ជាតិ
ក្រុមហ៊ុន HAGL វៀតណាម​រង​ការ​ចោទថា មិន​ប្រគល់​ដី​ដល់​ជនជាតិដើម​ភាគតិច​នៅ​រតនគីរី​
25, May 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ដី​វាល​ ក្រោយ​ត្រូវ​បានកាប់​ឆ្ការសម្រាប់​ដាំ​ដំណាំ​ នៅ​ស្រុកអណ្តូងមាស ក្នុង​ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)​​
រូបឯកសារ៖ ដី​វាល​ ក្រោយ​ត្រូវ​បានកាប់​ឆ្ការសម្រាប់​ដាំ​ដំណាំ​ នៅ​ស្រុកអណ្តូងមាស ក្នុង​ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)​​
ដោយ: VOA
​វ៉ាស៊ីនតោន ៖ តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​សើរើ​ឡើងវិញ​នូវ​ការរំលោភបំពាន​ដីធ្លី​របស់​ជនជាតិដើម​ភាគតិច​នៅ​ភូមិភាគ​ឦសាន ខេត្ត​រតនគីរី ដើម្បី​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​វៀតណាម​មួយ​ឈ្មោះ ហ័ង​អា​ញ់​យ៉ា​ឡាយ និង​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុ​ជា​ដោះស្រាយ​បញ្ហាដីធ្លី ដែល​ក្រុមហ៊ុន​នេះ រង​ការចោទប្រកាន់ថា មិន​គោរព​សន្យា​ប្រគល់​ដី​ជូន​សហគមន៍​វិញ​។​

 
​បើតាម​ការជូនដំណឹង​រួមគ្នា​បាន​ឲ្យ​ដឹងថា ក្រុម​ពលរដ្ឋ​ចំនួន ១២​ភូមិ នៅក្នុង​ខេត្ត​រតនគីរី បាន​ទន្ទឹងរង់ចាំ​តាំងពី​ឆ្នាំ ២០១៥ មក​ក្រោយ​មានការ​សន្យា​ពី​ក្រុមហ៊ុនចំការកៅស៊ូ​វៀតណាម Hoang Anh Gia Lai (HAGL) ថា ត្រូវប្រគល់​ដី​ជំនឿ​ដ៏​ពិសិដ្ឋ ឬ​ជា​តំបន់​គោរពបូជា​តាម​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​ចំនួន ៦៥​ទីតាំង ស្មើនឹង ៧៤២ ហិកតា ដែល​គេ​ចាត់ទុកថា ជាការ​ដាក់បញ្ចូល​មិន​ត្រឹមត្រូវ​ទៅក្នុង​ដីស​ម្បា​ទាន​កសិកម្ម​របស់​ក្រុមហ៊ុន ហើយ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ជីវភាព ការគោរព​ប្រតិបត្តិ​សាសនា និង​ដំណើរការ​កសិកម្ម​រប​ស់​ពួកគេ​។​
 
​លោក រ៉ូ​ម៉ា​ម ចឺ​យ តំណាង​សហគមន៍​មួយរូប​នៃ​ជនជាតិដើម​ភាគតិច​បាន​ថ្លែងប្រាប់ VOA តាម​ទូរស័ព្ទ​មក​ថា ក្រុម​ជនជាតិដើម​ភាគតិច គឺ​ពឹង​ផ្អែកលើ​ដីព្រៃ​សម្រាប់​កសិកម្ម​គាំទ្រ​ជីវភាព និង​ការប្រតិបត្តិ​តាម​ប្រពៃណី​តាំងពី​ដូនតា តែ​មក​ពេលនេះ​ក្រុមហ៊ុន​និង​ក្រសួង​រដ្ឋាភិបាល មិនបាន​ដោះស្រាយ​ជូន​ពលរដ្ឋ​ទេ តែ​ថែមទាំង​មក​ឈូសឆាយ​បន្ថែមទៀត ដែល​រឿងនេះ​ជា​រឿង​ធ្វើ​ឲ្យ​មានការ​តវ៉ា​សុំ​ឲ្យ​មាន​ដំណោះស្រាយ​។​
 
«​ប៉ុន្តែ​គាត់​និយាយ​តែ​មាត់​។ តាមពិត​ក្រុមហ៊ុន​នេះ គេ​ថា​យ៉ាងម៉េច អត់​ដោះស្រាយ​ឲ្យ​សហគមន៍​វិញ​ទេ អីចឹង​ទៅណា ទី​១​។ ទី​២ ទៀត​ដី​ហ្នឹង​កាល​ឆ្នាំ ២០១៨ គេ​វាស់វែង​ហើយ​។ គេ​ចុច GPS ជុំវិញ​ដី​ហ្នឹង គឺ​ដីភ្នំ​អារក្ស ហើយ​ដី​កប់​សព ច្រប់ ហើយ​ក្រុមហ៊ុន​សន្យាថា ដី​ហ្នឹង​គេ​ជូន​មកវិញ តែ​ឥឡូវ​ហ្នឹង​គេ​ឈូសឆាយ​ឡើងវិញ ហើយនឹង​គេ​ឈូស​បន្តទៀត​»​។​
 
​លោក​ថា ចាប់តាំងពី​ក្រុមហ៊ុន បានទទួល​ដីស​ម្បា​ទាន​ពី​រដ្ឋាភិបាល​ដើម្បី​វិនិយោគ​កសិកម្ម​មក ការចាប់ផ្តើម​ឈូសឆាយ​ដីព្រៃ​ពិសិដ្ឋ​នានា​របស់​ជនជាតិដើម​ភាគតិច តាំង​ពីមុន និង​ការ​ឈូសឆាយ​ថ្មីៗ​នេះ​ទៀត បានធ្វើ​ឲ្យ​មានការ​រស់នៅ​មិនបាន​សុខ ដោយសារ​គ្មាន​កន្លែង​គោរពបូជា ដែល​ជនជាតិដើម​ភាគតិច​ប្រតិបត្តិ ដូចដែល​ពលរដ្ឋ​ខ្មែរ​ទូទៅ​យក​វត្ត​អារាម​ដើម្បី​ប្រតិបត្តិ​ផងដែរ​។ ក្រៅពីនេះ លោក​ថា ការ​ឈូសឆាយ​នេះ​ក៏បង្ក​គ្រោះថ្នាក់​ដល់​អ្នកភូមិ​ខ្លះ ដោយសារ​ការខឹង​សម្បា​ពី​អ​រក្ស​ភ្នំ និង​កន្លែង​សក្តិ​សិទ្ធ​របស់​ពួកគាត់​។​
 
«​តាំងពី​ក្រុមហ៊ុន ឈូសឆាយ តាំងពី​ឆ្នាំ ២០១១ ក្រោយពី​ហ្នុ​ង​ពីរ​ឆ្នាំ ក៏មាន​គ្រោះថ្នាក់​នៅក្នុង​ភូមិ​នេះ​ពីរ​នាក់ មាន​ការឈឺ ស្លាប់​តៃហោង គ្រូ​គេ​ទាយ​មក​ថា គ្រូ​និយាយថា អារក្ស អ្នកតា​ក្នុងភូមិ​ហ្នឹង​ខឹង គេ​ឈូសឆាយ​ភ្នំ​អារក្ស​»​។​
 
​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​មួយរូប​ទៀត លោក សៅ សឿន បាន​ថ្លែងថា ការតវ៉ា​នៅតែ​ធ្វើ​បន្តទៀត​ដើម្បី​ឲ្យ​មានការ​ដោះស្រាយ ទោះជា​ក្រុមហ៊ុន​មិន​គោរព​កិច្ចសន្យា និង​អាជ្ញាធរ​រដ្ឋាភិបាល​មិនទាន់​បានផ្តល់​ចម្លើយ​តាម​បណ្តឹង​របស់​ជនជាតិដើម​ភាគតិច​ក្តី​។​
 
«​តាំងពី​ថ្ងៃទី​២២ ខែមីនា សហគមន៍​បានដាក់​ពាក្យ​ប្តឹង​ទៅខាង​ក្រសួងកសិកម្ម ខាង​ក្រសួងកសិកម្ម​អត់​ទាន់​ឆ្លើយតប​ដល់​ហគ​មន៍​ឲ្យ​បាន​ដឹងឮ​ទេ​»​។​
 
​លោក​ថ្លែងថា តាំងពី​ដូនតា​មក​ជនជាតិដើម​ភាគតិច​រស់នៅ​ពឹង​ផ្អែកលើ​ព្រៃ​ធម្មជាតិ ដោយ​គ្មាន​ទម្លាប់​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ ហើយ​នឹងមាន​ជំនាញ​អ្វី​ដើម្បី​ប្រកបមុខរបរ​ច​ញ្ចឹ​ម​ជីវភាព​ទេ បើ​ពុំ​ដូច្នោះ​ទេ​នឹងមាន​ការឈឺ​ស្កាត់ មិនអាច​មកវិញ​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​បានទេ​។​
 
«​ដោយសារ​ហេតុ​អី​ជនជាតិដើម​ភាគតិច​យើងខ្ញុំ​អត់​ចេះ​ធ្វើ​កម្មករ​ក្រៅប្រទេស អត់​ចេះ​ធ្វើ​កម្មករ​ក្រៅ​ខេត្ត​ទេ មិនមាន​ទម្លាប់​ទេ បើ​ធ្វើក​ម្មករ​១​ថ្ងៃ ២​ថ្ងៃ​បាន រាប់​ខែ​អត់​បានទេ អត់​ទម្លាប់​ទេ​»​។​
 
VOA មិនអាច​សុំ​ការទាក់ទង​បាន​ជាមួយ​ក្រុមហ៊ុន ហ័ង​អា​ញ់​យ៉ា​ឡាយ របស់​វៀតណាម​ដើម្បី​បំភ្លឺ​ពី​ការពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​នេះ​បានទេ ដោយ​គ្មាន​ការឆ្លើយតប​មកវិញ តាម​ប្រព័ន្ធ​សារ​អេ​ឡិច​ត្រូ​និ​ច អ៊ីមែល​នៅឡើយ​ទេ ក្នុងពេល​បញ្ហា​រាតត្បាត​ជំងឺ​កូ​វីដ​១៩ កំពុង​រាំងស្ទះ​ដល់​ការងារ និង​ជំនួញ ហើយ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក​យ៉ាងធ្ងន់ធ្ងរ​នេះ​។​


ផ្លាកសម្គាល់របស់ក្រុមហ៊ុន Hoang Anh Gia Lai របស់វៀតណាម។
 
​តែ​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ហ័ង​អា​ញ់​យ៉ា​ឡាយ​នេះ គេ​ឃើញថា ក្រុមហ៊ុន​បាន​ផ្តល់ជំនួយ​ជា​សម្ភារៈ​ដល់​ក្រសួងកសិកម្ម​និង​រុក្ខា​ប្រ​ម៉ាញ់​កម្ពុជា ដែល​សរុប​ជា​ទឹកប្រាក់​មាន​ចំនួន ៥ ម៉ឺន​ដុល្លារ​។ សម្ភារៈ​ទាំងនោះ​មានដូចជា​ម៉ាស់ ស្រោមដៃ និង​ជែ​ល​លាងដៃ​ផងដែរ ដែលជា​ផ្នែក​មួយ​នៃ​ជំនួយ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​។ បន្ថែម​ពីនេះ ក្រុមហ៊ុន​បាន​ផ្តល់ជំនួយ​ដល់​អាជ្ញាធរ​កម្ពុជា​នូវ​សម្ភារៈ បរិក្ខារ​ផ្សេងៗ សរុប​ជា​ទឹកប្រាក់​ចំនួន ៣ ម៉ឺន​ដុល្លារ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ផងដែរ​។​
 
​សេចក្តីថ្លែងការណ៍​រួម​រវាង​អង្គការ​ជាតិ​និង​អន្តរជាតិ ហើយ​និង​សហគមន៍​ដែល VOA ទទួលបាន​នៅថ្ងៃនេះ បាន​ឲ្យ​ដឹងថា នៅពេលដែល​មានការ​រង់ចាំ​ការសម្រេច​ជា​ផ្លូវការ​ពី​ក្រសួងកសិកម្ម​ក្នុងពេល​ដែលមាន​ការពន្យា​រ​ពេល​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ ក្រុមហ៊ុន​បាន​ឈូសឆាយ​ភ្នំ​អារក្ស ចំនួន​២ កន្លែង តំបន់ដីសើម តំបន់​បាញ់​សត្វ​តាមបែប​ប្រពៃណី និង​ដី​កប់​សព ដែល​ក្រុម​សហគមន៍​និង​អង្គការ​តស៊ូ​មតិ​ចាត់ទុកថា ជាការ​បំផ្លាញ​ដីព្រៃ និង​កន្លែង​ដី​ដែលមាន​តម្លៃ​ខាង​ជំនឿ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ជនជាតិដើម​ភាគតិច​។​
 
​លោក ដេវីដ ប្រែ​ដ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ ដែលមាន​ការចូលរួម បានបង្ហាញ​ពី​ការជំទាស់​នឹង​សកម្មភាព​ចុងក្រោយ​របស់​ក្រុមហ៊ុន ហើយ​បានបញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា​៖
 
«​ការបំផ្លាញ​ទីកន្លែង​សក្តិ​សិទ្ធ​ទាំងនេះ​ដោយ​ក្រុមហ៊ុន ហ័ង​អា​ញ់​យ៉ា​ឡាយ គឺជា​រឿង​គួរ​ឲ្យ​សោកស្តាយ ហើយ​ការពិត​ដែលថា​ក្រុមហ៊ុន​នេះ បាន​យក​ឱកាស​នៃ​ការ​រាតត្បាត​ជំងឺ​ទូទាំង​ពិភពលោក មក​បិទបាំង ដើម្បី​ឈូសឆាយដី​ជនជាតិដើម​ភាគតិច​ដោយ​ខុសច្បាប់​ថែមទៀត​នេះ គឺជា​រឿង​អាក្រក់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​»​។​
 
​លោក អៀង វុទ្ធី នាយក​អង្គការ​សមធម៌​កម្ពុជា បាន​ទទូច​ដល់​អាជ្ញាធរ​រដ្ឋាភិបាល ជាពិសេស​ក្រសួងកសិកម្ម និង​ដោះស្រាយ វាស់វែង​ដី កំណត់​ព្រំប្រទល់ ហើយ​បញ្ចប់​បញ្ហា​នេះ​កុំ​ឲ្យ​បន្ត​កើតមាន​តទៅ​មុខ​។​
 
«​តែ​យើង​សង្ឃឹមថា រដ្ឋាភិបាល ជាពិសេស​ក្រសួងកសិកម្ម នឹងធ្វើ​ការ​ព​ន្លឿ​ន​នីតិវិធី​ដើម្បី​ធ្វើយ៉ាងណា​កាត់​ដី​ដែល​យើង​បាន​ឯកភាពគ្នា ជាពិសេស​ដី​ដែល​ពាក់ព័ន្ធ​ទៅនឹង​ក្រុមហ៊ុន​ហ័ង​អា​ញ់​យ៉ា​ឡាយ ហើយ​និង​ភូមិ​មួយចំនួន​»​។​
 
​កាលពី​ឆ្នាំ​កន្លងទៅ ក្រោម​ការដោះស្រាយ​និង​សម្របសម្រួល​ដោយ​ទីប្រឹក្សា​អនុលោម​ភាពជា​ផ្នែក​មួយ​របស់​ធនាគារពិភពលោក ហៅ​កាត់​ថា CAO ដែលជា​ស្ថាប័ន​ឯករាជ្យ ក្រុមហ៊ុន​បានសម្រេច​និង​សន្យាថា ប្រគល់​ដីជូ​ន​ដល់​សហគមន៍​វិញ ហើយ​បាន​ព្រមព្រៀង​វាស់វែង កំណត់​ព្រំប្រទល់​ដី​ជា​ផ្លូវការ​។ ការតស៊ូ​មតិ​ឈានដល់​កិច្ចសន្យា​នេះ កើតឡើង​តាំងពី​ឆ្នាំ ២០១៤ ម្ល៉េះ ជាមួយនឹង​ការដាក់​ពាក្យ​ប្តឹង​ពី​សហគមន៍ និង​ការតស៊ូ​មតិ​ពី​អង្គការ​ជាតិ​និង​អន្តរជាតិ​ខ្លះ​។​
 
​នៅពេល​សួរ​សំណួរ​អំពី​ដំណោះស្រាយ​ដីធ្លី​ទៅមុខ​របស់​ក្រុមហ៊ុន​ហ័ង​អា​ញ់​យ៉ា​ឡាយ​នៃ​ប្រទេស វៀតណាម ដែល​បាន​រង​ការចោទប្រកាន់ថា បាន​ដកថយ​ចេញពី​កិច្ចព្រមព្រៀង​ប្រគល់​ដី​ជូន​សហគមន៍​ជនជាតិដើម​ភាគតិច​នេះ មន្ត្រី​នាំពាក្យ​អង្គការ CAO ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ថ្លែងប្រាប់ VOA តាម​សារ​អេ​ឡិច​ត្រូ​និ​ច​អ៊ីម៉េល​អំពី​ប្រវត្តិ​នៃ​ការស្វែងរក​ដំណោះស្រាយ និង​ការចូលរួម​ដោះស្រាយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន តែ​បដិសេធ​ធ្វើ​អត្ថា​ធី​ប្បាយ​ទៅលើ​រឿង​បញ្ហា​ទំនាស់​ដីធ្លី​នេះ​។​
 
«​ដំណើរ​ការរក​ដំណោះស្រាយ​វិវាទ​នេះ​កំពុង​បន្ត ហើយ​បញ្ហា​លម្អិត​ជាក់លាក់ គឺជា​រឿង​សម្ងាត់​រវាង​ភាគី​ពាក់ព័ន្ធ​នានា​។ ក្នុងតួនាទី CAO ជា​ស្ថាប័ន​ឯករាជ្យ និង​អ​ព្យា​ក្រិត យើង​មិនអាច​ផ្តល់​អត្ថាធិប្បាយ​លើ​បញ្ហាសំខាន់ៗ​នៃ​កិច្ច​បន្ត​ចរចា​បានទេ ក្រៅពី​អ្វី​ដែលជា​របាយការណ៍​សាធារណ​:​ផ្សព្វផ្សាយ​លើ​គេហទំព័រ អង្គការ CAO»៕

© រក្សាសិទ្ធិដោយ thmeythmey.com