COVID-19
ជាតិ
អាជ្ញាធរអប្សរាមមាញឹករៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធឡើងវិញត្រៀមស្វាគមន៍ការត្រឡប់វិញរបស់ទេសចរ
24, May 2020 , 10:40 pm        
រូបភាព
រូបភាព៖ អាជ្គាធរជាតិអប្សរា
រូបភាព៖ អាជ្គាធរជាតិអប្សរា
សៀមរាប៖ ជំងឺកូវីដ១៩ បានរារាំងដំណើរទេសចរណ៍របស់ភ្ញៀវទេសចរគ្រប់ជាត់សាសន៍មកកាន់រមណីយដ្ឋានអង្គរ តែវាមិនបានរារាំងកិច្ចការអភិវឌ្ឍក្នុងតំបន់បេតិកភណ្ឌមួយនេះឡើយ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន ពិសេសផ្លូវថ្នល់ កំពុងទទួលបានការកែលម្អឡើងវិញយ៉ាងមមាញឹក ត្រៀមស្វាគមន៍ការត្រឡប់មកវិញរបស់ភ្ញៀវទេសចរនាពេលឆាប់ៗខាងមុខនេះ។

 
នារយៈពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញប្រព័ន្ធផ្លូវថ្នល់ជាច្រើនកន្លែងក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានស្ថាបនា និងកែលម្អឡើងវិញ។ ផ្លូវតូច ត្រូវបានពង្រីកឱ្យទូលាយ ផ្លូវខូចត្រូវបានស្ថាបនា និងកែលម្អឡើងវិញ។ ផ្លូវទាំងនោះរួមមាន ផ្លូវព្រលានយន្តហោះ ផ្លូវមុខប្រាសាទអង្គរវត្ត ផ្លូវ៦០ម៉ែត្រ ផ្លូវវង់ធំ និងផ្លូវនៅតំបន់ប្រាសាទបាគង។ល។
 
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងថា ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះគឺដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកកាន់តំបន់រមណីយដ្ឋានអង្គរ។ លោកបន្ថែមថា បច្ចុប្បន្នក្រុមការងារកំពុងរៀបចំគំនូសសញ្ញាតាមផ្លូវនានា ដែលជាផ្នែកមួយសម្រួលដល់អ្នកដំណើរឱ្យដឹងពីទិសចរាចរណ៍របស់ខ្លួន។
 
បើតាមការបញ្ជាក់ពីអ្នកនាំពាក្យ  បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អង្គរ ទាំងការងារផ្លូវថ្នល់ ការរៀបចំសួនមុខប្រាសាទអង្គរវត្តលើកកម្ពស់ឱ្យមានភាពបៃតង និងការរៀបចំសណ្ដាប់ធ្នាប់សាធារណឱ្យមានរបៀបរៀបរយ ត្រៀមស្វាគមន៍ការត្រឡប់មកវិញរបស់ភ្ញៀវទេសចរក្រោយស្ងប់ស្ងាត់ជំងឺកូវីដ១៩នាពេលឆាប់ៗខាងមុខនេះ៕
 
រូបភាព៖ អាជ្ញាធរជាតិអប្សរា









Tag:
 ផ្លូវថ្នល់អង្គរ
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com