ជាតិ
សង្គមជាតិ
សមាគមអភិរក្សដំរីខ្មែរបន្តស៊ើបអង្កេតករណីស្លាប់របស់«បាក់ម៉ៃ» ហើយគ្រោងយកឆ្អឹងផ្គុំជាសំណាក ដំរី«បាក់ម៉ៃ» និងអ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា
× ភ្នំពេញ៖ ទាក់ទងនឹងដំរី«បាក់ម៉ៃ»ស្លាប់ដោយសារជំងឺ កាលពីយប់ថ្ងៃទី២២ ខែឧសភា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តានៅតែមិនទាន់អស់ចិត្តឡើយ ដោយសមាគមបានស្នើសុំឲ្យអាជ្ញាធរត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ ដើម្បីរកមូលហេតុពិតប្រាកដនៅពីក្រោយការស្លាប់របស់ដំរីនោះ។ ក្រោយបញ្ចុះសពដំរីនោះរួចរាល់ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា គ្រោងនឹងយកឆ្អឹងដំរីនោះមកផ្គុំជាសំណាករូបដំរីសម្រាប់តាំងបង្ហាញនៅសមាគមអភិរក្សដំរីខ្មែរអៃរាវត្តាទៀតផង។
អ្នកស្រី ខៃ ចិន្តា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា នៅតែសង្ស័យថា ការបាត់បង់ជីវិតរបស់ដំរី«បាក់ម៉ៃ» មិនមែនមកពីជំងឺនោះទេ។ ថ្លែងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ លោកស្រី ខៃចិន្តា បានបញ្ជាក់ដូច្នេះថា៖«យើងនៅតែសង្ស័យ។ យើងបានស្នើសុំឲ្យអាជ្ញាធរ ធ្វើការស៊ើបអង្កេត នៅក្នុងរឿងដំរីស្លាប់ហ្នឹង ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់។
បើតាមអ្នកស្រី ខៃ ចិន្តា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានបញ្ចុះសពដំរីនោះនៅទីជម្រករបស់វាក្នុងសមាគម ស្ថិតនៅខេត្តរតនគិរីរួចហើយ។ ក្រោយបញ្ចុះសពដំរីនេះ អ្នកស្រីក៏គ្រោងនឹងប្រមូលឆ្អឹងរបស់វា យកមកដំឡើងធ្វើជាសំណាករូបដំរី សម្រាប់ទុកតាំងបង្ហាញនៅក្នុងសមាគម ដើម្បីជានិមិត្តរូបដំរី«បាក់ម៉ៃ»ឡើងវិញ។
ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តារូបនេះបានបង្ហាញការសោកស្តាយថា ការបាត់បង់ដំរី«បាក់ម៉ៃ» គឺជាការបាត់បង់ធនធានសត្វដំរី ដែលជាបេតិកភណ្ឌធម្មជាតិ ដែលសមាគមបានខិតខំថែរក្សា និងអភិរក្សអស់រយៈពេលជាយូរឆ្នាំ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន និងបណ្តាស្ថាប័នជាតិផ្សេងទៀត។
ការបាត់បង់ដំរីបាក់ម៉ៃដែលមានអាយុ៣៤ឆ្នាំនោះបានធ្វើឲ្យសមាគមអភិរក្សដំរីខ្មែរអៃរាវត្តាគឺនៅសល់តែដំរី៣ក្បាលទៀតតែប៉ុណ្ណោះ ដែលកំពុងតែស្ថិតនៅក្រោមការថែទាំ និងការពារ។ អ្នកស្រី ចិនា្ត បានស្នើឲ្យរាជរដ្ឋាភិបាលផ្តល់ដំរីមេ សម្រាប់បង្កាត់ពូជបន្ថែមទៀតផងដែរ។
បើតាមអ្នកស្រី ខៃ ចិន្តា មុនសមាគមអភិរក្សដំរីខ្មែរអៃរាវត្តាយកដំរី«បាក់ម៉ៃ»នោះមកចិញ្ចឹម បាក់ម៉ៃជាដំរីដែលមានចរិតកាច ហើយធ្លាប់សម្លាប់ហ្មរបស់វាផងដែរ។ ក្រោយមកនៅឆ្នាំ២០១៦ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាក៏បានយកវាមកចិញ្ចឹម ហើយវាក៏ប្រែមកសភាពស្លូតវិញ និងចូលចិត្តគ្រប់ភ្ញៀវទេសចរដែលមកលេងកម្សាន្តវា៕
Tag:
សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា
ដំរី
© រក្សាសិទ្ធិដោយ thmeythmey.com