ជាតិ
សេដ្ឋកិច្ច
ភាពខុសគ្នា​រវាង អ្នកលក់ អ្នក​ទីផ្សារ និង អ្នក​ប្រឹក្សា​!
24, May 2020 , 4:49 pm        
រូបភាព
លោក ឈួន សេរីវិចិត្រ គ្រូបង្រៀនឯកទេសផ្នែកលក់និងទីផ្សារនៅវិទ្យាស្ថានEDI
លោក ឈួន សេរីវិចិត្រ គ្រូបង្រៀនឯកទេសផ្នែកលក់និងទីផ្សារនៅវិទ្យាស្ថានEDI
ដោយ:
​ភ្នំពេញ​៖​ជាទូទៅ​នៅក្នុង​អាជីវកម្ម​មួយ ចំ​បាច់​ណាស់​ត្រូវការ​អ្នកលក់ អ្នក​ទីផ្សារ និង​អ្នក​ប្រឹក្សា ដើម្បី​ជួយ​ដល់​ការវិនិយោគ​ទៅលើ​អ្វីមួយ​ប្រកបដោយ​ផ្លែ​ផ្លា និង​អាច​ធានាបាន​សុវត្ថិភាព​កម្រិត​ខ្ពស់​។ ដូច្នេះ អ្នកលក់ អ្នក​ទីផ្សារ និង អ្នក​ប្រឹក្សា មាន​ភាពខុសគ្នា​ដូចម្ដេច​?

 
​ដើម្បី​ជ្រាប​កាន់តែច្បាស់​អំពី​អត្ថន័យ​នៃ​ពាក្យ​ខាងលើ​នោះ​សូម​លោកអ្នក​តាមដាន​កិច្ច​សម្ភាស​រវាង លោក ឈួន សេរី​វិចិត្រ គ្រូបង្រៀន​ឯកទេស​ផ្នែក​លក់​និង​ទីផ្សារ​នៅ​វិទ្យាស្ថាន​EDI និង អ្នកនាង​ស៊ែម ម៉ូ​នី​តា សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖ តើ​រវាង អ្នកលក់ អ្នក​ទីផ្សារ និង​អ្នក​ប្រឹក្សា​មាន​ភាពខុសគ្នា​យ៉ាងដូចម្ដេច​?

​លោក​ឈួន សេរី​វិចិត្រ​៖ បាទ​ជាទូទៅ​អ្នកលក់​(Sale)​តួនាទី​របស់គាត់ គឺជា​អ្នក​ប្រតិ​បិ​ត្ត​ការ​ទីផ្សារ​។ មុខងារ​របស់គាត់​មាន​៥​ធំៗ​គឺ​៖ ទី​១,​ការអភិវឌ្ឍន៍​(CustomerDevelopmen) សំដៅ​ទៅលើ​ការរក​អតិថិជន​ថ្មី និង​ការពង្រីក​ការលក់​តាមរយៈ​អតិថិជន​ចាស់​។ ទី​២,​ការតុបតែង​លំអរ​ទីផ្សារ​(Demand Planning)​ក្រុម​លក់​ត្រូវ​លើក​ពី​តម្រូវការ​ទីផ្សារ​ទៅកាន់​អ្នក​ផលិត​ថា អតិថិជន​ត្រូវការ​អ្វី​ខ្វះ​អ្វី​? ទី​៣,​ការរៀន​ចំ​លំអរ​ទីផ្សារ​តាម​លក្ខណៈ​អាជីវកម្ម ប្រសិនបើ​លក់​នៅ​ហាង​តើ​ត្រូវ​រៀបចំ​របៀប​ណា បើ​លក់​ដីឡូត៍ តើ​ត្រូវ​រៀបចំ​ដាំ​ដើមឈើ​នៅ​ក​ន្លែ​ណា​ជាដើម ដោយ​អនុវត្ត​គោលការណ៍​តាម​Marketing ឫ​អ្នក​ទីផ្សារ​។ ទី​៤,​បង្កើត​ការបញ្ជាទិញ​ជាមួយ​អតិថិជន​(Order Generation)​ផ្ដល់​ប្រឹក្សា​ដល់​អតិថិជន​ថា តើ​គួរ​បញ្ជា​ទិញ​កម្រិតណា​ទើប​សមស្រប​កុំឱ្យ​គាត់​ដាច់​ស្តុក​។ ទី​៥,​ការគ្រប់គ្រង​ឃ្លាំង​(Warehousing)​ដែល​ត្រូវ​ដឹងថា តើ​ទំនិញ​ឬ​ផលិតផល​ណា​ត្រូវ​លក់​មុនគេ តើ​ត្រូវដាក់​កន្លែង​ណា​ទើប​លក់ដាច់​ជាដើម​។​
 
​ចំណែកឯ​ផ្នែក​ទីផ្សារ​(Marketing)​គឺ​ការបង្កើតឱ្យមាន​តម្រូវការ​ទីផ្សារ​កើតឡើង​។​តួនាទី​របស់​អ្នក​ទីផ្សារ​មាន​៥​រួមមាន​៖​ទី​១,​ការគ្រប់គ្រង​លើ​ស្លាក​សញ្ញា​ធ្វើ​ម៉េច ឱ្យ​ស្លាក​សញ្ញា​នោះគេ​ទទួលស្គាល់​។ ទី​២,​ការផ្សព្វផ្សាយ​(Promotion).​ទី​៣,​ការធ្វើសកម្មភាព​នៅក្នុង​ហាង​មួយ​ឱ្យ​មើលទៅ​សកម្ម​ដែល​ទាក់ទាញ​អ្នកប្រើប្រាស់​ទិញ​(Trade Marketing)(​ឧទាហរណ៍​៖​ហាង​មួយ​អតិថិជន​មិន​ផឹក​កូកាកូឡា គឺជា​បញ្ហា​របស់​អ្នក​ទីផ្សារ តែបើ​ចូលទៅ​ចង់​ញាំ​កូកាកូឡា មិនមាន​លក់​វិញ​ជា​បញ្ហា​អ្នកលក់​)​។​ទី​៤,​ទំនាក់​នង​សារ​ធារ​ណៈ​(Public Relation)​។​ទី​៥,​គឺ​ការ​អភិឌ្ឍន៍​ផលិតផល​ថ្មី​(Business/Products Development)​។​
 
​មួយវិញទៀត​ចំពោះ​អ្នក​ប្រឹក្សា​(Counsultants)​គឺជា​អ្នក​ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ឈរ​ជា​កណ្ដាល​លើ​ឯកភាព​ឯករាជ្យ អ្នក​ដែល​ឥត​ទទួលផល​ប្រយោជន៍ អត់​មានទំនាស់​ផលប្រយោជន៍​ពី​ការផ្ដល់​ប្រឹក្សា​នោះ​។​ប៉ុន្តែ​តែបើ​គាត់​ប្រឹក្សារ​ទៅលើ​អាជីវកម្ម​មានន័យថា គាត់​ទាញ​ទៅរក​អាជីវកម្ម​នោះ​ហើយ ពិសេស​យើង​ត្រូវ​មើលថា​គាត់​ធ្វើ​ការងារ​អ្វី ប្រសិន​គាត់​ធ្វើ​ខាង​អ្វី​នោះ ការផ្ដល់​ប្រឹក្សា​របស់គាត់ គឺ​លំអៀង​ទៅរក​ខាង​នោះ​ហើយ រឿងនេះ​គឺថា​ត្រូវតែ​អ៊ីចឹង ព្រោះ​បច្ចុប្បន្ន​អ្នកលក់ និង​ទីផ្សារ ក៏ត្រូវ​ប​ញ្ជូ​ល​ឱ្យ​គាត់​អាច​ប្រឹក្សា​បានដែរ​។​ជារួម​នៅពេលដែល​ត្រូវ​រក​អ្នក​ប្រឹក្សា គឺ​ត្រូវ​រក​អ្នកជំនាញ​ខាង​នោះ ហើយ​មិនត្រូវ​រក​អ្នក​ប្រឹក្សា​បែប​ទូទៅ​បានឡើយ​(​តែ​យ៉ាងណា​សូមកុំ​លង់​ជាមួយ​គាត់​ត្រូវ​វិភាគ​ពិចារណា​បន្ថែម​)​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖ តើ​យើង​អាច​សម្គាល់​លក្ខណៈ​របស់​អ្នក​ទីផ្សារ និង អ្នក​ប្រឹក្សា​ដោយ​របៀប​ណា​?
 
​លោក ឈួន សេរី​វិចិត្រ​៖​គឺ​យើង​ត្រូវ​មើល​ពី មុខដំណែង និង តួនាទី​របស់គាត់​។​មុខតំណែង​គាត់​អាចជា​អ្នក​ប្រឹក្សា តែ​ពេលខ្លះ​គាត់​បាន​ដើរតួរ​នាទី​ជា​អ្នកលក់ ដូច្នេះ​លុះត្រាតែ​បែង​ចែង​មុខតំណែង​និង​តួនាទី រវាង​មុខតំណែង​យើង​អាច​មើល​នាមប័ណ្ណ តែ​លក្ខណៈ​គាត់​សម្ដែង​ចេញមក​អ្វី បើសិន​គាត់​អ្នក​ទីផ្សារ​យើង​យល់​ហើយ​ថា គាត់​និង​ដៅ​
​ទៅលើ​យើង​ហើយ​ធ្វើយ៉ាងណា​ឱ្យ​យើង​ទិញ​អ្វី ដែល​យើង​មិន​ចង់​ទិញ​សោះ​បែរ​មកជា​ចង់​ទិញ​វិញ​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖ ដូច្នេះ​យើង​មិនអាច​សម្គាល់​បាន​មែន​ទេ​ថា រវាង​អ្នកលក់ អ្នក​ទីផ្សារ និង អ្នក​ប្រឹក្សា​ខុសគ្នា​ត្រង់ណា​នោះ​?
 
​លោក ឈួន សេរី​វិចិត្រ​៖ ត្រង់នេះ​រាង​ពិបាក​បន្តិច​ដូច​ខ្ញុំ​បាន​រៀបរាប់​ខាងលើ​ចឹ​ង​។​ណាមួយ​បច្ចុប្បន្ន​គេ​បាន​បង្រៀន​អ​ឱ្យ​អ្នកលក់​ឬ​អ្នក​ទីផ្សារ​ត្រូវតែ​អាច​ផ្ដល់​ប្រឹក្សា​ឱ្យគេ​បាន ។​ដូច្នេះ​គេ​បញ្ចូល​គ្នា​។​

© រក្សាសិទ្ធិដោយ thmeythmey.com