ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកភូមិ​តា​ជ័យ ក្នុង​ខេត្តព្រៃវែង ចាប់រ​បរចាក់​មួ​កល​ក់ ដើម្បី​គេច​ពី​ការ​ចំណាកស្រុក​
24, May 2020 , 10:59 pm        
រូបភាព
​ព្រៃវែង​៖ អ្នករស់នៅ​ក្នុងភូមិ​តា​ជ័យ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង ភាគច្រើន​ចាប់រ​បរចាក់​មួក​លក់ ដោយ​មិន​ជ្រើសរើស​ការ​ចំណាកស្រុក​។ បើទោះបី​កិច្ចការ​នេះ ទទួលបាន​ប្រាក់ចំណេញ​មិនសូវ​ច្រើន​ក៏ពិតមែន តែ​របរ​បន្ទាប់បន្សំ​នេះ ក៏បាន​ជួយ​ដោះ​ទាល់​ការចំណាយ​ប្រចាំថ្ងៃ បាន​ខ្លះ​ដែរ​។ យ៉ាងណាមិញ អ្នកភូមិ​ខ្លះ​ចាក់​មួក ដើម្បី​បំបាត់​ភាព​អផ្សុក ខ្លះ​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ ហើយ​អ្នក​ខ្លះទៀត ដើម្បី​ច្នៃ​ពេលទំនេរ​ឱ្យមាន​ប្រយោជន៍​។​



​តទៅ​នេះ​សូម​ប្រិយមិត្ត​អញ្ជើញ​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ កញ្ញា ប៉ូ សា​គុន នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖
 
 
​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង​៩០​គីឡូ​ម៉ែ​ត្យ ពី​រាជធានី​ភ្នំពេញ អ្នករស់នៅ​ក្នុងភូមិ​តា​ជ័យ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង ភាគច្រើន​បាន​ចាប់រ​បរចាក់​មួក​ដោយ​ដៃ លក់​ឱ្យ​ឈ្មួញ​ក្នុងភូមិ ដើម្បី​រកប្រាក់​ចំណូល​ប​ន្ថែ​ម ពីរ​បរ​ធ្វើស្រែ​ចម្ការ​របស់ខ្លួន​។​
 
​នៅ​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក ភូមិ​នេះ​មាន​សភាព​ស្ងាត់ ដោយ​យូរៗ​ម្ដង មាន​ម៉ូតូ​បើក​តាមផ្លូវ​មួយ ហើយក៏​មិនសូវមាន​មនុស្ស​ដើរ​ចុះឡើង​ច្រើន​ដែរ​។ ប៉ុន្តែ​បើ​មើលទៅ​ក្នុងផ្ទះ​នីមួយៗ​វិញ យ៉ាងហោចណាស់ ក៏មាន​មនុស្ស​ម្នាក់​អង្គុយ​ចាក់​មួក នៅ​ក្រោមផ្ទះ​របស់ខ្លួន​ដែរ​។ មួក​ទាំងនោះ គេ​ចាក់​ពី​អំបោះ​ដែល​ទិញ​ពី​ទីផ្សារ ឬ​ពី​តំណាង​ចែកចាយ​នៅក្នុង​ភូមិ ដែលមាន​ច្រើន​ពណ៌​។ មនុស្ស​ម្នាក់ៗ អាច​ចេះ​ចាក់​មួក​បាន​ច្រើនបែប និង​ច្រើន​ទំហំ ទៅតាម​តម្រូវការ​។ 
 
​អង្គុយ​លើ​កៅអី​នៅខាងមុខ​ផ្ទះថ្ម​តៀម​សង់ ជាប់​ដី អ្នកស្រី ហ៊ុន រ៉ាវី ចាប់រ​បរចាក់​មួ​កល​ក់ អស់​រយៈពេល​ប្រមាណ​ជា​៥​ឆ្នាំ​មកហើយ​។  ពាក់អាវ​យឺត​ពណ៌​ក្រហម បង់ករ​ក្រមា​ពណ៌​ខៀវ ស្ត្រី​សម្បុរ​ស្រអែម​រូបនេះ មិនអាច​ចាក់​មួក​បាន​ច្រើន​ឡើយ​ក្នុង​មួយថ្ងៃ ព្រោះតែ​រវល់​ការងារ​ផ្ទះ​ផ្សេងៗ​ទៀត​។ អ្នកស្រី រ៉ាវី បញ្ជាក់​ដូច្នេះ​៖«​តម្លៃ​លក់​មួក​អាស្រ័យ​ទៅតាម​ម៉ូត​។ ម៉ូត​នេះ​តម្លៃ​បោះ​ដុំ​១១,០០០​រៀល បើ​លក់រាយ​តម្លៃ​២៥,០០០​រៀល​។ អ្នក​នៅក្នុង​ភូមិ​របស់​ខ្ញុំ គាត់​ប្រមូល​ទិញ​មួក យកទៅ​ដើរ​លក់​នៅតាម​ផ្សារ ហើយ​គាត់​ឧស្សាហ៍​ទៅ​ខេត្ត​ផ្សេង​ដែរ​។ មួក​ក្មេង បើ​ខ្ញុំ​ខំ​ចាក់ កុំ​ធ្វើ​អ្វី​សោះ មួយថ្ងៃ​បាន​៣​ដែរ​។ បើ​មួក​ធំ បានតែ​១​ឬក៏​២​ទេ​។ នេះ​យើង​ព្យាយាម​ចាក់​តែ​មួក​តែម្ដង​។ បើ​មួក​មួយទៀត​បានតែ​១​ទេ​»​។​
 
មួក​អំបោះចាក់ដោយ​ដៃ
 
​ចំណែក​អ្នកស្រី វិត ពេញ ដែលមាន​ផ្ទះ​នៅ​ចំហៀង​ផ្លូវ​ម្ខាង​ទៀត ដោយនៅ​ទល់មុខ​ផ្ទះ​របស់​អ្នកស្រី រ៉ាវី ក៏​ចាប់រ​បរចាក់​មួក​ដោយ​ដៃ​នេះ អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មកហើយ​ដែរ​។ ស្ត្រី​មាឌ​មាំ សក់ខ្មៅ​រូបនេះ កំពុង​អង្គុយ​ចាក់​មួក​ពណ៌​ក្រហម​ចាស់ យ៉ាង​ញាប់ដៃ​សឹង​មើល​មិនទាន់ នៅលើ​គ្រែ​ក្រោមផ្ទះ​របស់គាត់​។ ទំនេរ​ពី​កិច្ចការងារ​ផ្ទះ និង​ការងារ​ធ្វើស្រែ​លើ​ផ្ទៃដី​ប្រហែល​១​ហិកតា ស្ត្រី​វ័យ​ចំណាស់​រូបនេះ ឆ្លៀត​ចាក់​មួក​លក់​ខ្លះ គ្រាន់​បាន​ប្រាក់ចំណូល​បន្ថែម «១​ថ្ងៃ​ខ្ញុំ​ចាក់​មួក​បាន​១ ហើយ​វា​មានតម្លៃ​៨,០០០​រៀន​។ មាន​ប៉ុន្មាន​ម៉ូយ​យក​ប៉ុណ្ណឹង​។ យកទៅលក់​ឱ្យគេ​ដល់ផ្ទះ​។ ក្រៅពី​ចាក់​មួក ខ្ញុំ​ធ្វើការ​ផ្ទះ​គ្រប់​តែ​មុខ​ហ្នឹង​»​។ 


អ្នក​ស្រី ហ៊ុន រ៉ាវី កំពុង​លើក​មួក​ដែល​ខ្លួន​ចាក់​បង្ហាញ​អ្នក​ជិត​ខាង
 
​រីឯ​ស្ត្រី​វ័យ​៣៤​ឆ្នាំ​មួយរូប​ទៀត ដែល​កំពុង​អង្គុយ​ចាក់​មួក លើ​អង្រឹង​ក្រោមផ្ទះ​របស់ខ្លួន​នោះ ឈ្មោះ ហ៊ុន ថា​វី​។ ក្នុង​មួយថ្ងៃ ស្ត្រី​រូបនេះ​ចាក់​មួក​មិនបាន​មួយ​ផង ព្រោះ​មាន​កិច្ចការងារ​ផ្ទះ​និង​ស្រែចម្ការ​ច្រើន​។ ដៃ​ចាក់​មួក​បណ្ដើរ អ្នកស្រី ថា​វី ឆ្លៀត​ឆ្លើយ​បញ្ជាក់ប្រាប់​ខ្ញុំ​បណ្ដើរ​៖«​ការងារ​របស់ខ្ញុំ​ច្រើន​មុខ​ណាស់​។ មួយថ្ងៃ បើ​ខំ​ណាស់ បានតែ​ព​មួក​ពាក់កណ្ដាល​ហ្នឹង​។ បើ​យើង​ទំនេរ មិនមាន​ការងារ​ច្រើន​ទេ មួយថ្ងៃ​បាន​មួក​១​ដែរ​។ បើ​អ្នក​គេ​ចាក់​លឿន មួយថ្ងៃ​បាន​មួក​២»​។​
 

អ្នក​ស្រី វិត ពេញ កំពុង​អង្គុយ​ចាក់​មួក​នៅ​ខាង​ក្រោម​ផ្ទះ​របស់​គាត់

តាមពិតទៅរ​បរចាក់​មួក​នេះ មិនសូវ​ជា​បានផ្ដល់​ប្រាក់ចំណូល​ឱ្យ​អ្នកស្រី ហ៊ុន រ៉ាវី ច្រើន​ប៉ុន្មាន​ឡើយ ប៉ុន្តែ​ដោយ​មិន​ចង់ទុក​ពេលទំនេរ​ឥតប្រយោជន៍​។ យក​មួក​ដែល​បាន​ចាក់​រួច មក​បង្ហាញ​ខ្ញុំ ស្ត្រី​មាន​កម្ពស់​មិនសូវ​ខ្ពស់​រូបនេះ ថារ​បរចាក់​មួក​នេះ មិនបាន​ប៉ះពាល់​ដល់​ការងារ​ផ្សេងៗ​ទៀត ដែលមាន​នៅក្នុង​ផ្ទះ​ឡើយ​។ «​មួយថង់​មាន​អំបោះ​១០​ដុំ​តូចៗ​។ ហើយ​អំបោះ​១០​ដុំ​តូចៗ​ហ្នឹង ចាក់​មួក​មនុស្ស​ធំ​បាន​៤​។ តម្លៃ​អំបោះ​មួយថង់ ១៥,០០០​រៀល​។ មិនសូវ​ចំណេញ​ប៉ុន្មាន​ទេ តែ​ចេះតែ​ធ្វើទៅ​កុំឱ្យ​ទំនេរ​។ ១​ខែ បើ​ចាក់​រហូត​បាន​ប្រហែល​ជាង​៣០​ម៉ឺន​រៀល​ដែរ​»​។​
 
​ដូច​អ្នកស្រី រ៉ាវី​ដែរ អ្នកស្រី វិត ពេញ ក៏​មិនសូវ​ទទួលបាន​ប្រាក់ចំណេញ​ច្រើន ពី​ការចាក់​មួក​លក់​នេះ ដែរ​។ ទោះជា​យ៉ាងណា នៅពេល​បច្ចុប្បន្ន ស្ត្រី​វ័យ​៥១​ឆ្នាំ​រូបនេះ អះអាងថា ការ​អង្គុយ​ចាក់​មួក​រាល់ថ្ងៃនេះ អ្នកស្រី​ធ្វើ​ដើម្បី​ការហាត់​ប្រាណ និង​កុំឱ្យ​អផ្សុក​តែប៉ុណ្ណោះ​។ ថ្វី​ដ្បិត​មិនសូវ​ចំណាយពេល​ច្រើន ទៅលើ​ការងារ​នេះ តែ​ប្រាក់ចំណូល​ដែល​បាន​ពី​ការចាក់​មួក ក៏បាន​ជួយ​ស្ត្រី​ពាក់អាវ​ពណ៌​ខៀវ វាល​ក្លៀក​រូបនេះ​ខ្លះ​ដែរ​«​អំបោះ​នេះ​ខ្ញុំ​ទិញ​ពី​ផ្ទះ​នៅ​ខាងជើង​នោះ គេ​ទិញ​ពី​ភ្នំពេញ​មក​។ អំបោះ​១​ថង់ ខ្ញុំ​ចាក់​មួក​បានតែ​៣​ទេ​។ មិនសូវ​ចំណេញ​ប៉ុន្មាន​ទេ តែ​ទំនេរ​ចេះតែ​ធ្វើទៅ​។ ខ្ញុំ​ចាក់​ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង​២ ចាក់​រួច​ខ្ញុំ​ដើរលេង​ហើយ​។ បើ​ខ្ញុំ​ខំ​ចាក់ ក្នុង​មួយថ្ងៃ​បាន​មួក​២ តែបើ​ធ្វើ​យូរពេក​ខ្លាច​ជាប់​សរសៃ​។ បើ​អង្គុយ​យូរពេក បែរជា​ហើមពោះ អស់ប្រាក់​ទៀត​។ ដូច្នេះ​គេ​ឱ្យធ្វើ ឱ្យមាន​ឈប់សម្រាក​ខ្លះ​»​។ 


អ្នក​ស្រី ហ៊ុន ថាវី កំពុង​អង្គុយ​ចាក់​មួក​នៅ​ខាង​ក្រោម​ផ្ទះរបស់​ខ្លួន

​បើទោះបីជា​ចេះ​ចាក់​មួក​ច្រើន​ម៉ូត​ក៏ពិតមែន ប៉ុន្តែ​អ្នកស្រី ហ៊ុន ថា​វី ចូលចិត្ត​ចាក់​មួក​តែមួយ​ម៉ូត​តែប៉ុណ្ណោះ​។ អ្នកស្រី​ពន្យល់​បន្ថែម​៖«​មួក​បោះ​ឱ្យ​ម៉ូយ​បាន​តម្លៃ ១៥,០០០​រៀល​។ មួក​មាន​ច្រើន​ម៉ូត​។ មួក​តម្លៃ​៨,០០០​រៀល​នោះ​ផ្សេង តម្លៃ​១៣,០០០​រៀល និង​១៤,០០០​នោះ​ផ្សេងទៀត​។ ចំណែក​ខ្ញុំ​ចាក់​តែ​ម៉ូត​តម្លៃ​១៥,០០០​រៀល​ទេ​។ ចាក់​ដូច​បង​របស់ខ្ញុំ ដែលមាន​ផ្កា​មាន ស្លឹក​នោះ ក៏​ខ្ញុំ​ចេះ​ដែរ តែ​ខ្ញុំ​មិន​ចង់​ចាក់​»​។​
 
​អង្គុយ​លើ​កៅអី ក្បែរ​គ្រែ​ខាងមុខផ្ទះ ក្រោម​សំយាប​ស័ង្កសី អ្នកស្រី រ៉ាវី ដែលមាន​កូន​២​នាក់ ថា​តម្លៃ​មួក​លក់​ចេញ គឺ​អាស្រ័យ​ទៅតាម​គុណភាព និង​តម្លៃ​អំបោះ​ដែល​ទិញ​ចូល ហើយ​ស្ត្រី​វ័យ​៤០​ឆ្នាំ​រូបនេះ ប្រាប់​ពី​ការកំណត់​តម្លៃ​បែបនេះ​៖«​ចាក់​បាន​១០​ឬ​២០​មួក ខ្ញុំ​យកទៅលក់​ម្ដង​។ តម្លៃ​គេ​ជា​អ្នក​ដាក់​។ កាលពី​ដំបូង​ឡើយ ខ្ញុំ​ចាក់​អំបោះ​កន្សែង នោះ​តម្លៃ​ធូរ​ថ្លៃ ១​តម្លៃ​តែ​៤,០០០​រៀល ឬ​៥,០០០​រៀល​ទេ​។ ដល់​អំបោះ​ថ្មី​នេះ លក់​ចេញថ្លៃ ដោយសារតែ​ទិញ​អំបោះ​មក​ថ្លៃ​ដែរ​»​។​
 
​ភ្នែក​ផ្ដោតទៅលើ​ដៃ​ដែល​កំពុង​ចាក់​មួក អ្នកស្រី វិត ពេញ ថា​កាលពី​ប៉ុន្មាន​ឆ្នាំមុន អ្នកស្រី​ធ្លាប់​ខំ​ចាក់​មួក​នេះ រហូត​មិនសូវមាន​ពេល​សម្រាក​គ្រប់គ្រាន់ ព្រោះតែ​ចង់បាន​ប្រាក់​ច្រើន​។ ទោះជា​យ៉ាងណា ការប្រឹងប្រែង​ហួសកម្លាំង​កាល​ឆ្នាំ​នោះ បានផ្ដល់​ផល​ឱ្យ​អ្នកស្រី​នៅពេលនេះ​៖«​ថ្ងៃ​ណា​សម្បូរ​ប្រា​ក់ចាយ ទុក​មួក​រហូតដល់​២០​ទើប​យកទៅលក់​។ បើ​ថ្ងៃ​ណា​មិនសូវមាន​ប្រាក់​ទេ បានតែ​មួក​៥​ខ្ញុំ​យកទៅលក់​ហើយ​។ ប្រាក់​លក់​មួក​នេះ ខ្ញុំ​យកមក​ទិញ​ម្ហូប​រាល់ថ្ងៃ​។ ពីមុន​ខ្ញុំ​កំណត់​តែ​មាន់រងាវ ឬ​ម៉ោង​១២​យប់​ខ្ញុំ​ឡើង​ចាក់​ហើយ ដល់​ភ្លឺ​ចាក់​ហើយ​១​។ ថ្ងៃ​ណា​ចង់បាន​ប្រាក់ ចាក់​បង្ខំ​មួយថ្ងៃ​បាន​មួក​៣​។ តែ​ឥឡូវ​ខ្ញុំ​ចាក់​មិនសូវ​ប្រញាប់​ទេ ព្រោះ​ឈឺចង្កេះ​។ កាលពី​ប៉ុន្មាន​ឆ្នាំមុន ខ្ញុំ​ចេះតែ​ប្រឹង ដល់​ឥឡូវ​វា​ចង់​យ៉ាប់​»​។​
 

មួក​ចាក់​ដោយ​ដៃ​ សម្រាប់​មនុស្ស​ធំ​ប្រើ

​ទោះជា​យ៉ាងណា ការចាក់​មួក​របស់​អ្នកស្រី ពេញ គឺ​ត្រូវតម្រូវ​តាមចិត្ត​អ្នកបញ្ជា​ទិញ បើ​ពុំ​ដូច​នោះទេ អ្នកស្រី​មិនអាច​លក់​មួក​ដាច់​ឡើយ​។ អ្នកស្រី​ពន្យល់​បន្ថែម​៖«​ខ្ញុំ​ចាក់​គ្រប់​តែ​ពណ៌​ហ្នឹង តែ​ពេលនេះ ខ្ញុំ​ចាក់​តែមួយ​ពណ៌ ព្រោះ​គេ​អ្នកទិញ គេ​ឱ្យ​ចាក់​តែ​ពណ៌​ឈាមជ្រូក​សុទ្ធ​។ បើ​គេ​មិនឱ្យ​ចាក់ ទោះ​យើង​ចាក់​បាន ក៏​មិនដឹង​ជា​យក​ទៅណា​»​។ 
 
​ទឹក​សម្ដី​សុភាព ហើយ​រួសរាយ អ្នកស្រី ហ៊ុន រ៉ាវី រៀបរាប់​ពី​ការងារ​បន្ទាប់បន្សំ​មួយចំនួន ដែល​អ្នកស្រី​ធ្លាប់ធ្វើ ដើម្បី​បាន​ប្រាក់ចំណូល​មក​ផ្គត់ផ្គង់​គ្រួសារ​បន្ថែម​។ «​មុនពេល​ចាក់​មួក ខ្ញុំ​ដេរ​មួក ហើយនឹង​ដេរខោ​រយ តែ​ឥឡូវ​ខ្ញុំ​ឈប់​ធ្វើ​ហើយ​។ ឥឡូវ​ខ្ញុំ​នៅតែ​ចាក់​មួក ហើយនឹង​រៀប​អាវ​ប៉ុង​ទេ​។ មួក​ដេរ​ត្រូវ​ផ្ញើមក គេ​ប្រញាប់ បើ​ម៉ាស៊ីន​ខូច ជួន​អី ដេរ​មិនទាន់​តម្រូវការ​របស់គេ​ទេ ហើយ​ពិបាក​ផ្ញើ​ទៅ ផ្ញើមក​ផង ខ្ញុំ​ក៏​ឈប់​ទៅ​។ មាន​គេ​ទិញ​មួក​នៅក្នុង​ភូមិ​ស្រាប់ ខ្ញុំ​ក៏​មកចាក់​មួក​វិញ​ទៅ​»​។​
 
​ចំណែក​ស្ត្រី​ដែលមាន​ស្វាមី ជា​កម្មករសំណង់ ហ៊ុន ថា​វី  មិន​ដាច់ចិត្ត​ចំណាកស្រុក ទៅធ្វើ​ការ​ឆ្ងាយ​ផ្ទះ ព្រោះ​ចង់​នៅ​ថែរក្សា​កូន គ្រួសារ និង​ដីស្រែ ដែលមាន​ប្រមាណ​ជា​កន្លះ​ហិកតា​។ អ្នកស្រី បាន​រំឭក​ពី​គ្រា​ដំបូង​ដែល​អ្នកស្រី ចាប់អារម្មណ៍​មកចាក់​មួក​លក់ កាលពី​ប្រហែល​៣​ឆ្នាំមុន​។ «​មុនដំបូង អ្នក​នៅផ្ទះ​ឯលិច គេ​នៅ​ភ្នំពេញ ហើយ​គេ​មក​បង្រៀន​ចាក់​មួក​។ មាន​គេ​ទៅ​រៀន តែ​ខ្ញុំ​មិន​ទៅ​រៀន​នឹង​គេ​ទេ​។ កាលនោះ ខ្ញុំ​ដេរ​មួក​ម៉ាស៊ីន តែ​ពេល​ឈប់​ដេរ​មួក ខ្ញុំ​ក៏​ទៅ​ចាក់​មួក​នឹង​គេ​ទៅ​។ ក្រៅពី​ចាក់​មួក​ខ្ញុំ​ធ្វើស្រែ​។ បាន​ចាក់​មួក​នេះ ទើប​ខ្ញុំ​មាន​ប្រាក់​ទិញ​ម្ហូប​រាល់ថ្ងៃ​»​។​
 

មួយ​ចាក់​ដោយ​ដៃ សម្រាប់​កូន​ក្មេង​ប្រើ

​មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ អ្នកស្រី ហ៊ុន រ៉ាវី ថារ​បរចាក់​មួក​លក់​នេះ អាចជួយ​ឱ្យ​អ្នកស្រី​ផ្សំ​ប្រាក់ ផ្ដល់ឱ្យ​កូនស្រី​ច្បង រៀន​នៅ​សកលវិទ្យា​ល័យ ឯ​រាជធានី​ភ្នំពេញ​។​«​ចាក់​មួក​នេះ វា​មិន​មានបាន​ធំដុំ​ទេ​។ តែ​ទោះយ៉ាងណា ក៏​វា​មិន​ធ្វើឱ្យ​ខ្ញុំ​ខ្វះខាត​ដែរ​។ ខ្ញុំ​សន្សំសំចៃ ដើម្បី​ទុកឱ្យ​កូន​រៀន ក្រែង​កូន​មានការ​ងារ​ល្អ​ធ្វើ ព្រោះ​ខ្ញុំ​មិនមាន​ចំណេះដឹង​ជ្រៅជ្រះ វា​ហត់​វា​ពិ​បា​។ អ៊ីចឹង​ខ្ញុំ​ខំ ដើម្បី​កូន​។ កូនស្រី រៀន​នៅ​សកល​វិទ្យាល័យ​ម្នាក់ កូនប្រុស​រៀន​នៅ​ថ្នាក់​ទី​៤​ម្នាក់​»៕


មួក​ចាក់​ដោយ​ដៃ សម្រាប់​មនុស្ស​ធំ​​ប្រើ


Tag:
 ​មួក​
  មុខរបរ
© រក្សាសិទ្ធិដោយ thmeythmey.com