ជាតិ
សេដ្ឋកិច្ច
តើ​ផលិតផល​ទំនើប ដែលមាន​ម៉ាក​យីហោ សុទ្ធ​តែមាន​គុណភាព​មែន​ឬទេ​?
24, May 2020 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ស្រប​ពេលដែល​ផលិតផល​ទំនើប មាន​លក់​នៅលើ​ទីផ្សារ​នោះ គេ​តែងតែ​សង្កេតឃើញ​ម្ចាស់​អាជីវកម្ម​សុទ្ធតែ​អួតអាង​ពី​គុណភាព​ផលិតផល​ខ្លួន​ថា មានការ​ទទួលស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង​ពាក់ព័ន្ធ​។ ដូច្នេះ​តើ​ផលិតផល​ដែលមាន​ម៉ាក​យីហោ​សុទ្ធតែ​មានគុណ​ភាព​ឬ​យ៉ាងណា​?

 
​ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម​សូម​លោកអ្នក​នាង តាមដាន​បទ​សម្ភាសរ​វាង​អ្នកនាង ស៊ែម ម៉ូ​នី​តា អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ជាមួយ ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ឯក  លីវ សុ​ផា​ណា​រិ​ទ្ធិ  ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដូចតទៅ​៖
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​តើ​ផលិតផល​មួយ​ដែល​អាច​ដាក់លក់​នៅលើ​ទីផ្សារ​ដោយ​ស្របច្បាប់​បាន​គឺ​ត្រូវមាន​អ្វីខ្លះ​?

​លោក លីវ សុ​ផា​ណា​រិ​ទ្ធិ​៖​យើង​សម្គាល់​បាន​ដោយ​ខ្លួនឯង​ដូចជា​គ្រឿងឧបភោគ​បរិភោគ​ជាដើម​យើង​មើលឃើញ​មាន​ចុះបញ្ជី​ការ លេខ​ប្រវេតន៍ ឬក៏ ច​.​ប​.​ផ​(​ច​.​ប​.​ផ គឺ​មានន័យថា ផលិតផល​នោះ​ត្រូវបាន ផលិត​ក្នុងប្រទេស រឺ ត្រូវបាន​នាំចូល​មាន​បញ្ជី​ការត្រឹមត្រូវ​)​។ ដោយឡែក​ចំពោះ​ឱសថ​ឬក៏​គ្រឿងសំអាង ក៏មាន​លេខ​ប្រវេតន៍​ដូចគ្នា មានន័យថា​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​មន្ទីរពិសោធន៍​របស់​ក្រសួងសុខាភិបាល​ត្រឹមត្រូវ​ហើយ​ក្រសួង​អនុញ្ញាត​ឱ្យធ្វើ​ទីផ្សារ​ដែលមាន​លេខ​ប្រវេតន៍​ពី​ក្រសួងសុខាភិបាល​។ ចំណែក​ឯខាង​ក្រសួងពាណិជ្ជកម្ម​គឺ​ទទួល​ចុះបញ្ជី​ម៉ាក​និង​ផលិតផល​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​ចុះ​ប្រសិនបើ​ផលិតផល​មួយ​ម្ចាស់អាជីវកម្មមាន​ចុះបញ្ជី​ការត្រឹមត្រូវ​រួចរាល់​ហើយ តែ​រយៈពេល​ក្រោយមក​ម្ចាស់​ផលិតផល​បាន​ដូរ​គុណភាព ដោយ​បន្ថយ​ឬ​ប្ដូរ​គុណភាព​វិញ តើ​ខាង​គណៈកម្មាធិការ​មាន​យន្តការ​បែបណា​ដែរ​?
 
​លោក លីវ សុ​ផា​ណា​រិ​ទ្ធិ​៖​បាទ​!​តាម​កម្មវិធី​ត្រួតពិនិត្យ​គុណភាព​រាល់​ផលិតផល​ដូចជា​គ្រឿងឧបភោគ​បរិភោគ​ជាដើម​គឺ​រយៈពេល​៣​ខែម្ដង គឺ​ត្រូវ​មានការ​បញ្ចូនទៅ​មន្ទីរពិសោធន៍​ដើម្បី​ត្រួតពិនិត្យ​គុណភាព​។  នេះ​ជា​យន្តការ​មួយ​ដើម្បី​គ្រប់គ្រង​គុណភាព​អោយមាន​និរន្ត​ភាព​ក្នុង​ការរក្សា​គុណភាព​នេះ​។​ហើយ​ប្រសិន​ម្ចាស់អាជីវកម្មមិន​អនុលោម​តាម​កម្មវិធី​នេះ វា​អាចជា​បទល្មើស​មួយ​ដែល​គាត់​ព្យាយាម​ក្លែងបន្លំ​ឬក៏​ធ្វើឱ្យ​ខុសពី​រូបមន្ត​ដែល​គាត់​បាន​ចុះបញ្ជី​។​កិច្ចការ​នេះ​គឺ ក្រសួង​ឧស្សាហ៍កម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជា​អ្នកធ្វើការ​ដោយ​តម្រូវឱ្យ​គ្រប់​ក្រុមហ៊ុន ផលិត​ក្នុងប្រទេស ឬ​នាំចូល​ផ្ញើរ​សំណាក​យកមក​ត្រួតពិនិត្យ ស្របពេល​ជាមួយគ្នា​នោះ​ក៏ដូចជា​សមត្ថកិច្ច​កាំកុងត្រូល និង គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក៏​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទំនិញ​នៅតាម​ទីផ្សារ​ដែរ ដើម្បី​បញ្ចូនទៅ​មន្ទីរពិសោធន៍​ត្រួតពិនិត្យ​គុណភាព ។ ឯ​ក្រសួងសុខាភិបាល ក៏មាន​យន្តការ​មួយចំនួន ក្នុង​ការទិញ​សំណាក​ឱសថ និង គ្រឿងសំអាង ជារឿយៗ ក្នុងការ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​ជាមួយ​គុណភាព ដែល​ក្រុមហ៊ុន​បាន​សុំ​ការអនុញ្ញាត​ពី​ក្រសួង ។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​ដូច្នេះ​ផលិតផល​ដែល​គេ​នាំចូល​ឬ​បង្កើត​ម៉ាក​Brand(​ម៉ាក​ទំនើប​) មួយ​ដែលមាន​ចុះបញ្ជី​ការត្រឹមត្រូវ​មិន​ប្រាកដថា​និង​មានគុណ​រហូត​មួយរយ​ភាគរយ​មែនដែរ​ទេ​?
 
​លោក លីវ សុ​ផា​ណា​រិ​ទ្ធិ​៖​ត្រង់នេះ​ជាទូទៅ​ការបង្កើត​ប្រ៊ែ​ន​(Brand)​មួយ​ឬ​ផលិតផល​ក្នុងនោះ​រូបមន្ត​ត្រូវមាន​ស្ដង់ដារ បើ​ឆ្នាំនេះ​ស្ដង់ដារ​ផ្សេង ឆ្នាំក្រោយ​ស្តង់ដារ​ផ្សេងទៀត ដោយ​មិនមាន​សុំ​ការអនុញ្ញាត​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ទេនោះ វា​គឺជា​ការប្រព្រឹត្ត​បទល្មើស​មួយ​ខុសពី​អ្វីដែល​គាត់​បាន​ចុះបញ្ជី ដែលជា​ហានិភ័យ​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់ ដែល​ទទួលបាន​គុណភាព​មិន​ដូច​ពួកគាត់​រំពឹងទុក ហើយ​ទាំងនេះ​គឺជា​ចេតនា​ក្នុងការ​ក្លែងបន្លំ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម ។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​តើ​អ្នក​ដែល​ចរាចរ​ផលិតផល​អន់​គុណភាព​ឬ​ក្លែងក្លាយ​មានទោស​ទណ្ឌ​យ៉ាងដូចម្ដេច​ដែរ​?
 
​លោក លីវ សុ​ផា​ណា​រិ​ទ្ធិ​៖ តាម​មាត្រា ៦៣ និង ៦៤ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា សម្រាប់​ទោសទណ្ឌ កំរិត​ស្រាល​មាន​ផាកពិន័យ​ពី​ប៉ុន្មាន ៥ លាន​រៀល​ទៅ ១០ លាន​រៀល និង​រឹប​អូ​ល​ផលិតផល​ទាំងនោះ ឬក៏​អាច​ជាប់ពន្ធនាគារ រួមទាំង​ទោស​ព្រហ្មទណ្ឌ ប្រសិន​មាន​ផលប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ឬ​ដល់​អាយុជីវិត​អ្នកប្រើប្រាស់ ។ ចំពោះ​ច្បាប់​នៃ​ការគ្រប់គ្រង​ឱសថ​វិញ​សណ្ឋាន​ទោស​ធ្ងន់​អាច​ទទួល​ការផាកពិន័យ ២០ លាន​រៀល ដល់ ៥០ លាន​រៀល ឬ ផ្តន្ទាទោស រយៈពេល ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ ប្រសិន​ឱសថ​ក្លែងក្លាយ​ទាំងនោះ​មាន​ផលប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ឬ​ដល់​អាយុជីវិត​អ្នកប្រើប្រាស់​។​

​អ្នកនាង​ស៊ែម ម៉ូ​នី​តា​៖​ដូច្នេះ​ប្រសិនបើ​អ្នកប្រើប្រាស់​ប្រើ​យូរ​ទៅ​សង្កេតឃើញថា​ប្លែក​គុណភាព​មិន​ដូច​មុន គឺអាច​ទាក់ទង​ទៅ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​អោយជួយ​ត្រួតពិនិត្យ​បន្ថែមទៀត​មែន​ឬទេ​?
 
 លោក លីវ សុ​ផា​ណា​រិ​ទ្ធិ​៖​បាទ​!​ខាងយើង​ស្វា​គម៍​ជានិច្ច​រាល់​ការរាយការណ៍​ពី​គ្រប់​ករណី​ទាំងអស់​ដែល​ប្រជាពលរដ្ឋ​ក៏ដូចជា អ្នកប្រើប្រាស់​គាត់​សង្ស័យថា​ផលិតផល​ដែល​គាត់​កំពុង​ប្រើ​មានការ​ប្រែប្រួល​មិន​ប្រក្រតី​សូម​រាយការណ៍ មក​គណៈកម្មាធិការ យើង​នឹង​ចាត់វិធានការ​ហើយ​និង​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់​បំផុត ហើយ​រាល់​ការរាយការណ៍​យើង​ចាត់ទុកជា​ការសម្ងាត់​ជូន​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​សម្រាប់​លេខ​ប្រវេតន៍ បើ​គាត់​មានការ​ចុះបញ្ជី​ការត្រឹមត្រូវ តែ​មិនបាន​បិត​សញ្ញា​សម្គាល់​នោះ​ក៏​ខុសច្បាប់​ដែរ​មែន​ទេ​?
 
 លោក លីវ សុ​ផា​ណា​រិ​ទ្ធិ​៖​បាទ​!​គឺ​ខុសច្បាប់​។​រាល់​ទំនិញ​ឬ​ផលិតផល​គ្រឿងឧបភោគ​បរិភោគ នៅលើ​ការ​វេច​ខ្ចប់​យើង​ឃើញ​មាន​ដាក់ពាក្យ ច​.​ប​.​ផ ឬ​សញ្ញា ស៊ី​អេស​(​ស្ដង់ដារ​)​។​ដោយឡែក​សម្រាប់​ឱសថ​គឺមាន​លេខ​បញ្ជិកា​ឱសថ គ្រឿងសំអាង​មាន​លេខ​បញ្ជិកា​គ្រឿងសំអាង យើង​អាច​ពិនិត្យ​និង​ឃើញ​មាន​ពីរ​សណ្ឋាន​គឺ​៖​មួយ​គឺ​ការបិត​លេខ​បញ្ជិកា​នៅលើ​នឹង​ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល ឬ​បើ​គេ​នាំចូល​ទ្រង់ទ្រាយ​ធំ​គេ​មាន​បោះពុម្ព​លើ​ការ​វេច​ខ្ចប់​នោះ​តែម្ដង ។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​ដូច្នេះ​តើ​ប្រជាពលរដ្ឋ​គួរ​ចូលរួម​សហការ​យ៉ាង​ខ្លះ​ណា​ជាមួយ​គណៈកម្មាធិការ​ទើប​មាន​ប្រសិទ្ធភាព​?
 
​លោក លីវ សុ​ផា​ណា​រិ​ទ្ធិ​៖​បាទ​!​សព្វថ្ងៃ​មាន​ផលិតផល​ច្រើនណាស់​លក់​នៅលើ​ទីផ្សារ​មាន​ទាំង​ទំនិញ គ្រឿង​បរិភោគ ឱសថ គ្រឿងសំអាង ដូច​ខ្ញុំ​ធ្លាប់​លើកឡើងថា​មន្ត្រី​អនុវត្ត​ច្បាប់​ពេលខ្លះ​មិនអាច​ដឹង​ពី​ផលិតផល​បាន​គ្រប់​ផលិតផល​នោះទេ​ព្រោះ​ផលិតផល​នីមួយៗ មាន​រាប់ពាន់ រាប់ម៉ឺន​ប្រភេទ សូម្បីតែ​ការ​វេច​ខ្ចប់​មួយចំនួន ក៏មាន​ការប្រែប្រួល ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដែរ ដូច្នេះ​ត្រូវឱ្យ​ខាង​ក្រុមហ៊ុន និង​សហគ្រិន ត្រូវ​សហការ​បញ្ជូន​សំណាក​មក​ក្រសួង​ស្ថាប័ន​គ្រប់គ្រង​គុណភាព​ឱ្យបាន​ដឹងផង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​។​ហើយ​ប្រជាពលរដ្ឋ​មុន​ប្រើប្រាស់​ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់​ទៅលើ​លេខ​បញ្ជិការ ច​.​ប​.​ផ ក៏​ដូច សញ្ញា CS និង​សុ​ពុល​ភាព​នៃ​ការប្រើប្រាស់​កុំឱ្យ​ហួសកំណត់ អាស័យដ្ឋាន និង លេខ​ទូរ​សព្ទ​ច្បាស់លាស់​របស់​ក្រុមហ៊ុន ក៏ដូចជា​រោងចក្រ​ផលិត ហើយ​ប្រសិនបើ​នៅមាន​ចំនុច​ផ្សេងទៀត​គួរឱ្យ​សង្ស័យ​នោះ អាចធ្វើ​ការទំនាក់ទំនង​មក​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​។​
 
​សូម​ពិនិត្យ​លើ​ស្លាក​សញ្ញា​ខាងក្រោយ​៖





Tag:
 ផលិតផល​
 ​ប្រេន​
© រក្សាសិទ្ធិដោយ thmeythmey.com