COVID-19
ជាតិ
ក្រសួង​វាយតម្លៃថា ប្តី​ស្ត្រី​វ័យ​៣៩​ឆ្នាំ​ដែល​មានជំងឺ​កូ​វីដ​១៩ មាន​ហានិភ័យ​ឆ្លង​ខ្ពស់ ក្រៅពីនេះ មាន​ហានិភ័យ​ទាប​
24, May 2020 , 1:59 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទកាសែត ស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅទីស្តីការគណៈរដ្ឋមន្រ្តី កន្លងមក
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទកាសែត ស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅទីស្តីការគណៈរដ្ឋមន្រ្តី កន្លងមក
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​រៀបរាប់​ពី​ដំណើរ​របស់​ស្ត្រី​ខ្មែរ​វ័យ​៣៩​ឆ្នាំ ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​ក្រៅប្រទេស មុននឹង​ចូលមក​កម្ពុជា​។ តាមរយៈ​សកម្មភាព​ចូលមក​កម្ពុជា​នេះ ក្រសួងសុខាភិបាល បាន​វាយតម្លៃថា អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​ស្ត្រី​វ័យ​៣៩​ឆ្នាំនេះ គឺ​មានតែ​ប្តី​គាត់​ប៉ុណ្ណោះ ក្រៅពីនេះ មាន​ហានិភ័យ​ឆ្លង​ទាប​។​

 
​ស្ត្រី​ខ្មែរ​វ័យ​៣៩​ឆ្នាំ ដែលមាន​ជំងឺ​កូ​វីដ​១៩​នេះ គឺ​បាន​ចាក​ចេញពី​ទឹកដី​អាមេរិក ហើយ​បន្ត​ជើងហោះហើរ​ពី​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​៨ ឧសភា ហើយ​ត្រូវបាន​កំណត់ឱ្យ​ដាក់​ច​ត្តា​ឡី​ស័ក​ខ្លួន​រយៈពេល​១៤​ថ្ងៃ​សិន​។ ស្របពេល​ច​ត្តា​ឡី​ស័ក​នេះ ស្រាប់តែ​ក្រសួងសុខាភិបាល ទទួលបាន​ព័ត៌មាន​ពី​អាជ្ញាធរ​សុខាភិបាល​កូរ៉េ នៅ​ថ្ងៃទី​១១ ឧសភា​មក​ថា មាន​ស្ត្រី​ម្នាក់​នៅលើ​ជើងយន្តហោះ​ជាមួយ​ស្ត្រី​វ័យ​៣៩​ឆ្នាំនេះ មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ទើប​ក្រសួង​ក៏​ធ្វើតេស្ត​សំណាក​ស្ត្រី​ខ្មែរ​វ័យ​៣៩​ឆ្នាំ​ដែរ តែ​មិនមាន​បញ្ហា​អ្វី​ឡើយ ។ ប៉ុន្តែ​ស្រាប់តែ​ដល់​ថ្ងៃទី​២១ ឧសភា ស្ត្រី​ខ្មែរ​វ័យ​៣៩​ឆ្នាំនេះ បានធ្វើ​តេស្ត​ម្ដងទៀត ក៏​រកឃើញ​មាន​ជំងឺ​កូ​វីដ​១៩​តែម្ដង ទើប​ក្រសួង​បញ្ជូន​ស្ត្រី​រូបនេះ ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ថ្ងៃទី​២២ ឧសភា​។​
 
​មុន​រកឃើញ​ជំងឺ​កូ​វីដ​១៩​លើ​ខ្លួន ស្ត្រី​ខ្មែរ​វ័យ​៣៩​ឆ្នាំនេះ បាន​នៅ​សម្រាក​ច​ត្តា​ឡី​ស័ក​ខ្លួនឯង ១៤​ថ្ងៃ​នៅក្នុង​ផ្ទះ ដែល​ស្ថិតនៅ​សង្កាត់​ទឹកថ្លា រាជធានី​ភ្នំពេញ  តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ក្នុងអំឡុងពេល​ច​ត្តា​ឡី​ស័ក​នេះ មានតែ​ប្តី​របស់​ស្ត្រី​វ័យ​៣៩​ឆ្នាំនេះ​ទេ ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​គាត់​នោះ ខណៈដែល​កូន​២​នាក់ និង​ក្មួយ​១​នាក់ ដែល​រស់នៅ​ជាមួយ​គាត់ ត្រូវបាន​បញ្ជូនទៅ​ស្នាក់នៅ​ស្រុកកំណើត​ខេត្តកំពង់ចាម​។ បច្ចុប្បន្ន​ប្តី​របស់​ស្ត្រី​រូបនេះ ក៏ត្រូវ​បានកំណត់​ឱ្យរ​ស់​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ដែរ ក្រោយពី​ធ្វើតេស្ត​សុខភាព​រក​មិនឃើញ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។​
 
​ចំណែក​អ្នករួមដំណើរ​៦៦​នាក់​ផ្សេងទៀត លើ​យន្តហោះ​ជាមួយ​ស្ត្រី​វ័យ​៣៩​ឆ្នាំនេះ មិនមាន​អ្នកណាម្នាក់ មាន​បញ្ហា​សុខភាព​នោះទេ ខណៈដែល​កន្លែង​អង្គុយ​នៅលើ​យន្តហោះ​នោះ មានការ​រៀបចំ​ឱ្យ​ឃ្លាត​ពីគ្នា តាម​គោលការណ៍​គម្លាត​សុវត្ថិភាព​បុគ្គល​។ នេះ​បើតាម​ក្រសួងសុខាភិបាល​។​
 
​តែ​យ៉ាងណា​ក្រសួងសុខាភិបាល នៅតែ​យល់ឃើញថា ហានិភ័យ​នៃ​ការឆ្លង​ពី​ស្ត្រី​វ័យ​៣៩​ឆ្នាំនេះ នៅតែ​កើតមាន​។ នោះ​គឺ​ប្តី​របស់គាត់​តែម្ដង​។ «​លទ្ធផល​នៃ​ការស្រាវជ្រាវ​បានបង្ហាញ​ផងដែរ​ថា អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់ និង​ប៉ះពាល់​ផ្ទាល់​គឺមាន​តែ​ស្វាមី​គាត់​ទេ ដែល​ក្រុមការងារ​បានធ្វើ​តេស្ត​គាត់​រួចរាល់​ហើយ ដែល​បង្ហាញថា លទ្ធផល​អវិជ្ជមាន​។ រីឯ​អ្នក​ផ្សេងទៀត គឺ​ស្ថិតនៅក្នុង​ហានិភ័យ​ទាប​ចំនួន​៥២​នាក់ និង​ហានិភ័យ​មធ្យម​ចំនួន​១៤​នាក់​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល តាមរយៈ​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង ដែល​បាន​បញ្ជូន​របាយការណ៍​ស្រាវជ្រាវ​ដល់​អ្នកកាសែត តាម​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម​។​
 
​មូលហេតុ​ដែល​ក្រសួងសុខាភិបាល ហ៊ាន​កំណត់​ហានិភ័យ​ឆ្លង​ជំ​ងឹ​កូ​វីដ​១៩ កម្រិត​ខ្ពស់ ទាប និង​មធ្យម​នេះ ព្រោះតែ​មន្ត្រី​ជំនាញ​របស់​ក្រសួង បាន​សាកសួរ​ព័ត៌មាន​ពី​ស្ត្រី​ខ្មែរ​វ័យ​៣៩​ឆ្នាំ ដែលមាន​ជំងឺ​កូ​វីដ​១៩​នេះ​ផ្ទាល់ ហើយ​សង្កេតឃើញថា ស្ត្រី​រូបនេះ មានការ​យល់ដឹង​ខ្ពស់​អំពី​ការទប់ស្កាត់​ការចម្លង​ជំងឺ​ទៅ​អ្នកដទៃ​។​
 
​ក្រសួងសុខាភិបាល បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ស្ត្រី​រូបនេះ គាត់​មានការ​យល់ដឹង​ល្អ​អំពី​របៀប​នៃ​ការការពារ​ការចម្លង​នេះ គឺជា​ចំណុច​ល្អ​មួយ ដែល​អាចជួយ​ការពារ​ការឆ្លង​វីរុស​កូ​វីដ​១៩ ពី​រូបគាត់​ទៅ​អ្នកដទៃ ដែល​ក្រុមការងារ​បានធ្វើការ​សន្និដ្ឋាន កំណត់​នៅ​ហានិភ័យ​ទាប និង​មធ្យម​នេះ​រួចហើយ​ដែរ​»​។​
 
​ក្រសួងសុខាភិបាល ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច តាមរយៈ​ការអនុវត្ត​តាម​វិធានការ​អនាម័យ ដោយ​ការ​លាងដៃ​និង​ទឹក​អាល់កុល សាប៊ូ ឬ​ទឹក​សម្លាប់​មេរោគ​ផ្សេងៗ​ទៀត​។ ជាពិសេស​ពាក់​ម៉ាស់ ឬ​ក្រមា និង​ចៀសវាង​ទៅ​កន្លែង​ប្រមូលផ្ដុំ​ដោយ​មនុស្ស​ច្រើន​ជាដើម​។​«​យើង​ងាយ​ភ្លេច​ពី​វីរុស​កូ​វីដ​១៩ តែ​វីរុស​កូ​វីដ​១៩ មិន​ងាយ​ភ្លេច​យើង​នោះឡើយ​។ ហើយ​ការចម្លង​វីរុស​កូ​វីដ​១៩​នេះ គឺ​អាចមាន​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​ទាំងអស់​»​។ ជាការ​លើកឡើង​របស់​ក្រសួងសុខាភិបាល​។​
 
​គួរ​បញ្ជាក់ថា កម្ពុជា ទើប​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន២​នាក់​ថែមទៀត ខណៈ​អ្នកជំងឺ​១២២​នាក់ បានជា​សះស្បើយ​។ អ្នកជំងឺ​២​នាក់​ថ្មី​នេះ ជា​ករណី​ទី​១២៤​របស់​កម្ពុជា​ហើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com