ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
បើ​អ្នក​ចង់​ជោគជ័យ ហើយ​មិន​ចាញ់បោក​គេ​ក្នុង​ទីផ្សារ​ជា​បណ្ដាញ តើ​ត្រូវធ្វើ​ដូចម្ដេច​?
25, May 2020 , 9:29 am        
រូបភាព
លោក ឡីសុភាព ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារជាបណ្ដាញកម្ពុជា
លោក ឡីសុភាព ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារជាបណ្ដាញកម្ពុជា
ដោយ:
​ភ្នំពេញ​៖ ​ស្រប​ពេលដែល​ប្រជាជន​ខ្មែរ​មួយចំនួន ងាក​មក​ចាប់អារម្មណ៍​លើ​ការរកស៊ី​តាម​គ្នា លក្ខណៈ​ជា​បណ្ដាញ​ទៅលើ​វិស័យ​នានា គេ​សង្កេតឃើញ មាន​អ្នកខ្លះ​ជោគជ័យ ហើយក៏​មាន​អ្នក​បរាជ័យ​ច្រើន​ដែរ​។​ អ្នកខ្លះ​ក៏​ស្អប់​ពាក្យ​ថា​ទីផ្សារ​ជា​បណ្ដាញ​នេះ ​រហូត​លែង​ចង់ដឹង​ឮ​ទៀតផង​។ ​តើ​ការបរាជ័យ ​ឬ​ចាញ់បោក​គេ​ ក្នុង​ទីផ្សារ​បណ្ដាញ​(Network Marketing)​ ដោយសារ​ហេតុផល​អ្វីខ្លះ​?

 
​ដើម្បី​ជ្រាប​កាន់តែច្បាស់​ សូម​លោកអ្នក​នាង​តាមដាន​បទ​សម្ភា​ស រវា​ង​​អ្នកនាង ស៊ែម ម៉ូ​នី​តា អ្នកសារព័ត៌មាននៃ​សារព័ត៌មាន​ថ្មីៗ ជាមួយលោក ឡី​សុភាព ប្រធាន​សមាគម​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ​ជា​បណ្ដាញ​កម្ពុជា ​ដូចតទៅ​៖
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​ កន្លងមក​ មាន​ពលរ​ដ្ឋ​មួយចំនួន ​ត្អូញត្អែរ​ពី​ការចូល​ជា​សមាជិក​លក់​ផលិតផល​ទីផ្សារ​ជា​បណ្ដាញ ដូចជា​ការលក់​មិន​ដាច់  និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត ដែល​ធ្វើឱ្យ​គាត់​យល់ថា​ វា​ជា​រឿង​បោកប្រាស់​? ​តើ​វា​ជាការ​បោកប្រាស់ ​ឬ​យ៉ាងណា​?
 
​លោក ឡី  សុភាព​៖​ តាមពិត​ទីផ្សារ​ជា​បណ្ដាញ​នេះ ​ខ្ញុំ​ធ្លាប់បាន​និយាយ​រួច​ម្ដងមកហើយ​ថា វា​មិនមែនជា​ការរកស៊ី​បែប​រឿង​បោកប្រាស់​នោះទេ តែ​ជន​អាក្រក់​ទេ​ ដែល​យក​វា​ទៅធ្វើ​រឿង​បោកប្រាស់។ ការធ្វើ​ទីផ្សារ​ជា​បណ្ដាញ​នេះ​ មិនមែន​ទើបតែ​ចាប់ផ្ដើម​មាន ​ឬក៏​មានតែ​ប្រទេស​យើង​នោះទេ វា​ជា​របៀប​រកស៊ី​មួយ​ ដែលមាន​តាំងតែ​ពី​បុរាណកាល​មកម្ល៉េះ ​គ្រាន់តែ​ពេលនេះ​ គេ​វិ​វត្ត​វា​បែប​បច្ចេកវិទ្យា មាន​ប្រព័ន្ធគ្រប់គ្រង​នៅលើ​កុំព្យូទ័រ​។ ​ការចាញ់បោក​នេះ ​ក៏​មិនមែន​ចាញ់បោក​ តែ​នៅលើ​ទីផ្សារ​ជា​បណ្ដាញ​តែមួយ​មុខ​នោះទេ វា​មាន​វិស័យ​ផ្សេងៗ​ទៀត​ច្រើន​គ្រាន់តែ​យើង​មិនសូវ​ផ្ដោត​រឿងនេះ វា​អាស្រ័យ​លើ​យើង​តែប៉ុណ្ណោះ​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​ តើ​ត្រូវធ្វើ​ដូចម្ដេច ដើម្បី​កុំ​ឲ្យ​ចាញ់បោក​ជនខិលខូច​ក្នុង​វិស័យនេះ​?

​លោក ឡី សុភាព​៖ ​រឿងនេះ​មិន​ពិបាក​ទេ​ សំខាន់​បងប្អូន​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​កុំ​ទាំង​៤​។ កុំ​ទាំង​៤​នោះ​រួមមាន​៖​ទី​១ កុំ​ធ្វើ​អ្វីដែល​គ្មាន​វិជ្ជាជីវៈ គ្មាន​បទពិសោធន៍ គ្មាន​ចំណេះ​ជំនាញ​ជា​មូលដ្ឋាន​។ ​ទី​២ កុំ​បង្ក​គ្រោះថ្នាក់​ដល់​ការងារ​ដែល​ខ្លួន​ធ្វើ ​(​ធ្វើការ​ដោយ​មិន​គិត​ឱ្យបាន​ស៊ីជម្រៅ ស្វែងយល់​ឱ្យ​គ្រប់​ជ្រុងជ្រោយ )​។ ​ទី​៣ កុំ​ប្រកាន់​គោលជំហរ​ដាច់ខាត​ពេក (​គ្មាន​ស្ដាប់​គេ​ស្ដាប់​ឯង មិន​រក​អ្នក​ប្រឹក្សា ខ្សោយ​ទំនាក់ទំនង​)​។ ​ទី​៤ កុំ​រុះ​ស្ពាន​ដែល​ខ្លួន​ដើរ​ (​ដោយ​ទិញ​អីវ៉ាន់​មក​ទុក​រហូត​ហួសកំណត់​,​ខូច​ទំនាក់ទំនង​ជាមួយ​ដៃគូ​រកស៊ី​,​ប៉ះពាល់​ដល់​អតិ​ផិ​ជន​ដែល​ប្រើ​,​ខូច​ឈ្មោះ​ខ្លួនឯង​ពិបាក​លក់​ផលិត​ផ្សេងទៀត​ គេបាត់​ទំនុកចិត្ត​ ឬ​ខូច​ក្រេ​ឌី​ត​)​។ ​ពិសេស​គឺ​កុំ​លោភលន់​ ដោយ​មិន​ពិចារណា​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖ កន្លងមក​ ខ្ញុំ​មើលឃើញ​មានការ​បណ្ដុះបណ្ដាល​ច្រើន​គួរសម​ដែរ ពី​ការលក់​លក្ខណៈ​ជា​បណ្ដាញ ​តែ​នៅតែ​អ្នកចូលរួម​ហើយ ពោលថា​បោកប្រាស់​ដដែល។  ត្រង់នេះ ​តើ​មកពី​មូលហេតុ​អ្វី​?
 
​លោក ឡី សុភាព​៖ ​បងប្អូន​អាចមាន​ការយល់ច្រឡំ​ខ្លះ ត្រង់ចំណុច​នេះ។ តាមពិត ​ការបណ្ដុះបណ្ដាល​បងប្អូន​ ត្រូវ​មើលថា​តើន​រណា​ ជា​អ្នក​បណ្ដុះបណ្ដាល​ ជា​ក្រុមហ៊ុន​ ឬ​សមាគម​។ បើជា​ក្រុមហ៊ុន​ នោះ​មិនមែនជា​អ្នកជំនាញ​ទេ ​អ្វីដែល​គេ​បង្រៀន គឺ​ភាគច្រើន​គេ​បង្រៀន ​ឬ​និយាយ​យ៉ាងណា ​ឱ្យតែ​យើង​ជឿ ​និង​ចូលរួម​ជា​សមាជិក​របស់គេ​ ទិញ​របស់គេ​ប៉ុណ្ណោះ​។ ចំណែកឯ​សមាគម​ គឺ​គេ​បង្រៀន​ជា​ជំនាញ ​គ្រប់​ចំណុច​ទាំងអស់​ លម្អិត​ស៊ីជម្រៅ​ មិន​លំអៀង​នោះឡើយ ហើយក៏​មិនមាន​គិតលុយ​អ្វី​នោះដែរ​។​ ដូច្នេះ​សូម​បងប្អូន​កុំ​យល់ច្រឡំ​ ហើយ​វាយតម្លៃ​រួម​។ ​បើសិន​បងប្អូន​បាន​ចូលរួម​នោះ ​និង​ច្បាស់​មិន​ងាយ​ចាញ់បោក​ មនោ​គម​វិទ្យា​គេ​នោះឡើយ​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖ ​ដូច្នេះ​មុននឹង​ចូលរួម​ជា​សមាជិក​ក្រុមហ៊ុន​លក់​ផលិតផល​មួយ តើ​យើង​ត្រូវ​ចេះ​អ្វីខ្លះ​?
 
​លោក ឡី សុភាព​៖​ ក្រោយ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល អ្វីដែល​សមាគមនឹង​បង្រៀន ​គឺមាន​ច្រើន តែ​អ្វីដែល​យើង​ត្រូវ​ដឹង​នោះ ​គឺមាន​៤​ចំនុច​ធំៗ​។ ​ទី​១ ​ត្រូវ​មើល​ប្រ​វត្តិអ្នក​ដែលជា​ម្ចាស់​Brand នោះ ថា​តើ​គាត់​ជា​នរណា​? មកពីណា?​ធ្លាប់ធ្វើ​អ្វីខ្លះ? ​ល្អ​ឬ​អាក្រក់​? ​ទី​២ ​ត្រូវ​មើលថា​តើ​ផលិតផល​នោះ ​មាន​ទទួលស្គាល់​ពី​ក្រសួង ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ណាខ្លះ​? ទី​៣ ​ត្រូវ​មើល​លើ​ផលចំណេញ តើ​ផលចំណេញ​នោះ​សមាមាត្រ​គ្នា​ទេ រវាង​អ្នក​លក់ដុំ​ និង​លក់រាយ ​និង​ម្ចាស់​ក្រុមហ៊ុន? តែបើ​បូក​ផលចំណេញ ទៅលើ​ពី​១០០​ភាគរយ​នោះ ប្រាកដ​ជាមាន​បញ្ហា​ហើយ​។ ​ទី​៤ ​ត្រូវ​មើល​តើ​ផលិតផល​នោះ ​ត្រូវ​ជាមួយ​ទីផ្សារ​ ឬ​អត់ ​(​ត្រង់នេះ​សមាគម​ជា​អ្នកវាយតម្លៃ​)​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​ តើ​ការដែល​ម្ចាស់​ Brand ធ្វើ​ទីផ្សារ​ដោយ​បំភ័យ បំប៉ោង​ ឬ​ហៅថា​និយាយ​បែប​មនោ​គម​បញ្ចុះបញ្ចូល លើសពី​ការពិត ​នៃ​ផលិតផល​តើ​ខុស​ឬទេ​?
 
​លោក​ឡី សុភាព​៖​ វា​ពិតជា​ខុស​សម្រាប់​វិជ្ជាជីវៈ​ តែ​សំខាន់​គេ​បញ្ចុះបញ្ចូល​យ៉ាងណា ​កុំ​ឆាប់​ភ័យ ​ឬ​ជឿ​គេ​ពេក។ ត្រូវ​រៀន​ឱ្យបាន​យល់ច្បាស់​លាស់​សិន ​មុន​សម្រេចចិត្ត​។​ បើ​វា​ពិតជា​ងាយ​មែន​គេ ​ធ្វើ​គ្រប់គ្នា​ហើយ​សូម​ពិចារណា​៕

Tag:
 ទីផ្សារ​បណ្ដាញ​
© រក្សាសិទ្ធិដោយ thmeythmey.com