អន្តរជាតិ
​វ័យ​៩០​ឆ្នាំ លោកយាយ Hamako Mori ជា​កំពូល​អ្នកលេង​ហ្គេម​តាម Youtube ដ៏​ខ្លាំង​ម្នាក់​
24, May 2020 , 4:19 pm        
រូបភាព
ដោយ: ធីតា
«Gamer Grandma» ជា​រហស្សនាម​របស់​ស្ត្រី​ជប៉ុន​ឈ្មោះ Hamako Mori​។ ឈានដល់​វ័យ​៩០​ឆ្នាំ លោកយាយ​ត្រូវបាន​កត់​ឈ្មោះ​ចូលក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness World Records សម្រាប់​តំណែង​អ្នកលេង​ហ្គេម​តាម Youtube ដែ​មាន​វ័យ​ចំណាស់​ជាងគេ​លើ​ពិភពលោក​។​

 
​ចាប់តាំងពី​ឆ្នាំ​២០១៥ មក លោកយាយ Mori មានឈ្មោះ​ដ៏​ល្បីល្បាញ​តាមរយៈ​បណ្តាញ​សង្គម Youtube តាមរយៈ​ការ​បង្ហោះ​ថ្វីដៃ​លេង​ហ្គេម​ដ៏​ស្ទាត់ជំនាញ​របស់ខ្លួន​។ បច្ចុប្បន្ន Youtube ដែល​ប្រើ​ឈ្មោះថា «Gamer Grandma» មាន​អ្នកតាមដាន​ជាប្រចាំ​ជាង​២៩០ ០០០ ។ តាម Youtube លោកយាយ Mori មិន​ត្រឹមតែ​បង្ហាញ​សកម្មភាព​ក្នុង​ហ្គេម​នោះឡើយ ប៉ុន្តែ​គាត់​ក៏​អត្ថាធិប្បាយ​បែប vlogs ដូចជា​យុវជន​សម័យ​ទំនើប​ផងដែរ​។​

 
 
​តាមពិតទៅ​លោកយាយ​ជនជាតិ​ជប៉ុន​រូបនេះ បាន​ជក់​លេង​ហ្គេម​អស់​រយៈពេល​ជិត​៤០​ឆ្នាំ​ហើយ ដោយសារតែ​គាត់​ចូលចិត្ត​ភាពរហ័សរហួន​។ លោកយាយ​បាន​លើកឡើងថា​៖ «​ការរស់នៅ​អាយុ​វែង ខ្ញុំ​ក៏​គិត​ផងដែរ​ថា ការលេង​ហ្គេម​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​។ ខ្ញុំ​មានជីវិត​រីករាយ​ដូច​នៅ​ក្មេង​អ៊ីចឹង​ដែរ​»​។​
 
 
​លោកយាយ Mori បានចាប់ផ្តើម​លេង​ហ្គេម Epoch Casette Vision ដែល​ចេញ​លើកដំបូង​នៅ​ជប៉ុន កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​១៩៨១​។ លោកយាយ​មិន​ចូលចិត្ត​លេង​ហ្គេម​បែប​កុមារ​ឡើយ ដោយ​ហ្គេម​ដែល​លោកយាយ​លេង​នោះ​ជា​ហ្គេម​បែប​វាយប្រហារ ដូចជា Dauntless និង Grand Theft Auto ជាដើម​។​

 
 
​កំពូល​អ្នកលេង​ហ្គេម​ចំណាស់​ជនជាតិ​ជប៉ុន​រូបនេះ បាន​ថ្លែងប្រាប់ CNN ថា ពេលខ្លះ​លោកយាយ​លេង​ហ្គេម​រហូតដល់​ម៉ោង​២​ទៀបភ្លឺ ហើយ​ជាទូទៅ​លោកយាយ​បង្ហោះ​៤​វីដេអូ​នៅលើ Youtube របស់ខ្លួន​ជា​រៀងរាល់ខែ​៕

Tag:
 ហ្គេម​អន​ឡាញ​
  Guinness World Records
© រក្សាសិទ្ធិដោយ thmeythmey.com