ជាតិ
សង្គមជាតិ
ឆ្នាំនេះ WCS រកឃើញ​ពង​កន្ធាយ​ក្បាល​កង្កែប​ជិត​១៨០០​ពង ហើយ​លែង​ទៅ​ធម្មជាតិ​វិញ ៦៥៣​ក្បាល​
24, May 2020 , 2:36 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដូវ​កាល​ពង​កូន​កន្ធាយ​ក្បាល​កង្កែប ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដល់​ខែឧសភា ឆ្នាំ​២០២០​នេះ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) បាន​រកឃើញ​សំបុក​កន្ធាយ​ក្បាល​កង្កែប​ចំនួន​៤៩​សំបុក ដែលមាន​១,៧៥៦​ពង​នៅ​ទីជម្រក​ធម្មជាតិ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ ក្នុងចំណោម​ពង​កន្ធាយ​ដែល​រកឃើញ​នោះ មានកូន​កន្ធាយ​ចំនួន​៦៥៣​ក្បាល ត្រូវបាន​អង្គការ WCS លែង​ឲ្យ​ទៅ​រស់​នៅតាម​ទីជម្រក​ធម្មជាតិ​វិញ​។ ចំណែក​កូន​កន្ធាយ​ដែល​នៅសល់ ត្រូវបាន​អង្គការ​កំពុង​មើលថែ និង​គ្រោង​លែង​នៅពេល​ក្រោយ​។

 
​លោក សោម ស៊ីថា បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ការលែង​ទៅ​វា​មានការ​ប្រឈម​ច្រើន​សម្រាប់​កូន ភាគច្រើន​យើង​លែង​កូន​ហ្នឹង​ទៅ វា​ត្រូវបាន​ស៊ី​ដោយ​ត្រី​ធំៗ​។ យើង​អត់​មាន​ជម្រើស​ទេ ដោយសារតែ​ការចិញ្ចឹម​នៅក្នុង​មជ្ឈមណ្ឌល​កន្លងមក អត់​មាន​បច្ចេកទេស​គ្រប់គ្រាន់​ក្នុងការ​ចិញ្ចឹម ដោយ​យើង​ត្រូវ​ចំណាយ​ច្រើន​។ ដល់​អ៊ីចឹង​កូន​ភាគច្រើន​លូតលាស់​អត់​សូវ​បានល្អ​។ យើង​ក៏​សម្រេចចិត្តថា​ពេល​វា​ញាស់​បាន​យើង​យក​វិញ​ទៅ​លែង​»​។ 
 
​បើតាម​លោក សោម ស៊ីថា ការលែង​សត្វ​កន្ធាយ​ក្បាល​កង្កែប​ដែល​អង្គ​ការយកមក​ចិញ្ចឹម​ទើប​វា​មានលទ្ធភាព​អាច​បន្តជីវិត​បានយូរ​ជាង​ការ​ទុក​វា​ឲ្យ​រស់នៅ​ដោយ​ឯកឯង​នៅ​ដែន​ជម្រក​ធម្មជាតិ បើកាលណា​គ្មាន​ករណី​ការប្រមូល​ពង និង​កូន​កន្ធាយ​ក្បាល​កង្កែប​យកទៅលក់​នៅ​ទីផ្សារ​។ 
 
​ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​អណ្តើក​ហ្លួង​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS)​រូបនេះ​បន្ត​រៀបរាប់​ដូច្នេះ​ថា​៖«​ធាតុពិត​របស់​សត្វ បើសិនជា​គ្មាន​ការ​គម្រាមកំហែង​ពី​ការ​អ្នកនេសាទ​ខុសច្បាប់ ឬ​ចាប់​យកទៅលក់​។ ជាទូទៅ​យើង​ទុក​ឲ្យ​កូន​វា​ញាស់​មក ឲ្យ​វា​ចូល​ទឹក​ក្នុង​ធម្មជាតិ គឺ​វា​ល្អ​។ ដល់​សព្វថ្ងៃនេះ​យើង​មាន​កត្តា​គំរាមកំហែង​ច្រើន អ៊ីចឹង​យើង​ក៏មាន​ក​ម្រោ​ង​អភិរក្ស ដើម្បី​យកមក​ចិញ្ចឹម ដោយ​វា​អាចមាន​អត្រារ​ស់បាន​ដល់​១០០​ភាគរយ​។ អ៊ីចឹង​យើង​អាច​កាត់បន្ថយ​អត្រា​ស្លាប់​បាន​ច្រើន​»​។ 


លោក​ សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សអណ្តើង​ហ្លួងនៃអង្គការWCS រួមទាំងសហគមន៍​កំពុងតែ​ប្រមូល​ពងកន្ធាយក្បាលកង្កែប
 
​បើតាម​លោក សោម ស៊ីថា ក្រៅពី​មាន​អង្គការ WCS ដែល​ចូលរួម​ក្នុង​កិច្ចការ​ការពារ និង​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ ក៏មាន​ការចូលរួម​ពី​សហគមន៍​ដែល​រស់​នៅតាម​តំបន់​ដែនជម្រកសត្វព្រៃ​ផងដែរ​។ លោក ប្រាប់​ដូច្នេះ​ថា​៖«​យើង​មាន​ក្រុម​ការពារ​កន្ធាយ​ក្បាល​កង្កែប គឺ​យើង​មានការ​ចូលរួម​ពី​សហគមន៍​ផ្ទាល់ និង​ក្រុមបច្ចេកទេស​មកពី​មន្ត្រី​សម​ភាគី​ពី​រដ្ឋបាល​ជលផល និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ យើង​ឲ្យ​សហគមន៍​ដើររក​សំបុក និង​ការពារ​សំបុក​»​។​
 
​លោក សោម ស៊ីថា បន្តថា អង្គការ​បាន​ណែនាំ​ដល់​អ្នក​ដែល​ធ្លាប់តែ​ប្រមូល​ពង​កូន​កន្ធាយ​ក្បាល​កង្កែប​លក់ និង​បាន​ផ្តល់ឱកាស​ឲ្យ​ពួកគេ​មក​ចូលរួម​សកម្មភាព​អភិរក្ស​វិញ​។ «​យើង​មាន​ប្រាក់ឧបត្ថម្ភ​ដល់​ពួកគាត់​។ បើសិនជា​គាត់​បន្ត​លក់​គឺ​គាត់​ចូល​បាន​ចំណូល​ច្រើន​។ ប្រជាជន​គាត់​ស្ម័គ្រចិត្ត​ចូលរួម​ការពារ​វិញ​។ យើង​អបអរសាទរ​នឹង​ទឹកចិត្ត​របស់គាត់​ក្នុងការ​ចូលរួម​អភិរក្ស​»​។  នេះ​បើតាម​ការបញ្ជាក់​ពី​លោក ស៊ីថា ដែល​បន្តថា​ក្រោយពី​មានការ​ចូលរួម​អភិរក្ស​ពី​សហគមន៍​ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​កន្លងទៅ កម្រិត​នៃ​ការគំរាមកំហែង​មានការ​ថមថយ​ជាង​មុន​។​
 
​ដើមឡើយ​ពោលគឺ​នៅ​ឆ្នាំ​២០០៧ អង្គការ​WCS មានកម្ម​វិធី​ប្រមូល​កូន​កន្ធាយ​ដែល​អង្គការ​ប្រទះឃើញ​នៅ​ដែន​ជម្រក​ធម្មជាតិ យកមក​ចិញ្ចឹម​ឲ្យ​វា​ធំធាត់​ដល់​អាយុ​៣ ទៅ​៥​ឆ្នាំ  ទើប​យក​វា​ទៅ​លែង​នៅ​ទីជម្រក​របស់​វា​វិញ​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៧​មក អង្គ​ការខ្វះ​លទ្ធភាព​ដើម្បី​រៀបចំ​កន្លែង​ចិញ្ចឹម ទើប​តម្រូវ​ឲ្យ​អង្គការ​ចិញ្ចឹម​កន្ធាយ​ក្បាល​កង្កែប​ត្រឹមតែ​៣ ទៅ​៤​សប្តាហ៍ ទម្រាំ​វា​អាច​រឹង​ដៃ រឹង​ជើង ទើប​យកទៅ​លែង​នៅ​ជម្រក​របស់​វា​វិញ​៕


កន្ធាយក្បាលកង្កែប រូបភាពពីអង្គការ WCS


ពង​កន្ធាយក្បាលកង្កែប រូបភាពពីWCS


Tag:
 WCS
 ​កន្ធាយ​ក្បាល​កង្កែប
© រក្សាសិទ្ធិដោយ thmeythmey.com