៉េខាងជើង គឺជា​ការបង្ហាញ​មុខជា​សាធារណៈ​លើកដំបូង​ក្នុងពេល​៣​សប្តាហ៍​ចុងក្រោយ ពោលគឺ​វត្តមាន​លោក​នៅ​ពិធី​បើក​សម្ភា​ធ​រោងចក្រ​មួយ​កាលពីដើម​ខែឧសភា​នេះ​។ វត្តមាន​នេះ​បាន​បិទ​បញ្ចប់​មន្ទិលសង្ស័យ​ពាក់ព័ន្ធ​ពាក់ព័ន្ធ​បញ្ហា​សុខភាព​លោក​។​
 
«​កិច្ចពិភាក្សា​នៅ​ជំនួប​នេះ គឺជា​គោលនយោបាយ​ថ្មី​សម្រាប់​បង្កើន​សមត្ថភាព​ឆ្លើយតប​អាវុធ​នុយក្លេអ៊ែរ​ប្រទេស​»​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA ចុះផ្សាយ​បែបនេះ ដោយ​បន្ថែមថា លោក គីម ជុង​អ៊ុន បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ចំនួន​៧​។ បទបញ្ជា​ទាំងនេះ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​ទំនួល​ខុសត្រូវ​និង​តួនាទី​នៃ​ស្ថាប័ន​អប់រំ​យោធា​សំខាន់ រៀបចំ​ឡើងវិញ​ប្រព័ន្ធ​បញ្ជាការ​យោធា និង​ដំឡើង​ឋានន្តរសក្តិ​យោធា​ជូន​ដល់​មន្ត្រី​បញ្ជាការ​។​
 
​បើតាម​របាយការណ៍រ​បស់ KCNA ដដែល កិច្ចប្រជុំ​នេះ ត្រូវ​ចាត់ទុកជា​ចំណុច​របត់​ជា​ប្រវត្តិសាស្ត្រ​ដ៏ សំខាន់បំផុត​មួយ​ក្នុងការ​បង្កើន​សមត្ថភាព​កងកម្លាំង​យោធា​បដិវត្ត​ន៍​កូរ៉េខាងជើង​។ ម្យ៉ាងទៀត ជំនួប​នេះដែរ ក៏បាន​សើរើ​ឡើងវិញ​និង​វិភាគ​លើ​ចន្លោះប្រហោង​នៃ​សកម្មភាព​យោធា​និង​នយោបាយ​ជារួម​របស់​កងកម្លាំង​យោធា​របស់​ប្រទេស​កូរ៉េខាងជើង ហើយ​ក៏បាន​ពិភាក្សា​ដោះស្រាយ​ពួកវា​ផងដែរ​។  
 
​កិច្ចចរចា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដែលមាន​គោលដៅ​រំលាយ​កម្មវិធី​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ហាក់​ជាប់គាំង​ដោយ​គ្មាន​ការវិវត្ត​អ្វី​សោះ ចាប់តាំងពី​ចុងឆ្នាំ​២០១៩​មក ជាពិសេស​ក្រោយ​ការប្រយុទ្ធ​សកល​ប្រឆាំង​COVID-19 ចាប់ផ្ដើម​។ 
 
​ក្នុង​បរិ​យាស​កាស​ជាប់គាំង​បែបនេះ របប​ក្រុង​ព្យុងយ៉ាង​បានធ្វើ​តេស្ត​មី​ស៊ី​ល​ជាច្រើនលើក នា​ដើមឆ្នាំ​២០២០​នេះ​។ ជាក់ស្តែង កាលពី​ចុងខែ​មីនា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ដែល​ពុំ​អាច​កំណត់​អត្តសញ្ញាណ​បាន​ចូលទៅក្នុង​ឆ្នេរសមុទ្រ​ក្បែរ​ប្រទេស​ជប៉ុន​។ ហើយ​នេះ​គឺជា​បាញ់​សាកល្បង​លើក​ទី​៦​ហើយ​របស់​របប​ផ្ដាច់ការ​ក្រុង​ព្យុង​យ៉ាងនេះ ក្នុងពេល​តិចជាង​១​ខែ​៕ 

Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  សហរដ្ឋអាមេរិក​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com