ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ឈានចូល​ដល់​វ័យ​៨៨​ឆ្នាំ​
25, May 2021 , 7:52 am        
រូបភាព
ដោយ: រួបរួម
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ខួបកំណើត​គម្រប់​៨៧​ឆ្នាំ ឈានចូល​៨៨​ឆ្នាំ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ នេះ​។ តាមព្រះរាជសារជូនពរ ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថនរោត្តម សីហមុនី បាន​ចាត់ទុក​សម្តេច ហេង សំរិន ជាថ្នាក់ដឹកនាំដ៏ឆ្នើមដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត​បំពេញភារកិច្ច​បម្រើជាតិ​មាតុភូមិ ។​



អត្ថបទទាក់ទង


សម្តេច ហេង សំរិន កើត​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​១៩៣៤ នៅ​នៅ​ក្នុងភូមិ​អន្លង់​ក្រេះ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​។ សម្តេច​មាន​ភរិយា​ឈ្មោះ សៅ ទី និង​មានកូន​៤​នាក់​។​

​យោងតាម​ឯកសារ​ស្រាវជ្រាវ​របស់ លោក គាំ​ម កុសល និង​សាស្ត្រ​ចា​រ្យ ដៀប សុផល ឥស្សរជន​កំពូល​រូបនេះ បាន​សិក្សា​នៅ​សាលា​ពុទ្ធិកបឋមសិក្សា ខេត្តកំពង់ចាម​នា​អំឡុង​ឆ្នាំ​១៩៥៤ និង​ធ្លាប់​រៀន​វគ្គ​នយោបាយ​ជាន់ខ្ពស់​នៅ​ប្រទេស​វៀតណាម​។​

​នៅ​ឆ្នាំ​១៩៦៩ សម្តេច ហេង សំរិន មាន​តួនាទី​ជា​ប្រធាន​កងអនុសេនាតូច ចលនា​ប្រដាប់អាវុធ (​ផ្នែក​៦) តំបន់​២០ ភូមិភាគ បូព៌ា (២០៣) ហើយ​ជា​បន្តបន្ទាប់​សម្តេច​បាន​ក្លាយជា​ប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុ​ជានា​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ក្នុង​ឆ្នាំ​១៩៧៩ ។​

​នៅ​ឆ្នាំ​១៩៨១ សម្តេច​ជា​អគ្គលេខាធិការ​មជ្ឈិមបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (​ក្រោយ​មកជា​រដ្ឋ​កម្ពុជា​) ហើយ​ចាប់ពី​ឆ្នាំ​១៩៩១ សម្តេច​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ពី​ឆ្នាំ​១៩៩៣ ដល់​បច្ចុប្បន្ន សម្តេច​ក្លាយជា​អ្នកតំណាងរាស្ត្រ ហើយ​កាន់កាប់​តំណែង​ជា​ប្រធានរដ្ឋសភាជាតិ​ចាប់តាំងពី​ឆ្នាំ​២០០៦ មក​។ សម្តេច​បានទទួល​គោ​រម្យ​ងារ​ជា «​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​» ពី​ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី កាលពី​ខែតុលា ឆ្នាំ​២០០៧ ។​

ក្រៅពីករុណាព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាន់ខ្ពស់នានាក៏បាន​ផ្ញើសារជូនពរសម្តេច ហេង សំរិន ជាបន្តបន្ទាប់ផងដែរ។ «យើងខ្ញុំទាំងអស់គ្នាតែងតែនឹកឃើញ និង​ចងចាំជានិច្ច ប្រកប​ដោយការគោរពដឹងគុណយ៉ាងស្មោះអស់ពីដួងចិត្តនូវឆន្ទៈ និងសកម្មភាពសេ្នហាជាតិ និង​ប្រជាជន​ដ៏មោះមុត​របស់​សម្តេចអគ្គមហាពញាចក្រី»។ នេះជាសម្រង់នៃសារជូនពរ​ពីសំណាក់សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា។


សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន នាអំឡុង​​ពេល​ប្រកួត​បាល់​ទាត់​មិត្ត​ភាព​រវាង​មេដឹកនាំ​ជាន់​ខ្ពស់​​កម្ពុជា​​និង​ក្រុម​មេដឹក​នាំ​អាវ​ក្រហម​ថៃ ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិកកាលពីឆ្នាំ២០១១

សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានកត់សម្គាល់ថា សម្តេច ហេង សំរិន សម្រេចបាន​នូវជោគជ័យដ៏ត្រចះត្រចង់ក្នុងនាមជាអ្នកដឹកនាំ​ស្ថាប័ន​រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិជាតិ ដែលធ្វើឲ្យ​កម្ពុជា​ក្លាយជាប្រទេសនីតិរដ្ឋ និងមាន​ការអភិវឌ្ឍលើគ្រប់វិស័យ។

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់ផងដែរថា វីរភាព​ដឹកនាំ​របស់សម្តេច ហេង សំរិន រួមចំណែកធានាយ៉ាងរឹងមាំនូវសន្តិភាព​ និងអធិបតេយ្យភាព​ជាតិនៅគ្រប់កាលៈទេសៈ៕ 

Tag:
 សម្តេច ហេង សំរិន
© រក្សាសិទ្ធិដោយ thmeythmey.com