ជាតិ
សេដ្ឋកិច្ច
លោក គីម នី​ដូ ប្រមូល​សំរាម​តាម​ផ្សារ​នៅ​ភ្នំពេញ ទៅធ្វើជា​ជីកំប៉ុស និង​ជី​អាចម៍​ជន្លេន​
24, May 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ជា​រៀងរាល់ថ្ងៃ លោក គីម នី​ដូ តែងតែ​ប្រមូល​សំណល់​សរីរាង្គ​ប្រមាណ ៣០ ទៅ​៤៥​តោន ពី​តាម​បណ្តា​ផ្សា​នានា នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​យកទៅ​កែច្នៃ​ទៅជា​ជីកំប៉ុស និង​ជី​អាចម៍​ជន្លេន​។ លោក គីម នី​ដូ ជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Twin Agri Tech បាន​ឲ្យ​ដឹងថា សំណល់​សរីរាង្គ​ដែល​ក្រុមហ៊ុន​លោក​ត្រូវការ​មានដូចជា បន្លែ ផ្លែឈើ កាក​អំពៅ សំបក​ដូង កំទេច​រណារ​សម្រាប់​ប​ណ្តុះ​ផ្សិត និង​សំណល់​ផ្ទះបាយ​ជាដើម​។  សម្រាប់​លោក គីម នី​ដូ ការប្រមូល​សំរាម​សរីរាង្គ​ទៅ​កែច្នៃ​នេះ មិន​ត្រឹមតែ​ជួយ​ដល់​វិស័យ​កសិកម្ម​នោះទេ ប៉ុន្តែ​ថែមទាំង​ជួយ​ដល់​បរិស្ថាន​ផងដែរ​។​

 
​រយៈពេល​៨ឆ្នាំ​​ហើយ ដែល​ក្រុមហ៊ុន Twin Agri Tech របស់លោក គីម នី​ដូ ធ្វើការ​ងារ​លើ​ការប្រមូល​សំរាម នៅតាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ច្នៃ​ទៅជា​ជីកំប៉ុស និង​ជី​អាចម៍​ជន្លេន​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ មានលទ្ធភាព​ប្រមូល​សំរាម​តាម​ផ្សារ បាន​ពី​៣០ ទៅ​៤៥​តោន  ក្នុង​មួយថ្ងៃ ពី​ផ្សារ​ដើម​គរ ផ្សារ​អូរ​ឬ​ស្សី ផ្សារ​ជម្ពូ​រវ័ន និង​ផ្សារ​នានា​ជុំវិញ​ភ្នំពេញ​។ ក្រៅពីនោះ គឺ​សំរាម​ដែល​ប្រមូល​នៅតាម​រោងចក្រ​កែច្នៃ​ម្ហូបអាហារ និង​តាម​កសិដ្ឋាន​មួយចំនួន​។ សំរាម​ទាំងនោះ មានដូចជា​បន្លែ ផ្លែឈើ កាក​អំពៅ សំបក​ដូង កំទេច​រណារ​សម្រាប់​ប​ណ្តុះ​ផ្សិត និង​កាកសំណល់​ផ្ទះបាយ​ជាដើម​។​
 
​លោក គីម នី​ដូ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) ថា គោលដៅ​ដែល​លោក​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង  គឺ​ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ពិសេស​លើ​ផ្នែក​ដាំ​ដុះ ដោយ​ធ្វើយ៉ាងណា ឱ្យ​ជី​កសិកម្ម​ក្នុងស្រុក​មានតម្លៃ​ថោក តែមាន​គុណភាព​។ ក្រៅពីនេះ លោក នី​ដូ  ក៏​ផ្តោត​សំខាន់​ខ្លាំង លើ​ផ្នែក​បរិស្ថាន​ដែរ  ដោយ​បុរស​មាឌ​មាំ​សម្បុរ​ស្រអែម​រូបនេះ ចង់​ជួយ​សម្អាត​បរិស្ថាន​នៅ​កម្ពុជា ពិសេស​កែប្រែ​ភ្នំពេញ​ឱ្យក្លាយ​ទៅជា​រាជធានី​គ្មាន​សំរាម​។ «​ថ្ងៃក្រោយ​បើ​ខ្ញុំ​មាន​សមត្ថភាព ខ្ញុំ​ចង់​ប្រមូល​សំរាម​សរីរាង្គ​នៅក្នុង​រាជធានី​ឱ្យអស់ និង​ឱ្យ​ស្អាត​តែម្តង​។ ព្រោះ​ភ្នំពេញ គឺជា​បេះដូង​របស់​យើង ជា​ខួរក្បាល​របស់​យើង​។ ប៉ុន្តែ​បើ​មាន​ក្រុមហ៊ុន​ណា​ចង់​ធ្វើ​ការងារ​នេះដែរ យើង​រីករាយ​នឹង​ចែករំលែក​បទពិសោធន៍​ដែល​យើង​មាន ដើម្បីឱ្យ​ភ្នំពេញ​ក្លាយជា​រាជធានី​គំរូ​ដែល​ពោរពេញ​ទៅដោយ​បរិស្ថាន​ស្អាត​»​។ នេះ​ជា​មហិច្ឆតា ដែល​ជំរុញ​ឲ្យ​លោក គីម នី​ដូ បន្ត​កិច្ចការ​នេះ​អស់​រយៈពេល​៨​ឆ្នាំ​មកនេះ​។ 


លោក គីម នីដូ ស្ថាបនិកក្រុមហ៊ុន Twin Agri Tech។
 
​សម្រាប់​រដូវវស្សា​ក្រុមហ៊ុន​នេះ អាច​ផលិត​ទាំង​ជីកំប៉ុស និង​ជី​អាច​ន៍​ជន្លេន​ដែល​កែច្នៃ​ចេញពី​សំរាម​សរីរាង្គ ទាំងនោះ​បាន​ពី​៣០០ ទៅ​៥០០​តោន ក្នុង​មួយខែ​។ ដោយឡែក​រដូវប្រាំង ក្រុមហ៊ុន អាច​ផលិត​ជី​បាន​រហូតដល់​១,០០០​តោន ក្នុង​មួយខែ​។ នេះ​បើតាម​លោក គីម នី​ដូ ដោយបាន​អះអាងថា​៖«​ជី​ទាំងនេះ ក្រុមហ៊ុន​ផលិត​មិនទាន់​នឹង​តម្រូវ​ទីផ្សារ​ផង  ព្រោះ​បច្ចុប្បន្ន អតិថិជន មានការ​យល់ដឹង ពី​អត្ថប្រយោជន៍​នៃ​ជីធម្មជាតិ ហើយ​នាំគ្នា​បញ្ជា​ទិញ​ច្រើនជាង​មុន​»​។​
 
​ជី​ដែល​កែច្នៃ​ពី​សំរាម​សរីរាង្គ របស់​ក្រុមហ៊ុន Twin Agri Tech មិន​ត្រឹម​មានគុណ​ភាព​ទេ ថែមទាំង​មានតម្លៃ​ថោក ជាង​ជីគីមី​នាំចូល​ពីរ​បរទេស ជាង​ពាក់កណ្តាល ដោយ​ជីកំប៉ុស មានតម្លៃ​១២៥​ដុល្លារ​ក្នុង​មួយ​តោន និង​ជី​អាចម៍​ជន្លេន មានតម្លៃ​១៥៥​ដុល្លារ ក្នុង​មួយ​តោន​។ បើ​ធៀប​នឹង​ជីគីមី (​ជីអ៊ុយរ៉េ​) ដែល​កសិករ​ប្រើប្រាស់​លើ​ដំណាំ​ទូទៅ មានតម្លៃ​ជិត​៣០០​ដុល្លារ ឬ​លើសពីនេះ ក្នុង​មួយ​តោន​។ 
 
​លោក គីម នី​ដូ បាន​និយាយ​ដូច្នេះ​៖«​ជី​ដែល​យើង​កែច្នៃ​ពី​សំរាម​សរីរាង្គ​នេះ យើង​កាន់តែ​ប្រើ​ដំណាំ​យើង​កាន់តែ​ល្អ​។ ជី​នេះ មិន​ត្រឹម​ជួយ​កែប្រែ​ដី​ពី​ខូច ទៅជា​ដី​មានគុណ​ភាព​វិញ​នោះ គឺ​ថែម​ទាំ​ជួយ​រក្សា​ដី​ឱ្យមាន​សំណើម ឆ្លើយតប​នឹង​ការកើនឡើង​កម្តៅ​ផែនដី​ផងដែរ​។ បើ​(​ជី​)​គីមី​វិញ យើង​កាន់តែ​ប្រើ​ច្រើន ធ្វើឱ្យ​ដី​យើង​ហឹ​ល គ្មាន​គុណភាព ដាំ​អ្វី​លែង​បាន និង​បំពុល​ដល់​បរិស្ថាន​ទៀត​»​។ 
 
​ថ្វី​ដ្បិត​ក្រុមហ៊ុន​នេះ អាច​ប្រមូល​សំរាម​សរីរាង្គ​បាន​ជិត​៥០​តោន​ក្នុង​មួយថ្ងៃ ប៉ុន្តែ​បរិមាណ​នេះ គឺ​នៅមាន​ទំហំ​តិចតួច​ខ្លាំង​នៅឡើយ បើ​ធៀប​នឹង​កាកសំណល់​សរីរាង្គ​សរុប​។ គ្រាន់តែ​ផ្សារ​ដើម​គរ​តែមួយ មាន​សំរាម​សរីរាង្គ ប្រមាណ​៤០​តោន​ទៅហើយ​។ នេះ​បើតាម លោក នី​ដូ ដោយបាន​បញ្ជាក់​ដូច្នេះ​៖«​បច្ចុប្បន្ន​សម្រាប់​នៅ​ផ្សារ​ដើម​គរ យើង​ប្រមូល​សំរាម​សរីរាង្គ​បាន​ត្រឹម​៧ ទៅ​៨​តោន​ទេ ក្នុង​មួយថ្ងៃ​។ បើ​ធៀប​នឹង​ចំនួន​សំរាម​សរីរាង្គ​សរុប​នោះ គឺ​តិចតួច​មែនទែន​។ នេះ​អនាគត​ក្រុមហ៊ុន​Twin Agri Tech នឹង​ប្រមូលយក​សំរាម​សរីរាង្គ ក្នុង​ផ្សារ​នោះ​ទាំងអស់ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ក្រុមហ៊ុន​ស៊ីន​ទ្រី និង​ក្រសួងបរិស្ថាន​»​។​
 
​បច្ចុប្បន្ន រាជធានី​ភ្នំពេញ មាន​សំរាម​ចន្លោះ​ពី​២,៧០០ ទៅ​៣,០០០​តោន ក្នុង​មួយថ្ងៃ​។ ក្នុងចំណោម​សំរាម​សរុប​នេះ មាន​៦០ ទៅ​៦៥​ភាគរយ ជា​សំរាម​សរីរាង្គ​, ពី​១៥​ទៅ​២០​ភាគរយ ជា​សំរាម​ប្លា​ស្ទិ​ក និង​សល់​ប្រហែល​២០​ភាគរយ ជា​សំរាម​កែច្នៃ សំណល់​រឹង និង​សំណល់​ឧស្សាហកម្ម​ផ្សេងៗ​៕ 



Tag:
 Startup
  បរិស្ថាន​
  កសិកម្ម​
  លោក គីម នី​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com