អន្តរជាតិ
តើ​អ្វីដែល​អាច​កើតឡើង​នៅពេលដែល​យន្តហោះ​ហោះ​ខ្ពស់​ពេក​?
25, May 2020 , 8:59 am        
រូបភាព
​ចាប់តាំងពី​ការហោះហើរ​យាន​ដែល​ធ្ងន់​ជាង​ខ្យល់​ដំបូង​គេ​របស់​បងប្អូន​ត្រកូល រ៉ែដ (The Wright Brothers) នៅក្នុង​ឆ្នាំ​១៩០៣​មក បច្ចេកវិទ្យា​នៃ​ការហោះហើរ​បាន​រីកចម្រើន​ឡើង​យ៉ាង​ឆាប់រហ័ស ជាពិសេស​ជាមួយនឹង​វត្តមាន​នៃ​សង្គ្រាមលោកលើកទី​២ ដែលជា​ពេលវេលា​មួយ​ក្នុងការ​ប្រកួតប្រជែង​អំណាច​លើ​អាកាស​។ យន្តហោះ​ដំបូង​របស់​បងប្អូន​ទាំងពីរ​នាក់​នេះ មាន​ឈ្មោះថា The Wright Flyer បានហោះហើរ​ផុតពី​ដី​ក្នុង​រយៈពេល​ប្រមាណ​តិចជាង​មួយ​នាទី​ប៉ុណ្ណោះ​។

 
​ប៉ុន្តែ​សព្វថ្ងៃ យន្តហោះ​ពិសេស​មួយចំនួន​អាចហោះហើរ ​រហូត​ទៅដល់​ជាច្រើន​ម៉ោង និង​រយៈកម្ពស់​យ៉ាងខ្ពស់​។ យន្តហោះ​ស៊ើបការណ៍​របស់​សហរដ្ឋ​អាមេរិក ​ប្រភេទ U-2 អាច​ហោះហើរ​ រហូត​ទៅដល់​កម្ពស់​ប្រមាណ​ជាង​២១​គីឡូម៉ែត្ រ​ពី​កម្ពស់​ទឹកសមុទ្រ​។ ចុះបើ​និយាយ​អំពី​យន្តហោះ​ដឹក​អ្នកដំណើរ​សាមញ្ញ​ទូទៅ​សព្វថ្ងៃ​វិញ​ ដូចជា Airbus A320 ឬ Boeing 737 តើ​នឹងមាន​អ្វី​កើតឡើង​ប្រសិនបើ​យន្តហោះ​ទាំងនោះ ​ហោះហើរ​ហួស​រយៈកម្ពស់​កំណត់​? 
 
​មុននឹង​ឆ្លើយ​ទៅកាន់​សំណួរ​ខាងលើ យើង​គួរ​យល់​អំពី​មូល​ហេតុ ដែល​នាំ​ឲ្យ​យន្តហោះ​ដឹក​អ្នកដំណើរ​ ហោះហើរ​ជាមួយនឹង​កម្ពស់​ដែល​គេ​កំណត់​សព្វថ្ងៃ​សិន​។ ជាទូទៅ យន្តហោះ​ដឹក​អ្នកដំណើរ ​ហោះហើរ​ក្នុង​រយៈកម្ពស់​សុវត្ថិភាព​ ចន្លោះ​ពី​ជាង​៩​គីឡូម៉ែត្រ​ រហូត​ទៅដល់​ប្រមាណ​ជា​១១​គីឡូម៉ែត្រ​ លើ​នី​វូ​ទឹកសមុទ្រ​។ នេះបើតាម​ការពន្យល់​ រប​ស់​ពី​ឡុ​ត​ជនជាតិ​ស៊ុយអែត​លោក Petter Hörnfeldt ចេញពី​វី​ឌី​អូ​នៅក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម YouTube ក្រោម​ប្រធានបទ​ថា «What Happens If an Aircraft Climbs Too High?»
 
​ហេតុផល​ទីមួយ ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​ហោះ​ក្នុង​កម្ពស់​ខ្ពស់​ គឺ​ដោយសារតែ​ការចំណាយ​ប្រេងឥន្ធនៈ​តិច និង​ដើម្បី​ធ្វើដំណើរ​កាន់តែ​លឿន​ ជាង​ការធ្វើដំណើរ​នៅ​ជិត​ដី​។ នេះ​គឺ​ដោយសារតែ​ដង់ស៊ីតេ​នៃ​ខ្យល់​ មាន​លក្ខណៈ​កាន់តែ​ស្តើង​ឡើងៗ​ នៅ​រយៈកម្ពស់​កាន់តែ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​មានការ​កកិត​តិច​ ជាមួយនឹង​បរិមាណ​នៃ​ម៉ូលេគុល​ខ្យល់​ នៅក្នុង​បរិយាកាស​។ ហេតុផល​ទី​ពីរ​ គឺ​ផាសុខភាព​។ យន្តហោះ​ដឹក​អ្នកដំណើរ​បច្ចុប្បន្ន​ តែង​ហោះហើរ​លើ​រយៈកម្ពស់​ដែល​អាកាសធាតុ​មិន​ប្រសើរ​ភាគច្រើន (​ដែល​យើង​ឧស្សាហ៍​ជួប​នៅលើ​ដី​) មិនមាន​វត្តមាន​ទៅដល់​។ ក្នុងករណីនេះ ពី​ឡុ​ត​យន្តហោះ​ អាច​ជៀស​ពី​បញ្ហា​មួយចំនួន​ ដែល​បង្កឡើង​ដោយ​ខ្យល់​ខ្លាំង ឬ​ភ្លៀង ផ្គរ រន្ទះ​ជាដើម​។ 
 
​មូលហេតុ​ទី​បី ​គឺ​ការធានា​នូវ​សុ​វត្តិភាព​ខ្ពស់ ​ពេល​មាន​អាសន្ន​ណាមួយ​កើតឡើង​ នៅលើ​អាកាស​។ នៅក្នុង​ហេតុការណ៍​ដែល​ម៉ាស៊ីន​របស់​យន្តហោះ​ឈប់​ដំណើរ​ដោយ​មិនបាន​គ្រោងទុក យន្តហោះ​មិនមែន​ធ្លាក់​ចុះក្រោម​ ដូចជា​ការទម្លាក់​ដុំថ្ម ឬ​វត្ថុ​អ្វីមួយ​ពីលើផ្ទះ​នោះទេ​។ ដោយឡែក យន្តហោះ​នឹង​បន្ទាបខ្លួន​ទៅមុខ និង​ចុះក្រោម​បន្តិច​ម្តងៗ (Glide) ដូចជា​ខ្លែង​ដែល​គេ​បង្ហោះ​ដែរ​។ ពេល​នៅលើ​អាកាស​ខ្ពស់ ពី​ឡុ​ត​នឹងមាន​ពេលវេលា និង​កម្លាំង​ខ្យល់​ក្រោម​ស្លាប​គ្រប់គ្រាន់​ ក្នុងការ​តម្រង់​យន្តហោះ​របស់ខ្លួន ​ទៅកាន់​អាកាសយានដ្ឋាន​ដែល​នៅ​ជិត​ជាងគេ​បង្អស់​ ដើម្បី​សុំ​​ចុះចត​ជា​អាសន្ន​។  
 
​ចុះបើ​ហោះ​កាន់តែ​ខ្ពស់​ ផ្តល់​គុណប្រយោជន៍​ទាំងនេះ ​មកកាន់​យន្តហោះ ហេតុអ្វី​បានជា​ពី​ឡុ​ត​មិន​ហោះ​កាន់តែ​ខ្ពស់​ឡើង​ជាង​នេះ​? កត្តា​មួយចំនួន​ដែល​ហាម​ឃាត​មិន​ឲ្យ​ហោះហើរ​ហោះ​កាន់តែ​ខ្ពស់ ​គឺ​កម្រាស់​នៃ​ខ្យល់​។ ម៉ាស៊ីន​យន្តហោះ ក៏ដូចជា​ម៉ាស៊ីន​ចំហេះ​ឥន្ធនៈផូស៊ីល​ផ្សេងៗ​ដែរ ទាមទារ​ឲ្យ​មាន​បរិមាណ​ម៉ូលេគុល​អុកស៊ីសែន ​នៅក្នុង​បរិយាកាស​គ្រប់គ្រាន់​ក្នុងការ​ទ្រទ្រង់​ចំហេះ​។ នៅពេលដែល​ឡើងកាន់​តែ​ខ្ពស់ បរិមាណ​អុកស៊ីសែន​នឹង​ថយចុះ ​ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​យន្តហោះ ​មិនអាច​ផលិត​ថាមពល​បាន​ពេញលេញ​។ មួយវិញទៀត ​គឺ​នៅពេលដែល​អ្នកធ្វើដំណើរ​ទៅ​កាន់តែ​ខ្ពស់ ​សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​កាន់តែខ្លាំង នោះ​ល្បឿន​នៃ​សំឡេង​ក៏​ចាប់ផ្តើម​ថយចុះ​ផងដែរ។ ក្នុងពេល​ដូចគ្នា ល្បឿន​ពិត​របស់​យន្តហោះ​ នៅតែ​បន្ត​កើនឡើង​។ បើ​ហេតុការណ៍​នេះ​នៅតែ​ប្រព្រឹត្តិ​ទៅ នោះ​យន្តហោះ​នឹង​ស្ថិតនៅក្នុង​កាលៈទេសៈ​មួយ ​ដែល​គេ​ហៅថា «Coffin Corner» ។ នៅក្នុង​កាលៈទេសៈ​នេះ ផ្នែក​ខ្លះ​នៃ​យន្តហោះ ​នឹង​ជួបប្រទះ​ចរន្ត​ខ្យល់​លឿន​ខ្លាំង ដោយពេល​ខ្លះ​អាចមាន​ចលនា​រហូត​ទៅដល់​ល្បឿន​នៃសំឡេង​។ 
 
​យន្តហោះ​ដឹក​អ្នកដំណើរ​ភាគច្រើន ​មិនត្រូវ​បាន​គេ​ផលិត​ក្នុង​ការហោះហើរ ​ក្នុង​ល្បឿន​សំឡេង​នោះទេ​។ ក្នុង​ហេតុការណ៍​នេះ យន្តហោះ​នឹង​ទទួលរង​សម្ពាធ​ខ្យល់​ខ្លាំង​ គ្រោះថ្នាក់​មួយ​ដែល​ហៅថា «Shock Wave» ហើយ​វា​មាន​នាទី​ក្នុងការ​រំខាន​ដល់​ចរន្ត​ខ្យល់​សំខាន់ៗ ក្នុងការ​គ្រប់គ្រង​លំនឹង​របស់​យន្តហោះ​ទាំងមូល​។ មួយវិញទៀត Shock Wave អាចធ្វើ​ឲ្យ​ផ្នែក​ខ្លះ​នៃ​យន្តហោះ​ពុកផុយ​បាន ​ប្រសិនបើ​វា​មាន​វត្តមាន​ច្រើនដង​ នៅពេល​ហោះហើរ​។ ភាពមិន​ស្មើ​សាច់​គ្នា​នៃ​សម្ពាធ​ខ្យល់​ នៅតាម​តួនៃ​យន្តហោះ​នេះ​ អាចធ្វើ​ឲ្យ​យន្តហោះ​មិន​ទទួលបាន​ចរន្ត​ខ្យល់​ពេញលេញ ហើយ​អាចធ្វើ​ឲ្យ​យន្តហោះ​ទាំងមូល​ បាត់បង់​លំនឹង​ហោះហើរ​។ ហេតុដូចនេះ​ហើយ​ ទើប​យន្តហោះ​ដឹក​អ្នកដំណើរ​ភាគច្រើន​ មិនត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ហោះ​ហើរ​ខ្ពស់​ពេក​នោះទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com