បន្ទុះភ្នំភ្លើងជាបាតុភូតធម្មជាតិមួយដែលបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ពោលគឺតាំងពីសម័យកាលនៃបុរេប្រវត្តិមកម្លេះ។ វាជាគ្រោះមហន្តរាយធម្មជាតិមួយដែលអាចបង្កឲ្យមានការបំផ្លិចបំផ្លាញបានយ៉ាងខ្លាំង ជាពិសេសបើវាមានវត្តមាននៅក្បែរទីប្រជុំជនរស់នៅរបស់មនុស្ស។ នៅក្នុងឆ្នាំ៧៩ក្រោយគ្រិស្តសករាជ ភ្នំភ្លើង Vesuvius បានផ្ទុះឡើង និងបានកម្ទេចទីក្រុង Pompeii នៃប្រទេសអ៊ីតាលីទាំងស្រុង។ នេះគឺជាបាតុភូតបន្ទុះភ្នំភ្លើងដ៏ល្បីល្បាញមួយនៅក្នុងប្រវត្តិសាស្ត្រកត់ត្រា។ បើត្រលប់មកកាន់សំណួរដើមវិញ តើមានមូលហេតុអ្វីខ្លះដែលបង្កឲ្យមានបន្ទុះភ្នំភ្លើង?
គេហទំព័រ thesun.co.uk របស់ចក្រភពអង់គ្លេសបានលើកឡើងថា សព្វថ្ងៃមានភ្នំភ្លើងប្រមាណជា១៥០០កន្លែងនៅកំពុងដែលនៅសកម្មក្នុងអំឡុងរយៈពេល១ម៉ឺនឆ្នាំមកនេះ ដោយជារៀងរាល់ខែ មានបន្ទុះភ្នំភ្លើងចន្លោះពី៥០ទៅ៦០ដងកើតឡើងក្នុងពិភពលោក។ ជារួម បន្ទុះទាំងឡើងកើតមានឡើងដោយសារតែការកើនឡើងនៃសម្ពាធដែលមាននៅខាងក្រោមដី។
មូលហេតុដែលកើតឡើងញឹកញាប់ជាងគេគឺ«ចលនាផ្លាកតិចតូនិច»ដែលជាចលនាយឺតៗ(តែផ្ទុកថាមពលខ្លាំងមហិមា)នៃផ្ទាំងទ្វីបធំៗ។ នៅពេលដែលផ្លាកទ្វីបមានចលនាទៅរកគ្នា សង្កត់លើគ្នា ទឹកសមុទ្រ ឬស្រទាប់ដីផ្សេងៗអាចហូរចូលទៅក្នុងអាងម៉ាកម៉ា និងធ្វើឲ្យម៉ាកម៉ាទាំងនោះហូរចេញមកក្រៅ ដែលមានលក្ខណៈខាប់ ស្អិត ដោយមានសីតុណ្ហភាពរហូតទៅដល់១ពាន់អង្សារសេ។
មូលហេតុមួយទៀតគឺនៅពេលដែលផ្លាកទ្វីបពីររំកិលចេញពីគ្នា។ បាតុភូតមួយនេះអាចធ្វើឲ្យម៉ាកម៉ាហូរចេញមកក្រៅយឺតដើម្បីបំពេញចន្លោះប្រហោងដែលបានកើតមាននៅពេលផ្លាកទ្វីបទាំងពីរញែកចេញ។ បន្ទុះបែបនេះអាចមានសីតុណ្ហភាពរហូតទៅដល់១២០០អង្សារសេ។
មូលហេតុបន្ទាប់គឺការថយចុះនៃសម្ពាធខាងក្រៅភ្នំភ្លើង ដែលធ្វើឲ្យសម្ពាធនៅខាងក្នុងភ្នំភ្លើងកើនឡើងខ្ពស់ឆាប់រហ័ស។ ព្យុះទីហ្វុងអាចធ្វើឲ្យដីនៅលើភ្នំភ្លើងសឹកហើយស្តើង ចំណែកឯការរលាយទឹកកកនៅលើភ្នំភ្លើងអាចកាត់បន្ថយទម្ងន់ទឹកកកដែលសង្កត់លើភ្នំភ្លើង។ សម្ពាធខ្សោយនៅខាងក្រៅភ្នំភ្លើងនេះហើយដែលអនុញ្ញាតឲ្យម៉ាកម៉ានៅខាងក្នុងផ្ទុចេញមកបាន។
ភ្នំភ្លើងជាទូទៅកកើតនៅតាមទីតាំងដែលមានស្រទាប់ដីស្តើង។ រវាងបន្ទុះនីមួយៗកំអែរភ្នំភ្លើងក្តៅដែលហូរចេញមក ចុះត្រជាក់រួចកក បង្កើតបានជាស្រទាប់ភ្នំថ្មីៗបន្តិចម្តង។ គេចែកភ្នំភ្លើងជាបីប្រភេទគឺ៖
Shield Volcano៖ វាមានលក្ខណៈទាប ហើយទាល។ ភ្នំភ្លើងបែបនេះឧស្សាហ៍បង្កបន្ទុះតូចៗ តែយឺតៗ។
Stratovolcano៖ មានលក្ខណៈស្រួច និងខ្ពស់ ហើយភាគច្រើនបង្កបន្ទុះធំៗហើយខ្លាំង។
Caldera Volcano៖ ជាប្រភេទភ្នំភ្លើងដែលមានលក្ខណៈដូចជាអាងទន្លេ និងមានលំហូរម៉ាកម៉ាយឺតៗ។ វាមានលក្ខណៈដូចនេះគឺដោយសារតែការដួលរលំនៃកំពូលខាងលើដោយសារតែសម្ពាធខាងក្រៅមានកម្លាំងខ្លាំងជាងខាងក្នុង៕