នៅក្នុងរឿងនិទាន ឬផ្នែកខ្លះនៃជំនឿរបស់ប្រជាជនតែងផ្តល់រូបភាពទៅកាន់ពពួកសត្វត្មាតថាជាភាវៈអាក្រក់ គួរឲ្យខ្លាច និងគួរឲ្យចៀសវាង ដោយសារតែរូបរាងដែលមិនគួរឲ្យទាក់ទាញរបស់ពួកវា និងរបៀបរស់នៅចិញ្ចឹមជីវិតដោយសារការស៊ីសាកសពសត្វ ឬមនុស្សជាអាហារ។ តែពេលខ្លះ ធម្មជាតិមិនមែនជាអ្វីអាក្រក់ដូចដែលមនុស្សបាននាំគ្នាគិតនោះទេ។ សត្វ និងរុក្ខជាតិនីមួយៗតែងមានតួនាទីសំខាន់រៀងៗខ្លួនក្នុងការថែរក្សាស្ថានប្រព័ន្ធធម្មជាតិដែលពួកគេរស់នៅ។ ចំពោះសត្វត្មាតវិញ តើពួកវាថែរទាំបរិស្ថានធម្មជាតិដោយដូចម្តេច? ហើយសព្វថ្ងៃពួកវារងគ្រោះថ្នាក់ដោយដូចម្តេចខ្លះ?
ពពួកសត្វត្មាត និងសត្វបក្សីមួយចំនួនទៀតត្រូវបានគេចាត់ទុកថាជាពពួកបក្សីដែលស៊ីសាច់សត្វដទៃជាអាហារ ឬជាភាសាអង់គ្លេសហៅថា«Bird of Prey»។ សត្វត្មាតដែលហោះហើរសម្លឹងរកកាកសំណល់ខ្មោចសត្វដែលងាប់ និងភាគច្រើនដែលសត្វផ្សេងៗដទៃទៀតមិនអាចស៊ីបាន។ គេហទំព័រ worldatlas.com បានបញ្ជាក់ថា ពពួកត្មាតត្រូវបានគេបែងចែកជាពីរក្រុមធំៗគឺ New World Vultures (ត្មាតដែលមករស់នៅលើដីថ្មី) និង Old World Vultures (ត្មាតដែលរស់នៅលើដីចាស់)។
ត្មាត New World ភាគច្រើនជារស់នៅតាមតំបន់នៃទ្វីបអាមេរិកខាងជើង និងអាមេរិកខាងត្បូង។ ចំណែកឯត្មាត Old World ភាគច្រើនរស់នៅតាមតំបន់នានានៃទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ ទោះបីជាពពួកត្មាតទាំងពីរប្រភេទនេះរស់នៅដាច់ដោយឡែកពីគ្នាមែន តែពួកវាមានលក្ខណៈស្រដៀងគ្នាជាច្រើនដូចជា ក្បាលទំពែកគ្មានរោម ផ្នែកកមានរោមខ្លីៗ និងចំពុះធំរឹងសម្រាប់ការចោះទម្លុះសាច់សត្វ។
ជំនឿមួយចំនួននៅឯប្រទេសលោកខាងលិចខ្លះក៏ឲ្យរូបភាពមិនល្អមកកាន់សត្វត្មាតដែរ។ ដោយឡែក ជាមួយនឹងក្រុមប្រជាជនដែលរស់នៅតាមតំបន់ ទីបេ ចន្លោះឥណ្ឌា និងចិន សត្វត្មាតត្រូវបានគេឲ្យតម្លៃ ហើយក៏ជាផ្នែកមួយនៃការប្រារព្ធពិធីបូជាសពផងដែរ។ ក្នុងការបូជា សាកសពមនុស្សមិនត្រូវបានគេបញ្ចុះក្នុងដីនោះទេ ក្នុងគោលបំណងកាត់បន្ថយការរីករាលដាលនៃជំងឺផ្សេងៗ។
សាកសពត្រូវបានគេរៀបចំ ដាក់ខ្ពស់ពីលើដី ដើម្បីទាក់ទាញសត្វត្មាត។ សត្វត្មាតនឹងមកស៊ីសាកសព្វទាំងនោះ ហើយហោះទៅលើអាកាសវិញជាធម្មតា។ សកម្មភាពនេះត្រូវបានគេជឿថាជាទង្វើល្អក្នុងការបរិច្ចាគអ្វីដែលខ្លួនមានទៅកាន់ភាវៈមានជីវិតណាមួយជាលើកចុងក្រោយ នៅពេលដែលអ្នកនោះចាក់ចេញពីពិភពរបស់មនុស្សលោកទៅ។
ការស្រាវជ្រាវរបស់ប្រវត្តិវិទូខ្លះបាននិយាយថា ការបូជាសាកសពបែបនេះត្រូវបានកុលសម្ព័ន្ធនៃមនុស្សមួយចំនួនអនុវត្តអស់កាលប្រមាណជា១១ពាន់ឆ្នាំមកហើយ។ នៅក្នុងស្ថានប្រព័ន្ធធម្មជាតិ សត្វត្មាតគឺជាអ្នកសំអាតបរិស្ថាន និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនានា។ សត្វត្មាតបានវិវត្តមកជាមួយនឹងប្រព័ន្ធរំលាយអាហារដែលមានកម្រិតអាស៊ីតខ្លាំងសាហាវ ដោយពេលខ្លះក្រពះនៃសត្វទាំងនេះមានកម្រិត pH ខ្ពស់ជាងសូន្យបន្តិចទេ។ ហេតុដូចនេះទើបពួកគេអាចរំលាយកាកសំណល់សត្វស្អុយ ឬឆ្អឹងរបស់សត្វមួយចំនួនបានដោយមិនបង្កទុក្ខទោសដល់ប្រព័ន្ធរំលាយអាហាររបស់ពួកវា។
កាកសំណល់សត្វនៅតាមព្រៃមួយចំនួនមានផ្ទុកមេរោគ និងសារធាតុគ្រោះថ្នាក់ជាច្រើនដូចជា Anthrax, Botulinum Toxin, ជំងឺឆ្កែឆ្កួត និងជំងឺអាសន្នរោគដទៃទៀត ដែលភាគច្រើនអាចបំពុលដី ឬប្រភពទឹកដែលស្ថិតនៅជិតកាកសំណល់សត្វទាំងនោះ។ ត្មាតសម្រួលបញ្ហាទាំងនេះដោយការស៊ីកាកសំណល់ទាំងនេះចោល មុនពេលដែលសារធាតុពុលទាំងនោះអាចធ្វើដំណើរចូលទៅកាន់ធម្មជាតិវិញ។ សត្វត្មាតក៏បានជួយអាជ្ងាធរក្នុងតំបន់តាមរកសាកសពសត្វដំរី ឬរមាសនៃបានសម្លាប់ដោយជនខិលខូចផងដែរ។
ភាគច្រើនជនខិលខូចទាំងនោះនឹងទុកសាកសពសត្វចោលក្រោយពីពេលដែលពូកគេកាត់យកភ្លុកដំរី ឬកុយរមាសរួច។ សាកសពទាំងនោះនឹងស្អុយរលួយ ទាក់ទាញវត្តមានសត្វត្មាត។ ដោយតាមរកដំណើរហោះហើររបស់ត្មាត អាជ្ញាធរក្នុងតំបន់អាចពិនិត្យមើលសកម្មភាពខុសច្បាប់របស់ជនខិលខូចទាំងនោះបានរហ័សជាមុន។ ដោយហេតុនេះ ជនប្រម៉ាញ់ខុសច្បាប់ទាំងនោះអាចបញ្ចូលថ្មាំពុលទៅក្នុងសាកសពដើម្បីសម្លាប់សត្វត្មាតដែលមកស៊ីខ្មោចសត្វទាំងនោះ។
នៅក្នុងប្រទេស Namibia នាខែកក្កដា ឆ្នាំ២០១៣ ពពួកត្មាតប្រមាណជា៥០០ក្បាលបានងាប់ដោយសារការស៊ីសាកសពសត្វដែលមានការចាក់បញ្ចូលថ្មាំពុលពីអ្នកប្រម៉ាញ់ខុសច្បាប់។ នៅក្នុងប្រទេសអាហ្វ្រិកមួយចំនួន អ្នកភូមិតែងដាក់សាច់សត្វដែលមានជាតិពុលក្នុងការទប់ស្កាត់វត្តមាននៃសត្វតោ ឬខ្លា។ តែសាច់សត្វពុលទាំងនោះក៏ត្រូវបានស៊ីដោយសត្វត្មាតផងដែរ។ នៅសហរដ្ឋអាមេរិក អ្នកប្រម៉ាញ់សត្វខ្លះប្រើប្រាស់គ្រាប់កាំភ្លើងដែលមានជាតិ«សំណ»ក្នុងការសម្លាប់ពពួកឆ្កៃព្រៃម្យ៉ាងមានឈ្មោះថា«Coyote»។ នៅពេលដែលសត្វឆ្កៃព្រៃទាំងនោះងាប់ សាច់របស់វាជាមួយនឹងសារធាតុសំណត្រូវបានស៊ីដោយសត្វត្មាត ដែលក្រោយមកធ្វើឲ្យសត្វត្មាតពុលងាប់។
សព្វថ្ងៃពូជត្មាតប្រមាណ១៦ក្នុងចំណោម២៣ត្រូវបានគេចាត់ទុកថាងាយរងគ្រោះរហូតទៅដល់ជិតផុតពូជ។ នៅពេលដែលចំនួនរបស់សត្វត្មាតថយចុះ សត្វដែលស៊ីផ្សេងៗទៀតដូចជាសត្វឆ្កែគ្មានម្ចាស់ត្រឹមត្រូវ
កណ្តុរ ឬរុយដែលបង្កើតដង្កូវមួយចំនួន។ សត្វទាំងនោះពិតជាជួយស៊ីសាកសពសត្វមែន តែវាក៏យកភាពកខ្វក់ទាំងនោះមកកាន់បរិស្ថានរបស់មនុស្សរស់នៅផងដែរ។
មកទល់បច្ចុប្បន្ន អង្កការការពារសត្វព្រៃជាច្រើនបានជួយជំរុញចំនួនសត្វត្មាតឲ្យកើនឡើងវិញ និងជួយបញ្ឈប់ការបរបាញ់ឬការសម្លាប់សត្វត្មាតដោយប្រយោល ជាពិសេសនៅតាមតំបន់នៃទ្វីបអាស៊ី និងអាហ្វ្រិក។ គួរឲ្យបញ្ជាក់ផងដែរថា ទោះបីជាសត្វត្មាតមិនមានលក្ខណៈ ឬរូបរាងស្រស់ស្អាតដូចសត្វដែលកំពុងជិតផុតពូជក៏ដោយ តែពួកគេក៏មានតួរនាទីសំខាន់របស់ពួកគេក្នុងការការពារ និងមើលថែរបរិស្ថានដែលភាវៈមនុស្សកំពុងតែពឹងផ្អែកផងដែរ៕