ជាតិ
អាជ្ញាធរ​ស្រុក​បន្ទាយស្រី​រុះរើ​សំណង់​តូប​អនាធិបតេយ្យ​ជាង​២០​នៅក្បែរ​រង្វង់​មូល​
24, May 2020 , 3:11 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ សំណង់​អនាធិបតេយ្យ​ជាង​២០​តូប ដែល​សង់​អម​សងខាង​ផ្លូវ​ក្បែរ​រង្វង់​មូល​ធំជាងគេ​នៅ​ស្រុក​បន្ទាយស្រី​អស់​ជាច្រើន​ឆ្នាំ​មកហើយ ត្រូវបាន​អាជ្ញាធរ​ធ្វើ​ការរុះ​រើចេញ​។ អាជ្ញាធរ​បញ្ជាក់ថា វិធានការ​នេះ​ធ្វើឡើង​ដើម្បី​រៀបចំ​កែលម្អ​សោភ័ណភាព​តំបន់​នេះ​ដែល​សម្បូរ​ភ្ញៀវទេសចរ​ឆ្លងកាត់​។​

 
​អភិបាលស្រុក​បន្ទាយស្រី តាមរយៈ​ទំព័រ​ហ្វេ​ស​ហ៊ុ​ក​របស់ខ្លួន​បានលើកឡើង​ពី​ករណី​រុះរើ​សំណង់​តូប​លក់ដូរ​អ​នា​ធិ​បេ​តយ្យ​របស់​ប្រជាពលរដ្ឋ​ជាង​២០ ដែល​សង់​លើ​ចំណី​ថ្នល់​តាម​បណ្ដោយ​ផ្លូវ​ហាយ​វេ​លេខ​៦៦ ចាប់ពី​រង្វង់​មូល​ភ្នំ​គូលែន ឆ្ពោះទៅ​តំបន់​រមណីយដ្ឋាន​ក្បាលស្ពាន​។ លោក​អភិបាល​ពន្យល់ថា ការរុះរើ​នេះ​គឺ​ដើម្បី​កែលម្អ​សោភ័ណភាព សណ្ដាប់ធ្នាប់​និង​ភាព​ទាក់ទាញ​លើផ្លូវ​ដែល​តែងមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​ឆ្លងកាត់​ជាប្រចាំ​។​
 
​ករណីនេះ​ត្រូវបាន​លោក ឃឹម ហ្វី​ណង់ ពន្យល់ថា​៖« ប្រជាពលរដ្ឋ​នៅទីនេះ​បានមក​លក់ដូរ​ច្រើន​ទៅៗ​ចាប់ពី​មាន​រង្វង់​មូល​ធំ បង្កឱ្យមាន​ភាព​រញ៉េរញ៉ៃ​អត់​សណ្ដាប់ធ្នាប់ ក្លាយជា​ជង្រុក​ចោល​សំរាម​ពាស​វាស​ពាសកាល នៅលើ​ផ្លូវ​ហាយ​វេ​ដែល​តែងតែមាន​រថយន្ត​ឆ្លងកាត់​ល្បឿន​លឿន​ខ្លាំង ដោយ​មិន​គ្រាន់​បង្ក​ផលប៉ះពាល់​ទៅដល់​សណ្ដាប់ធ្នាប់​សាធារណៈ​និង​មុខមាត់​ស្រុក​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្កឱ្យមាន​ហានិភ័យ​យ៉ាងខ្លាំង​ទៅលើ​សុវត្ថិភាព​អ្នកដំណើរ​ផង សុវត្ថិភាព​របស់​ពួកគាត់​ផង ជាពិសេស​នៅពេលដែល​ភាពអនាធិបតេយ្យ​នេះ​ចេះតែ​កើនឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពី​៤-៥​តូប រហូត​ជាង​២០​តូប ដូចដែល​បានឃើញ​ក្នុងពេល​បច្ចុប្បន្ននេះ​»​។​
 
​យ៉ាងណាក៏ដោយ រដ្ឋបាល​ស្រុក​បន្ទាយស្រី​មិន​ភ្លេច​អរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​ព្រម​សហការ​រុះរើ​សំណង់​តូប​ទាំងនោះ​ដោយ​សន្ដិវិធី ដែល​ឥរិយាបថ​នេះ​ត្រូវបាន​ថ្នាក់​ដឹក​ស្រុក​បន្ទាយស្រី​យល់ថា បាន​ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្ដូរ​ផ្នត់គំនិត និង​យល់​តម្លៃ​លើ​ផលប្រយោជន៍​រួម​លើសពី​ប្រយោជន៍​របស់​បុគ្គល​៕





Tag:
 បន្ទាយស្រី​
  សំណង់​អនាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com